ដើម្បីទទួលបានគុណភាពជីវិតមួយដែលល្អទាំងផ្លូវកាយនិងផ្លូវចិត្ត យើងចាំបាច់ត្រូវ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់  មានពេលលំហែកាយ ឬលេងកីឡា ជាដើម។មិនអាចខ្វះបានទេ  របបអាហារដែលមានសារជាតិគ្រប់គ្រាន់ដែលខ្លួនប្រាណយើងត្រូវការ។ ក្នុងនោះការរួមបញ្ចូលនៃភេសជ្ជៈធម្មជាតិក្នុងរបបអាហាររបស់យើងក៏ជាកត្តាមួយពុំគួរមើលរំលងផងដែរ។  ខាងក្រោមសុទ្ធសឹងតែជាភេសជ្ជៈបែបធម្មជាតិទាំង៧មុខ ដែលងាយរក ងាយផឹក និងផ្តល់អត្តប្រយោជន៍ទ្វេដង។

១. ទឹក

ទឹកជាជម្រើសទីមួយដែលពុំអាចខ្វះបាន ព្រោះខ្លួនប្រាណយើងត្រូវការទឹកដើម្បី រស់រានមានជីវិត។  ទឹកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលាយអាហារ  ជួយដល់ការស្រូបនូវវីតាមីនសេ និង បេ  ហើយជួយដល់ការច្រោះជាតិពុលក្នុងខ្លួន។ ជាពិសេស ឈាមក្នុងខ្លួនរបស់យើងបង្កឡើងដោយទឹកដល់ទៅ ៩២ភាគរយទៅហើយ។

រូបតំណាង

២. ភេសជ្ជៈបន្លែផ្លែឈើ

ការក្រឡុកបន្លែបៃតង និងផ្លែឈើជាទឹកផឹក ជាប្រភពដ៏សំខាន់នៃវីតាមីន សារជាតិរ៉ែសំខាន់ៗ ដែលខ្លួនប្រាណយើងពុំអាចសំយោគដោយខ្លួនឯង។  ការផឹកភេសជ្ជៈបែបនេះមួយថ្ងៃឲ្យបានមួយកែវ  ជួយកាត់បន្ថយការរលាក  សម្រួលដល់ដំណើរការនៃពោះវៀន  ជួយសម្អាតជាតិពុល  ថែមទាំងជួយបង្កើននូវមេតាបូលីសកោសិកា ឬការបំបែកស្ករជាថាមពលរបស់កោសិកាទៀតផង។

រូបតំណាង

៣. ទឹកដូង

ទឹកដូងសំបូរនូវសារជាតិអេឡិចត្រូលីតពីធម្មជាតិ ហើយវាជាសារជាតិដ៏សំខាន់សម្រាប់រាងកាយយើងនៅពេលខ្វះជាតិទឹកក្រោយពីការហាត់ប្រាណ  លេងកីឡា ឬការងារពលកម្ម។  ក្រៅពីនេះទឹកដូងសំបូរទៅដោយជាតិម៉ាញេស្យូមដែលផ្តល់លំនឹងក្នុងខ្លួនយើង។ 

រូបតំណាង

៤. ទឹកក្រូចឆ្មារ

ទឹកក្រូចឆ្នារ ជាប្រភពនៃវីតាមីនសេ ដែលចូលរួមចំណែកក្នុងការប្រឆាំងនឹងមេរោគ ធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។  វាក៏ជួយដល់ការរំលាយអាហារ និងសម្អាតជាតិពុលក្នុងសរីរាង្គថ្លើមទៀតផង។ 

រូបតំណាង

៥. ទឹកផ្លែទទឹម

ការសិក្សាស្រាវជ្រាវផ្នែកចំណីអាហារបានបង្ហាញថា ផ្លែទទឹមសំបូរទៅដោយសារធាតុប្រឆាំងនឹងការខូចខាតកោសិកា ដែលគេហៅអង់ទីអុកស៊ីដង់ ដែលការពារនឹងការរលាក  ជំងឺបេះដូង  ជាពិសេសប្រឆាំងនឹងការវិវឌ្ឍនៃជំងឺមហារីកសួត និងជំងឺមហារីកក្រពេញប្រូស្តាត។ 

រូបតំណាង

៦. តែបៃតង

តែបៃតងសុទ្ធ ពុំមានលាយជាតិផ្អែម ឬសារធាតុដទៃទៀតបន្ថែម ពិតជាជម្រើសមួយល្អដែលគប្បីរួមបញ្ចូលក្នុងរបបអាហារ។  នៅក្នុងតែបៃតងសុទ្ធល្អ គឺមានសារធាតុកាហ្វេអ៊ីនស្រាប់ ដែលជួយបង្កើនស្មារតី និងការផ្តោតអារម្មណ៍បានល្អ។  ជាពិសេស វាសំបូរទៅដោយសារធាតុប្រឆាំងនឹងការខូចខាតកោសិកា ដែលជួយការពារយើងពីកាំរស្មីព្រះអាទិត្យអ៊ុលត្រា លើកកម្ពស់សុខភាពមាត់ធ្មេញនិងអញ្ចាញ កាត់បន្ថយការរលាក និងបង្កើននូវមេតាបូលីសក្នុងរាងកាយទៀងផង។

រូបតំណាង

៧. ទឹកខ្ញី

ទឹកខ្ញីក្តៅអ៊ុនៗ គឺល្អបំផុតសំរាប់ប្រព័ន្ធរំលាយអាហារ។ ខ្ញី ជួយដោះស្រាយបញ្ហាសុខភាពជាច្រើនទៀតដូចជា បំបាត់នូវអារម្មណ៍ចង់ក្អួតចង្អោរ  ជាថ្នាំទិព្វធម្មជាតិលេខមួយប្រឆាំងជំងឺផ្តាសាយហៀរសំបោរ  ថែមទាំងប្រឆាំងនឹងការរលាកទៀតផងដែលអាចជួយដល់ការឈឺសន្លាក់ដៃជើ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]