ឥណ្ឌូនេស៊ី៖ ស្រ្តីវ័យចំណាស់ជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានសត្វពស់ថ្លាន់ធំមួយក្បាល ប្រវែងជាង៨ម៉ែត្រ លេបចូលក្នុងពោះទាំងមូល ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលសប្តាហ៍មុននេះ ស្ថិតនៅក្នុងភូមិ Mabolu តំបន់ Lohia Regency ខេត្ត Muna ប្រទេសឥណ្ឌូនេស៊ី។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្រ្តីរងគ្រោះកូន២ ដែលបានស្លាប់បាត់បង់ជីវិតខាងលើនេះ មានឈ្មោះថា Wa Tiba អាយុ ៥៤ឆ្នាំ។ មុនថ្ងៃបាត់ខ្លួនទាំងមិនដឹងមូលហេតុ អ្នកស្រី Wa Tiba ត្រូវបានគេប្រទះឃើញមុខគាត់ចុងក្រោយ នៅឯសួនក្បែរផ្ទះរបស់គាត់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ មិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ។

ពស់ថ្លាន់ដែលលេបអ្នកស្រី Wa Tiba

រហូតនៅព្រឹកថ្ងៃបន្ទាប់ ធ្វើឲ្យកូនប្រុសទាំងពីររបស់គាត់ (កូននៅតូចៗ) មានការព្រួយបារម្ភជាខ្លាំង ដោយសារតែ ការបាត់ខ្លួនរបស់ម្តាយ នៅតែមិនទាន់បានទទួលដំណឹង ឬដានសញ្ញាណាមួយគួរឲ្យកត់សម្គាល់។

ប្រភពដដែលបន្តថា នៅព្រឹកថ្ងៃដដែលម៉ោងប្រហែលជា ៦ព្រឹកនោះ កូនប្រុសទាំងពីរបស់អ្នកស្រី Wa Tiba ក៏បានចាប់ផ្តើមព្យាយាមដើររកម្តាយរបស់ពួកគេ រួចក៏ស្រាប់តែប្រទះឃើញ ស្បែកជើង កាំបិត និងចន្លុះ (ឬពិល) របស់ម្តាយ នៅទីតាំងមួយកន្លែង ដែលមានចម្ងាយប្រហែលជា ៣០ម៉ែត្រពីគុម្ពស្មៅ។

អ្វីដែលរន្ធត់ចិត្តនោះ កូនប្រុសទាំងពីរខាងលើ ក៏បានប្រទះឃើញពស់ថ្លាន់ដ៏ធំមួយក្បាល ពោះធំកំប៉ោងដែលមានប្រហែល ២៧ហ្វីត (ឬប្រហែល ជាង៨សង់ទីម៉ែត្រ) នៅក្បែរនោះផងដែរ ដោយសង្ស័យថា ម្តាយរបស់ពួកគេអាចនឹងក្លាយជាចំណីរបស់ពស់ថ្លាន់នេះហើយ។

ភ្លាមៗក្រោយប្រទះឃើញបែបនេះ ក្មេងៗទាំងពីរ (កូនអ្នកស្រី Wa Tiba) ក៏បានរាយការណ៍ទៅប៉ូលិស រហូតនៅម៉ោងប្រហែលជា ៩ព្រឹកថ្ងៃដដែលនោះ អ្នកភូមិជាច្រើនរាប់រយនាក់ ក៏បានប្រមូលម្ដុំគ្នាមកមើល និងឈានដល់ការវះពោះពស់ថ្លាន់មួយក្បាលនោះតែម្តង។

អ្នកភូមិចាប់វះពោះពស់ថ្លាន់

បើយោងតាមសេចក្តីរាយការណ៍ក្នុងស្រុក ក្រោយធ្វើ់ការវះពោះពស់ថ្លាន់នោះ ទើបដឹងថាអ្នកស្រី Wa Tiba ពិតជាត្រូវបានពស់ថ្លាន់នេះលេបមែន ដែលក្បាលរបស់គាត់នៅផ្នែកចុងកន្ទុយរបស់ពស់ ខណៈឯជើងវិញនៅខាងមាត់ពស់ ធ្វើឲ្យអ្នកស្រុកជាច្រើនជឿជាក់ថា ពស់នេះរឹតខ្លួនអ្នកស្រី Wa Tiba និងលេបក្បាលរបស់គាត់ចូលទៅក្នុងពោះរបស់វាមុនហើយ។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប គេឃើញមានមនុស្សម្នាជាច្រើន បាននាំគ្នាទៅចោមរោមមើលហេតុការណ៍នេះ ទាំងអារម្មណ៍តក់ស្លុត ទ្រហឹងអឺងកង ខ្លះបានស្រែកយំពោរពេញដោយក្តីអាណិតសូរ នៅពេលដែលអ្នកស្រុកកំពុងតែវះពោះពស់ថ្លាន់ ដើម្បីយកសាកសពចេញ។

គួរឲ្យដឹងផងដែរថា អ្នកស្រុកភូមិជាច្រើនបានសម្ដែងការសោកស្តាយយ៉ាងក្រៀមក្រំ ចំពោះការស្លាប់របស់អ្នកស្រី Wa ទាំងអាណោចអាធ័ម ខណៈមកទល់ពេលនេះ សពក៏ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងបន្ត ធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

អ្នកភូមិចាប់វះពោះពស់ថ្លាន់
អ្នកភូមិចាប់វះពោះពស់ថ្លាន់
អ្នកភូមិចាប់វះពោះពស់ថ្លាន់
ស្រ្តីរងគ្រោះដែលបានស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]