អាមេរិក៖ ក្រុមហ៊ុន Goldman Sachs បានប្រើប្រាស់ប្រាជ្ញាសិប្បនិម្មិត (AI) របស់គេដើម្បីធ្វើការព្យាករលទ្ធផលនៃការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក ឬ World Cup សាជាថ្មីម្ដងទៀត បន្ទាប់ពីមានការព្យាករខុសម្ដងរួចមកហើយនៅក្នុងឆ្នាំ ២០១៤។  AI នេះបានព្យាករថាបារាំង ប្រេសុីល ព័រទុយហ្គាល់ និងអាល្លឺម៉ង់ នឹងជួបគ្នានៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ  ហើយប្រេសុីលនឹងបន្តទៅវាយទម្លាក់អាល្លឺម៉ង់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ក្រុមហ៊ុនហិរញ្ញវត្ថុមួយនេះ បានប្រើប្រព័ន្ធសិក្សារបស់ម៉ាសុីន ដោយបញ្ចូលទិន្នន័យពីក្រុមទាំងឡាយដែលចូលរួមការប្រកួត ទិន្នន័យអំពីកីឡាករនីមួយៗ និងសមត្ថភាពក្រុមនៅក្នុងការលេងថ្មីៗនេះ រួចប្រៀបធៀបទៅនឹងទិន្នន័យផ្សេងៗដែលគេប្រមូលបានតាំងពីឆ្នាំ ២០០៥ មក បន្ទាប់មកក្រុមហ៊ុន Goldman Sachs បានធ្វើការពិសោធន៍ដើម្បីមើលពីលទ្ធផលនៃការប្រកួត World Cup ២០១៨ នេះ ១លានដងទើបបានទទួលលទ្ធផលព្យាករណ៍ដូចនេះ។

ក្រុមជម្រើសជាតិប្រេសុីល

ទោះជាយ៉ាងណាក៏ដោយ AI របស់គេមិនអាចរាប់បញ្ចូលនៃហេតុការណ៍ទាំងឡាយនៅពេលខាងមុខ ដែលអាចនឹងកើតឡើងយកមកគណនាបាននោះទេ។ របាយការណ៍របស់ក្រុមហ៊ុននេះបានលើកឡើងថា «យើងបានពិនិត្យទៅលើភាពចៃដន្យនៃការប្រកួតនេះបានយ៉ាងល្អិតល្អន់ ហើយយើងក៏បានមើលទៅលើទិន្នន័យជាច្រើនផងដែរដើម្បីអាចពិនិត្យទៅបាន។ ទោះជាយ៉ាងណាក៏ដោយ ការព្យាករណ៍របស់យើងគឺនៅមិនទាន់ប្រាកដនោះទេ បើទោះបីជាយើងប្រើបច្ចេកវិទ្យាខ្លាំងជាងនេះក៏ដោយ យើងនឹងនៅតែមិនអាចមានភាពជាក់លាក់ដដែល។ នេះគឺដោយសារកីឡាបាល់ទាត់ គឺជាកីឡាមួយដែលពិបាកនឹងព្យាករទុកមុនណាស់ ហើយវាក៏ជាហេតុផលដែលនាំឲ្យកីឡានេះជាកីឡាមួយដ៏គួរឲ្យរំភើបក្នុងការទស្សនាដែរ»។

អាល្លឺម៉ង់ ២០១៤

EA Sports ដែលជាក្រុមហ៊ុនផលិតហ្គេម FIFA បានព្យាករត្រឹមត្រូវកាលពីឆ្នាំ ២០១៤ ថាអាល្លឺម៉ង់គឺជាអ្នកឈ្នះ ពេលនេះគេបានព្យាករថាបារាំងនឹងក្លាយជាអ្នកឈ្នះសម្រាប់ការប្រកួតឆ្នាំនេះ។ ក្រុមហ៊ុននេះក៏បានព្យាករត្រឹមត្រូវពីលទ្ធផលនៃការប្រកួតកីឡាបាល់ឱប ៩ដង នៅក្នុងចំណោមការព្យាករណ៍ ១៤ដងផងដែរ៕

FIFA 18

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]