អាហ្វ្រិក៖ ដើម baobab ដែលមានអាយុកាលចាស់ និងមានទំហំធំជាច្រើនបានចាប់ផ្ដើមងាប់ជាបន្តបន្ទាប់នៅក្នុងរយៈពេល ១ទសវត្សកន្លងមកនេះ។

ដើមឈើនីមួយៗមានអាយុចាប់ពី ១១០០ឆ្នាំ ទៅដល់ ២៥០០ឆ្នាំ ហើយមានដើមឈើខ្លះមានទំហំស្មើឡានក្រុងទៀតផង។ ក្រុមអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថា ហេតុផលនៃការដួលរលំក្នុងចំនួនយ៉ាងច្រើននៃដើមឈើបុរាណនេះ គឺបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

ដើម baobab

គេបានលើកឡើងថា «យើងបានរាយការណ៍ថាដើមឈើចំនួន៩ នៃដើមឈើចាស់ជាងគេទាំង១៣ បានងាប់រួចមកហើយ ក្នុងកំឡុងពេល ១២ឆ្នាំកន្លងមកនេះ»។ នៅក្នុងចំណោមដើមឈើដែលបានងាប់ទាំង ៩ គឺមាន៤ ដែលជាដើម baobab ធំជាងគេនៅអាហ្វ្រិក។

អ្នកវិទ្យាសាស្ត្របានលើកឡើងបន្តថា «យើងសង្ស័យថាការដួលរលំនៃដើមឈើ baobab ក្នុងចំនួនដ៏ច្រើនបែបនេះ គឺបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុនៅតំបន់អាហ្វ្រិកខាងត្បូង»។ ទោះជាយ៉ាងណាក៏ដោយ គេក៏បានលើកឡើងដែរថា គេត្រូវការធ្វើការស្រាវជ្រាវបន្តទៅទៀតមុននឹងអាចធ្វើការសន្និដ្ឋានបាន។ 

ដើម baobab

ក្នុងកំឡុងឆ្នាំ ២០០៥ និង២០១៧ អ្នកស្រាវជ្រាវបានកំណត់អាយុ និងកត់សម្គាល់ដើម baobab ដែលមានទំហំធំ និងអាយុច្រើន ៦០ដើម។ គេបានរកឃើញថា ដើមឈើដែលមានអាយុច្រើន និងទំហំធំភាគច្រើនបានដួលរលំអស់រួចទៅហើយ។ ហើយដើមឈើដែលបានងាប់ទាំងអស់គឺនៅក្នុងតំបន់អាហ្វ្រិកខាងត្បូង ដែលមានដូចជាប្រទេស ហ្សុីមបាវេ ណាមីប៊ី អាហ្វ្រិកខាងត្បូង បុតស្វាណា និងសំប៊ី។

ដើម baobab

ដើម baobab គឺជាដើមឈើមានផ្កាដែលមានអាយុចាស់ជាងគេ និងទំហំធំជាងគេនៅលើលោក។ បើយោងទៅតាមអ្នកស្រាវជ្រាវបានលើកឡើងថា ដើមឈើប្រភេទនេះអាចរស់បាន ៣០០០ឆ្នាំឯណោះ។ ហើយវាគឺជាដើមឈើមួយប្រភេទដែលពិបាកក្នុងការបំផ្លាញបំផុត ដោយសូម្បីតែត្រូវបានគេដុត ឬបកសម្បកក៏ដោយ ក៏វានៅតែអាចដុះឡើងមកវិញដដែល។ ហើយនៅពេលដែលវាងាប់ គឺវាចាប់ផ្ដើមរលួយពីខាងក្នុង រួចដួលរលំតែម្ដង៕

ដើម baobab

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]