ការងារណាក៏ដូចជាការងារណាដែរ គ្មានការងារណាស្រួលជាងការងារណាឡើយ វាអាស្រ័យទៅលើចំណូលចិត្តលើការងារ បូកផ្សំនឹងទេព្យកោសល្យ សមត្ថភាព និងការប្រឹងប្រែងព្យាយាមលើការងារនោះ។  អ្នកគួរតែដឹងរួចមកហើយថា ក្នុងនាមជាបុគ្គលិកក្នុងអង្គភាពណាមួយមិនថាតែការងារក្រុមហ៊ុន សហគ្រាស ឬការងារលក់ដូរអាជីវកម្មផ្សេងៗនោះទេ សុទ្ធតែមានថ្នាក់លើ អ្នកដឹកនាំ និងអ្នកគ្រប់គ្រងជាដើម ដែលអ្នកត្រូវតែធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ និងស្ថិតនៅក្នុងបង្គាប់របស់ពួកគេ។

ក្រៅពីប្រឹងប្រែងធ្វើការរបស់ខ្លួនឯងឱ្យល្អប្រកបដោយការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់ហើយ ក្នុងនាមជាបុគ្គលិកល្អម្នាក់ អ្នកត្រូវដឹងថាមានពាក្យសម្តី និងទង្វើមួយចំនួនដែលអ្នកមិនត្រូវនិយាយទៅកាន់ថ្នាក់លើរបស់អ្នកជាដាច់ខាត ប្រសិនជាមិនចង់ឱ្យការងារមានបញ្ហា ឬថ្នាក់លើស្អប់ ដល់ថ្នាក់អាចប្រឈមនឹងការបញ្ឈប់ពីការងារនោះទេ ដូចជា៖

បុគ្គលិកល្អគួរចៀសវាងពាក្យមួយចំនួនទៅកាន់ថ្នាក់លើ

១. កុំនិយាយថា «ខ្ញុំគ្មានពេល»

នៅពេលដែលថ្នាក់លើ ឬចៅហ្វាយរបស់អ្នកប្រើឱ្យអ្នកធ្វើអ្វីមួយ អ្នកមិនគួរបដិសេធ ឬប្រើពាក្យថារវល់គ្មានពេលវេលានោះទេ បើទោះបីជាអ្នកកំពុងតែរវល់ពិតមែនក៏ដោយ។ ជំនួសឱ្យការបដិសេធអ្នកអាចសាកសួរពីព័ត៌មានលម្អិតពីថ្នាក់លើរបស់អ្នកថា តើគាត់ត្រូវការពេលណា? តើគួរតែធ្វើកិច្ចការណាមុន? មានវិធីអ្វីឱ្យធ្វើឱ្យការងារកាន់កាន់តែឆាប់រហ័សជាងមុន? ឬតើថ្នាក់លើអាចជួយសម្រួលការងារខ្លះៗដែលកំពុងតែធ្វើ ដើម្បីធ្វើកិច្ចការឱ្យថ្នាក់លើបានឆាប់រហ័សជាងមុនឬក៏អត់?

កុំនិយាយថា « ខ្ញុំគ្មានពេល»

២. កុំនិយាយថា «មិនមែនជាកំហុសរបស់ខ្ញុំ»

កំហុសឆ្គងនៅក្នុងការងារតែងតែមានតិច ឬក៏ច្រើនចៀសមិនផុត អាស្រ័យទៅលើតើអ្នកចេះមានទំនួលខុសត្រូវ និងចេះដោះស្រាយបញ្ហាយ៉ាងណាតែប៉ុណ្ណោះ។ ដូច្នេះនៅពេលដែលអ្នកមានកំហុស អ្វីដែលមិនគួរលើកមកនិយាយគឺការដោះសារ ការប្រកែកយកខ្លួនឯងត្រូវ ការមិនទទួលស្គាល់កំហុសថាមិនមែនជាកំហុសខ្លួន ហើយវារឹតតែខុសប្រសិនជាអ្នកមានកំហុសហើយលើកដាក់ទៅបុគ្គលិកដទៃ ឬអ្នកផ្សេងទៀត។ ជំនួសឱ្យការលើកដាក់គ្នា និងគេចវេះពីកំហុស អ្នកត្រូវរៀនទទួលយកការពិត និងបកស្រាយពីកំហុសដែលអ្នកមានដល់ថ្នាក់លើរបស់អ្នក ថាហេតុអ្វីបានជាអ្នកបង្កើតកំហុសនេះឡើង បន្ទាប់មកអ្នកសិក្សាពីវា និងរៀនដោះស្រាយបញ្ហាទើបជាការប្រសើរ។

កុំនិយាយថា « មិនមែនជាកំហុសរបស់ខ្ញុំ»

៣. កុំនិយាយថា «ខ្ញុំកំពុងតែរកការងារថ្មី»

ក្នុងនាមជាថ្នាក់លើ អ្នកណាទៅចង់ឮពាក្យថាបុគ្គលិករបស់ខ្លួនកំពុងតែស្វែងរកការងារថ្មី ក្នុងពេលដែលកំពុងតែធ្វើនៅក្នុងអង្គភាពខ្លួនឯងក្នុងពេលបច្ចុប្បន្ននោះ? ជាការពិតណាស់ គ្មានការងារណាដែលល្អឥតខ្ចោះនោះទេ ហើយក៏មិនមែនបានន័យថាអ្នកនឹងធ្វើការងារបច្ចុប្បន្នជារៀងរហូតនោះដែរ។ ដូច្នេះបើទោះបីជាអ្នកមិនពេញចិត្តការងារសព្វថ្ងៃក៏ដោយ ក៏អ្នកមិនគួរនិយាយរឿងការងារថ្មីឱ្យថ្នាក់លើអ្នកឮដែរ ជាពិសេសដើម្បីសុជីវធម៌ និងវិជ្ជាជីវៈការងារ ប្រសិនជាអ្នកចង់លាលែងពីការងារ យ៉ាងហោចអ្នកគួរតែឱ្យដំណឹងថ្នាក់លើឱ្យបាន ២អាទិត្យ ទៅ១ខែមុនទើបជាការល្អ។

កុំនិយាយថា « ខ្ញុំកំពុងតែរកការងារថ្មី»

៤.កុំនិយាយថា « ខ្ញុំមិនចេះធ្វើទេ»

ធ្វើជាថ្នាក់ដឹកនាំ និងចៅហ្វាយនាយគេ ពិតជាចង់បានបុគ្គលិកក្រោមបង្គាប់ដែលពូកែ និងឆ្លាតវៀងវៃជាមិនខាន។ ដូច្នេះនៅពេលដែលថ្នាក់ដឹកនាំដាក់ការងារឱ្យអ្នកធ្វើ អ្នកគួរតែចៀសវាងបំផុតនូវការបដិសេធ ឬនិយាយថាខ្ញុំមិនចេះធ្វើ ជាដាច់ខាត។ ក្នុងករណីអ្នកពិតជាមិនយល់ ឬមិនចេះពីកិច្ចការនេះមែន ជំនួសឱ្យការតបតទៅថ្នាក់លើថាអ្នកមិនអាចធ្វើបាន អ្នកគួរតែសុំឱ្យថ្នាក់លើណែនាំ បង្រៀន បង្ហាញផ្លូវ ឬវិធីសាស្រ្តផ្សេងៗមិនថាតែការណែនាំមនុស្សឱ្យបង្រៀនអ្នក និងឯកសារផ្សេងៗនោះទេ។ ការធ្វើបែបនេះ ថ្នាក់លើរបស់អ្នកប្រាកដជាពេញចិត្ត ដែលអ្នកជាមនុស្សដែលខ្នះខ្នែង និងព្យាយាមក្នុងការងារជាមិនខាន។

កុំនិយាយថា « ខ្ញុំមិនចេះធ្វើទេ»

៥.កុំនិយាយថា « សុំឡើងប្រាក់ខែ ឬប្រាក់បន្ថែម»

ធ្វើជាថ្នាក់លើគេ អ្នកណាក៏មិនពេញចិត្តដែរ នៅពេលដែលបុគ្គលិកក្រោមបង្គាប់ចេះតែទាមទាររឿងប្រាក់ខែ ឬប្រាក់បន្ថែម (ប្រាក់លើកទឹកចិត្ត/OT/Bonus) ជាដើម នោះ ព្រោះតែធ្វើជាមេគេ គាត់ប្រាកដជាដឹងរួចមកហើយថាអ្វីដែលគួរធ្វើ អ្នកណាដែលពូកែធ្វើការ និងដឹងច្បាស់ថារាល់ការផ្តល់ប្រាក់ខែសុទ្ធសឹងតែសាកសមនឹងសមត្ថភាពជាដើម នោះបានន័យថាទុកឱ្យថ្នាក់លើរបស់អ្នកមើលឃើញពីសមត្ថភាពរបស់អ្នក និងឡើងប្រាក់ខែ ឬមានការផ្តល់ប្រាក់ទឹកចិត្តដល់អ្នកដោយខ្លួនឯងទើបល្អជាង និងមានតម្លៃជាង។ តែនោះមិនមានន័យថា អ្នកមិនអាចធ្វើការស្នើសុំឡើងប្រាក់ខែ ឬប្រាក់បន្ថែមនោះឡើយ ក្នុងករណីអ្នកឃើញថាអ្នកក៏បានប្រឹងប្រែងពីសមត្ថភាពច្រើនហើយ ហើយការងារក៏ច្រើនលើសលប់មិនសាកសមនឹងកម្លាំងពលកម្មរបស់អ្នកនោះ អ្នកក៏អាចធ្វើការចរចារឿងតម្លៃការងារជាមួយនឹងថ្នាក់លើរបស់អ្នកបានផងដែរ។

កុំនិយាយថា « សុំឡើងប្រាក់ខែ ឬប្រាក់បន្ថែម»

៦.កុំនិយាយថា « កន្លែងការងារចាស់មិនធ្វើបែបនេះទេ»

ការលើកយកការប្រៀបធៀបពីកន្លែងការងារចាស់ និងការងារបច្ចុប្បន្ន សុទ្ធតែជាពាក្យដែលថ្នាក់លើមិនចង់ឮនោះឡើយ ហើយបើនិយាយពីរឿងសុជីវធម៌វារឹតតែមិនគួរជារឿងដែលអ្នកនិយាយចេញមកទៅទៀត។ នៅពេលដែលអ្នកលើកឡើងពីការងារចាស់ធ្វើបែបនេះ ធ្វើបែបនោះ និងបន្តុះបង្អាប់ការងារសព្វថ្ងៃទៀតនោះ អាចធ្វើឱ្យថ្នាក់លើរបស់អ្នកមិនសប្បាយចិត្តថ្នាំងថ្នាក់ចិត្ត ហើយយល់ថាអ្នកជាមនុស្សដែលមិនចេះផ្លាស់ប្តូរ ឬបត់បែនតាមកាលៈទេសៈនៅក្នុងការងារជាមិនខាន ជាពិសេសបើក្នុងករណីធ្ងន់ធ្ងរអ្នកអាចប្រឈមមុខនឹងការបាត់បង់ការងារផងដែរ។

កុំនិយាយថា « កន្លែងការងារចាស់មិនធ្វើបែបនេះទេ»

៧.កុំនិយាយថា « សុំចេញមុនម៉ោង»

ការដែលអ្នកសុំការអនុញ្ញាតិពីថ្នាក់លើចេញមុនម៉ោងដោយសារតែអ្នកមានកិច្ចការបន្ទាន់ដែលត្រូវធ្វើខានមិនបានមិនមែនជាបញ្ហានោះឡើយ តែនៅពេលដែលអ្នកសុំចេញមុនម៉ោងដោយសារតែគ្មានអ្វីធ្វើ ឬអ្នកធ្វើការងារចប់សព្វគ្រប់មុនកំណត់ និយាយរួមគឺគ្មានអ្វីធ្វើនោះមិនមែនជារឿងដែលល្អឡើយ។ ក្នុងនាមជាម្ចាស់ក្រុមហ៊ុន ឬជាថ្នាក់លើពិតជាមិនចង់ឃើញបុគ្គលិកណាម្នាក់ទំនេរចោល គ្មានការងារធ្វើ និងខ្ជិលច្រអូសនោះទេ។ ដូច្នេះបើទោះបីជាអ្នកធ្វើការរួចមុនម៉ោងក៏ដោយអ្នកគួរតែនៅធ្វើការបន្ត ឬរកអ្វីផ្សេងៗធ្វើបង្កើនចំណេះដឹង និងដើម្បីអភិវឌ្ឍការងាររបស់អ្នកបន្ថែមល្អជាង។

កុំនិយាយថា « សុំចេញមុនម៉ោង»

៨.កុំនិយាយថា « ខ្ញុំធុញទ្រាន់»

ថ្នាក់លើ ឬចៅហ្វាយនាយជួលអ្នកធ្វើការ និងឱ្យប្រាក់ខែមិនមែនឱ្យអ្នកអង្គុយលេង ឬនិយាយថាធុញ និងអផ្សុកនោះឡើយ។ ក្នុងករណីអ្នកមិនសូវជាពេញចិត្តនឹងការងារ ឬមានអារម្មណ័៍ថាធុញនឹងអ្វីដែលកំពុងតែធ្វើ អ្នកមិនគួរនិយាយចេញមកនោះទេ អ្នកគួរតែណែនាំ ស្នើយោបល់ពីថ្នាក់លើ ដោយការផ្តល់គម្រោងការងារ និងគំនិតល្អៗនៅក្នុងការងារដើម្បីឱ្យក្រុមហ៊ុនកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

កុំនិយាយថា « ខ្ញុំធុញទ្រាន់»

៩.កុំនិយាយថា « ខ្ញុំស្រវឹង/ដាច់យប់/ជប់លៀង»

ក្នុងករណីអ្នកមកធ្វើការយឺតយ៉ាវ ឬធ្វើការងារមិនបានល្អនោះ ហេតុផលដែលអ្នកប្រាប់ទៅថ្នាក់លើហាមដាច់ខាតឱ្យសោះនូវពាក្យថា មកពីយប់មិញស្រវឹង យប់មិញដាច់យប់ ឬមានពិធីជប់លៀងជាដើម។ ការនិយាយបែបនេះធ្វើឱ្យថ្នាក់លើរបស់អ្នកមិនសប្បាយចិត្តនោះឡើយ ហើយអាចនឹងវាយតម្លៃថាអ្នកជាបុគ្គលិកមិនល្អ ធ្វើឱ្យការងារផ្ទាល់ខ្លួនខាងក្រៅប៉ះពាល់ដល់ម៉ោងការងារផងដែរ ក្រៅពីនោះអ្នកអាចប្រឈមមុខនឹងការកាត់ប្រាក់ខែ មិនអាចឡើងប្រាក់ខែ និងឈានរហូតដល់ការបញ្ឈប់ពីការងារក៏ថាបាន៕  

កុំនិយាយថា « ខ្ញុំស្រវឹង/ដាច់យប់/ជប់លៀង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]