ម្សៅលាបខ្លួនកូនក្មេង ត្រូវបានគេប្រើប្រាស់សម្រាប់ជួយឱ្យស្បែកទារកមានសុខភាពល្អ និងការពារការរលាកផ្សេងៗយ៉ាងមានប្រសិទ្ធភាព។ នៅក្នុងនោះផងដែរ ដោយសារតែវាត្រូវបានប្រើសម្រាប់ស្បែកទារកដែលក្មេងខ្ចី ឬទើបនឹងកើត បានជានៅក្នុងម្សៅទារក មានផ្ទុកនូវសារធាតុល្អៗសំខាន់ៗជាច្រើនមុខ ថែមទាំងគ្មានជាតិគីមី ឬជាតិកាត់ដែលប៉ះពាល់ដល់សុខភាពឡើយ ជាពិសេសមានមនុស្សធំពេញវ័យដែលមានស្បែកប្រតិកម្ម ឬបញ្ហាមួយចំនួន ក៏បានយកម្សៅកូនក្មេង ឬម្សៅទារកនេះមកប្រើប្រាស់បានផងដែរ។

ក្រៅពីអាចយកលាបមុខ ឬលាបខ្លួនបានដោយគ្មានបញ្ហា ម្សៅកូនក្មេង ក៏អាចប្រើប្រាស់ជាប្រយោជន៍បានច្រើនយ៉ាង ដែលនឹកស្មានមិនដល់ ដូច្នេះមកតាមដានទាំងអស់គ្នា៖

ម្សៅលាបខ្លួនកូនក្មេង

១.សាប៊ូកក់សក់បន្ទាន់

អ្នកដែលមានការប្រញាប់ ឬមានកិច្ចការបន្ទាន់ដែលមិនអាចងូតទឹកកក់សក់ទាន់ពេលវេលា ការប្រើប្រាស់ផលិតផលសាប៊ូកក់សក់ស្ងួត(មិនត្រូវការទឹក)ជារឿងល្អ តែវាក៏អាចបង្កជាបញ្ហាមួយចំនួនបានផងដែរ។ ដូច្នេះជម្រើសល្អបំផុត អ្នកអាចប្រើប្រាស់ម្សៅកូនក្មេងជំនួសបាន ដោយគ្រាន់តែចាក់ម្សៅកូនក្មេងនៅលើដៃ យកទៅឈ្លី និងច្បូតឱ្យសព្វសសៃសក់នោះ សក់របស់អ្នកនឹងអស់បញ្ហាស្បែកប្រេង ធូលី កម្ចាត់ភាពកខ្វក់បានមួយពេលនៅក្នុងពេលបន្ទាន់ ថែមទាំងមិនបង្កបញ្ហាដល់ស្បែកក្បាលផងដែរ តែកុំភ្លេចត្រលប់មកវិញកក់សក់ម្តងទៀតឱ្យបានស្អាត។

សាប៊ូកក់សក់បន្ទាន់

២.កម្ចាត់ក្លិនស្បែកជើង និងការពារកកិតរបួសជើង

ប្រសិនជាអ្នកមានអារម្មណ៍ថាស្បែកជើងរបស់អ្នកប្រែជាមានក្លិនស្អុយ ផ្អូម ឬមានក្លិនខ្មេះៗនោះ គ្រាន់តែចាក់ម្សៅកូនក្មេងក្នុងបរិមាណសមល្មមទៅក្នុងស្បែកជើង រួចទុកចោលមួយយប់ ពេលព្រឹកឡើងចាក់ម្សៅដែលសល់ចេញនោះ អ្នកនឹងឃើញថាស្បែកជើងរបស់អ្នកប្រែជាមានក្លិនក្រអូប និងអស់ក្លិនអាក្រក់ជាមិនខាន។ អ្វីដែលសំខាន់ម្យ៉ាងទៀតនោះ គ្រាន់តែលាបម្សៅកូនក្មេងនៅត្រង់បាតជើង ឬកែងជើងអាចជួយកុំឱ្យជើងរបស់អ្នកកកិត ឬដាច់រលាត់នៅពេលពាក់ស្បែកជើងកែង និងស្បែកជើងផ្សេងៗដែលតឹងណែនបានផងដែរ។

កម្ចាត់ក្លិនស្បែកជើង និងការពារកកិតរបួសជើង

៣.កម្ចាត់ក្លិនអាក្រក់របស់សត្វចិញ្ចឹម

សម្រាប់អ្នកដែលចិញ្ចឹមសត្វ ឬស្រលាញ់សត្វដូចជាឆ្កែ និងឆ្មារ ប្រាកដជាប្រឹងងូតទឹក ដុះក្អែលឱ្យវាស្អាត និងមានក្លិនក្រអូបហើយមែនទេ? ជាការពិតណាស់ក្រៅពីងូតទឹកដុះសាប៊ូ ប្រសិនជាសត្វចិញ្ចឹមរបស់អ្នកមានក្លិនអាក្រក់ ឬក្លិនមិនល្អខុសពីធម្មតា អ្នកក៏អាចយកម្សៅកូនក្មេងលាបលើរោម និងស្បែករបស់វាបានផងដែរ បញ្ហាក្លិនមិនល្អប្រាកដជាបាត់អស់ជាមិនខាន។

កម្ចាត់ក្លិនអាក្រក់របស់សត្វចិញ្ចឹម

៤.ជួយឱ្យគេងលក់ត្រជាក់ស្រួលពេលរដូវក្តៅ

ជាការពិតណាស់ បញ្ហានៅក្នុងរដូចក្តៅគឺការបែកញើស គេងលក់មិនស្រួលខ្លួន និងអាការក្តៅស្អុះស្អាប់ជាមិនខាន ដែលអាចបំផ្លាញដំណេករបស់អ្នកនោះ ប៉ុន្តែម្សៅកូនក្មេងអាចជួយដោះស្រាយបញ្ហារបស់អ្នកបាន។ ដោយគ្រាន់តែពេលមុនចូលគេង អ្នករោយម្សៅកូនក្មេងនៅលើពូក ឬកម្រាលពូលដែលអ្នកគេងបន្តិច រួចចាំគេងពីលើនោះ វាប្រាកដជាធ្វើឱ្យអ្នកមានអារម្មណ៍ថាត្រជាក់ស្រួល និងគេងឆាប់លក់ផងដែរ។

ជួយឱ្យគេងលក់ត្រជាក់ស្រួលពេលរដូវក្តៅ

៥.កម្ចាត់ខ្សាច់ជាប់ខ្លួន

រាល់ពេលទៅលេងសមុទ្រ ឬដើរចំកន្លែងដែលមានខ្សាច់ច្រើននោះ ចៀសមិនផុតទេដែលធ្វើឱ្យខ្សាច់ជាប់ដៃជាប់ជើង ជាប់ខ្លួន ពិបាកលាងចេញ ដែលបញ្ហានេះភាគច្រើនកើតលើកុមារដែរចូលចិត្តលេងដីជាដើមតែម្តង។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកគ្រាន់តែយកម្សៅកូនក្មេងមកលាបពីលើតំបន់ដែលជាប់ខ្សាច់ទាំងនោះភ្លាម ដីខ្សាច់ប្រាកដជាជ្រុះមកអស់ជាមិនខាន។

កម្ចាត់ខ្សាច់ជាប់ខ្លួន

៦.ព្យាបាលការរលាកស្បែក

អ្នកបានដឹងរួចមកហើយថា ម្សៅកូនក្មេងអាចលាបលើខ្លួនទារក និងកូនក្មេងដើម្បីការពារស្បែកប្រតិកម្ម និងការពារការរលាកស្បែកផ្សេងៗបាន តែវាក៏អាចមានផលដល់ស្បែកមនុស្សធំផងដែរ។ ដូច្នេះរាល់ពេលអ្នកមានអាការរលាកស្បែក ក្រហម រមាស់ ឬកន្ទួលផ្សេងៗនោះ គ្រាន់តែយកម្សៅកូនក្មេងមកលាប បញ្ហាប្រាកដជាឆាប់បានធូរស្រាលជាងមុន។

ព្យាបាលការរលាកស្បែក

៧.កម្ចាត់ស្នាមញើស

រាល់ពេលពាក់អាវយឺត ឬអាវដែលរឹបខ្លួនខ្លាំងពេក ប្រាកដជាចៀសមិនផុតនោះទេ នៅក្នុងការជាប់ស្នាមប្រឡាក់ញើស ដែលពិបាកនឹងបោកទឹកចេញឱ្យបានស្អាត ។ តែកុំបារម្ភអី អ្នកគ្រាន់តែយកម្សៅកូនក្មេងមកលាប ឬត្រដុសនៅក្នុងបរិមាណសំលៀកបំពាក់ដែលជាប់ស្នាមញើសនេះប៉ុណ្ណោះ មួយសន្ទុះក្រោយមកអ្នកគ្រាន់តែបោកទឹកនិងសាប៊ូថែម ស្នាមផ្សេងៗនឹងបាត់អស់ជាមិនខាន។

កម្ចាត់ស្នាមញើស

៨.ការពារការឈឺចាប់ពេលបករោម

ប្រសិនជាមានអ្នកណាម្នាក់ប្រាប់អ្នកថាបករោមដៃ រោមជើង និងរោមក្លៀកមិនមានការឈឺចាប់ទាល់តែសោះ នេះគឺជារឿងកុហក ព្រោះវាតែងតែមានការឈឺចាប់គ្រាន់តែតិច និងច្រើនប៉ុណ្ណោះ។ ដូច្នេះដើម្បីបន្ថយការឈឺចាប់រាល់ពេលបករោមដៃរោមជើង និងរោមក្លៀករបស់អ្នកនោះ អ្នកគ្រាន់តែលាបម្សៅលើបរិវេណស្បែកដែលអ្នកចង់បកជាមុន រួចសឹមលាបជែល ឬលាបថ្នាំបករោមពីលើជាការស្រេច។

ការពារការឈឺចាប់ពេលបករោម

៩.អាចជំនួសម្សៅផាត់មុខ

ក្នុងករណីបន្ទាន់ដែលម្សៅហុយ ឬម្សៅផាត់របស់អ្នកអស់ អ្នកអាចយកម្សៅកូនក្មេងមកលាបជំនួសដោយគ្មានបញ្ហា ដោយគ្រាន់តែប្រើជក់ជ្រលក់ម្សៅលាបថ្នមៗពីលើដូចជាការផាត់មុនធម្មតាតែប៉ុណ្ណោះ អ្នកប្រាកដជាទទួលបានភាពស្រស់ស្អាតមិនខុសពីការផាត់មុខរាល់ដងនោះទេ។

អាចជំនួសម្សៅផាត់មុខ

១០.កម្ចាត់ក្លិនខ្លួនបន្ទាន់

ប្រសិនជាអ្នកមានការរវល់ច្រើន ភ្លេចលាបផលិតផលការពារក្លិនខ្លួន និងក្លិនក្លៀកនោះ ឬក៏មានអារម្មណ៍ថាប្រើផលិតផលលាបក្លៀកហើយនៅតែមានក្លិនមិនល្អចេញមកទៀតនោះ ជម្រើសដ៏ឆ្លាតវៃនោះ គឺម្សៅកូនក្មេងនេះតែម្តង។ គ្រាន់តែយកម្សៅកូនក្មេងមកលាបត្រង់ក្លៀក ប្រាកដជាអាចកម្ចាត់ក្លិនខ្លួនមិនល្អបានមួយរយៈធំយ៉ាងមានប្រសិទ្ធភាពជាមិនខាន។

កម្ចាត់ក្លិនខ្លួនបន្ទាន់

១១. គ្រឿងអលង្ការដែលរមួល ឬជំពាក់ចូលគ្នា

រាល់គ្រឿងអលង្ការដូចជាខ្សែកជាដើម ប្រសិនជាអ្នកទុកវាមិនស្រួល វាអាចជំពាក់ ឬរមូលចូលគ្នាពិបាកស្រាយចេញណាស់ ថែមទាំងខាតពេលវេលាក្នុងការដោះវាចេញពីគ្នាទៀត។ តែមិនជាបញ្ហា គ្រាន់តែអ្នកចាក់ម្សៅកូនក្មេងពីលើគ្រឿងអលង្ការនេះ វានឹងប្រែជាងាយស្រួលដោះចេញតែម្តង៕  

គ្រឿងអលង្ការដែលរមួល ឬជំពាក់ចូលគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]