ថ្ងៃសុំរៀបការ ជាថ្ងៃដ៏សំខាន់បំផុតមួយក្នុងជីវិតមនុស្សគ្រប់រូប។  សុភាពនារីតែងពេញចិត្តបុរសដែលធ្វើឱ្យរាល់ឱកាសទាំងអស់មានលក្ខណៈពិសេសសម្រាប់ខ្លួន។ បើការសុំរៀបការធ្វើឡើងក្នុងបរិយាកាសកាន់តែរ៉ូមែនទិក និងគួរឱ្យភ្ញាក់ផ្អើល នោះអនុស្សាវរីយ៍ដ៏អស្ចារ្យនឹងមានន័យធំធេង ហើយដក់ជាប់ក្នុងចិត្តយ៉ាងជ្រៅគ្មានថ្ងៃបំភ្លេចបានដែរ។ 

ដូច្នេះបើសុភាពបុរសទាល់តម្រិះ សូមសាកល្បងវិធីមួយក្នុងចំណោមវិធីទាំង៩ ដូចខាងក្រោម៖

១. អញ្ជើញគូស្នេហ៍ទៅញ៉ាំអាហារល្ងាចដ៏ពិសេស

អ្នកគួរជ្រើសរើសកន្លែងប្លែកពីគេមួយដែលមានភាពរ៉ូមែនទិក ក្រោមពន្លឺភ្លើងទានស្រាលៗ និងតន្រ្តីលេងកំដរ។ អ្នកអាចពឹងអ្នករត់តុឱ្យយកម្ហូបចុងក្រោយមួយចាន រៀបជារាងបេះដូងព័ទ្ធជុំវិញចិញ្ចៀនសុំរៀបការ ក្រោយពីញ៉ាំអាហាររួច។  

រូបតំណាង
រូបតំណាង

២. សុំរៀបការនៅថ្ងៃពិសេស

អ្នកគួរជ្រើសរើសថ្ងៃពិសេសណាមួយក្នុងជីវិតនាងដូចជា ថ្ងៃខួបកំណើត ថ្ងៃនៃក្តីស្រលាញ់ ថ្ងៃផ្តើមស្នេហ៍គ្រាដំបូង ឬថ្ងៃជួបគ្នាដំបូង។ល។ អ្នកអាចជូនផ្កាដែលនាងចូលចិត្តមួយបាច់ ដោយដាក់ចិញ្ចៀននៅកណ្តាល។ 

រូបតំណាង
រូបតំណាង

៣. សុំរៀបការក្នុងរោងកុន

ជាធម្មតា ក្រោយចប់ការបញ្ចាំងកុន រោងកុននឹងបើកភ្លើង ខណៈទស្សនិកជនភាគច្រើនមិនទាន់ចេញអស់។ ពេលនោះហើយដែលអ្នកគួរចាប់ផ្តើមប្រតិបត្តិការបេសកកម្មពិសេស ដែលត្រៀមទុកយូរហើយ។ ប៉ុន្តែគួរមើលកុនណាដែលសក្តិសមនឹងឱកាសនេះ ប្រយ័ត្នមើលចំរឿងខ្មោចមិនបានប៉ុន្មានផង នាងភ័យដល់ថ្នាក់សុំចេញពីរោងកុនមុន នោះគ្រប់យ៉ាងនឹងត្រូវចប់។ 

រូបតំណាង
រូបតំណាង

៤. ធ្វើផ្ទាំងសុំរៀបការ

អ្ននគួរព្យួរផ្ទាំងដែលសរសេរពាក្យសុំរៀបការ នៅតាមផ្លូវដែលនាងតែងដើរកាត់ ឬក្រៅផ្ទះរបស់នាង ឬនៅកន្លែងនាងធ្វើការ ឬលើរថយន្តរបស់អ្នកពេលមកជួបនាង។ បើចង់ឱ្យនាងរំភើបជាងនេះ អ្នកអាចពឹងមិត្តភក្តិប៉ុន្មាននាក់ទៅកន្លែងណាមួយ ឱ្យចាំជួយលើកផ្ទាំងនោះ។ ធ្វើបែបនេះ នាងច្បាស់ជាពេញចិត្ត តែកុំភ្លេចចិញ្ចៀន និងបាច់ផ្កាផង។  

រូបតំណាង
រូបតំណាង

៥. បង្កប់ចិញ្ចៀនសុំរៀបការក្នុងប្រអប់សូកូឡា

សុភាពនារីភាគច្រើនចូលចិត្តសូកូឡា ដូច្នេះអ្នកគួរកុម្ម៉ង់ឱ្យគេធ្វើសូកូឡាជារាងបេះដូង ឬរាងប្លែកពីគេដែលមានភាពទាក់ទាញ រួចទុកកន្លែងមួយសម្រាប់ចិញ្ចៀនភ្ជាប់វាសនាក្នុងនោះ។ 

រូបតំណាង
រូបតំណាង

៦. សុំរៀបការនៅកន្លែងជួបស្នេហ៍ដំបូង

សុភាពបុរសគួរណាត់នាងទៅកន្លែងដែលអ្នកទាំងពីរជួបគ្នាដំបូងបំផុត។ អ្នកអាចជូនចិញ្ចៀនភ្ជាប់ពាក្យ ជាអំណោយនៅថ្ងៃនៃក្តីស្រលាញ់។ ធ្វើបែបនេះ កន្លែងពិសេសនោះ នឹងដក់ជាប់ក្នុងចិត្តអនាគតស្វាមីភរិយា កាន់តែជ្រាលជ្រៅ។  

រូបតំណាង
រូបតំណាង

៧. ជួលជាងថតពេលសុំរៀបការ

អ្នកគួរណាត់នាងទៅកន្លែងអ្នកទាំងពីរចូលចិត្ត ដោយជួលជាងថតរូបអាជីព ឬពឹងមិត្តភក្តិដែលជំនាញ មកថតឱ្យពេលសុំរៀបការ ព្រោះអ្នកអាជីព ឬអ្នកជំនាញទើបថតបានប្លង់ស្អាតៗបំផុតសម្រាប់អ្នកទាំងពីរ។ អ្នកច្បាស់ជាមិនចង់ឱ្យរូបថតអនុស្សាវរីយ៍ក្នុងថ្ងៃដ៏មានអត្ថន័យនេះ មើលមិនចូលភ្នែកឡើយ។

រូបតំណាង
រូបតំណាង

៨. តុបតែងបន្ទប់ឱ្យមានភាពរ៉ូមែនទិក

បើអ្នកធ្វើដំណើរទៅកន្លែងណាមួយជាមួយនាង ក្នុងមូលហេតុធ្វើការ ឬដំណើរកម្សាន្ត អ្នកអាចធ្វើឱ្យនាងភ្ញាក់ផ្អើលបែបរ៉ូមែនទិក ដោយដាក់ចិញ្ចៀននៅកណ្តាលបន្ទប់ក្រាលពេញដោយផ្កា។ អ្នកត្រូវពឹងបុគ្គលិកសណ្ឋាគារឱ្យជួយរៀបចំមុនពេលអ្នកមកដល់ ដើម្បីឱ្យនាងភ្ញាក់ផ្អើលពេលចូលបន្ទប់ភ្លាម។  

រូបតំណាង
រូបតំណាង

៩. តុបតែងរថយន្តរបស់នាងជាមួយផ្កា

អ្នកអាចប្រាប់ថាឡានរបស់អ្នកខូច រួចខ្ចីឡានរបស់នាងមួយពេល។ ក្រោយមក យកឡាននាងទៅតុបតែងពីខាងក្នុងយ៉ាងរ៉ូមែនទិក ជាមួយនឹងផ្កាជាច្រើនដែលមានពាក្យសុំរៀបការ។ បន្ថែមពីលើផ្កាទាំងនោះ អ្នកអាចរៀបចំប៉ោងៗរាងបេះដូង ដើម្បីឱ្យបរិយាកាសកាន់តែទាក់ទាញផងដែរ។ 

រូបតំណាង
រូបតំណាង

ទោះយ៉ាងណា ៩ចំណុចខាងលើគ្រាន់តែជាវិធីបើកផ្លូវឱ្យសុភាពបុរសមួយចំនួន ដែលមិនសូវប្រសប់ ក្នុងការបង្កើតឱកាសសុំរៀបការពីមនុស្សសំខាន់បំផុតប៉ុណ្ណោះ។ ក្រោយស្វែងយល់ចំណុចទាំងនេះហើយ អ្នកទាំងនោះអាចមានគំនិតច្នៃប្រឌិតធ្វើអ្វីផ្សេង ដែលប្រហែលជាចំណាយតិចជាង តែអាចបង្កើតបរិយាកាសរ៉ូមែនទិកលើសនេះ ហើយសុំរៀបការបានសម្រេចទៀត៕

បើប្រិយមិត្តដឹងវិធីល្អៗផ្សេងទៀត សូមជួយចែករំលែកឱ្យគ្នាយើងផងណា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]