ខ្មែរឡូត រៀបចំជាអត្ថបទខ្លីៗទាក់ទងនឹងប្រាសាទនានាក្នុងប្រទេសកម្ពុជា និង ស្រាវជ្រាវរករូបភាព និង វីដេអូ ដើម្បីបង្កើនចំណេះដឹងប្រិយមិត្តអ្នកអានអំពីប្រាសាទនៃប្រទេសកម្ពុជា។

ប្រាសាទមុនៗដែល ខ្មែរឡូតបានផ្សាយ៖ 

អង្គរវត្ត | បក្សីចាំក្រុង | បន្ទាយក្តី | បន្ទាយសំរែ | បន្ទាយស្រី បាពួន

ប្រាសាទប្រចាំថ្ងៃនេះ គឺ ប្រាសាទ បាយ័ន

ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ក្រុង​អង្គរ​ធំ

ក​សាង​នៅ​ចុង​គ្រិស្តសតវត្សរ៍​ទី ១២ និង​ដើម​គ្រិស្តសតវត្សរ៍​ទី ១៣​ ដោយ​​ព្រះ​បាទ​ជយវរ្ម័ន ទី ៧

មាន តួ​ប៉ម​នីមួយៗ មាន​មុខ​បួន ដែល​មាន​កំពូល ៤៩ និង​កំពូល​ក្លោង​ទ្វារ​ចូល ៥ ទៀត សរុប​ទាំង​អស់ ៥៤ កំពូល ដែល​តំណាង​ឲ្យ​ខេត្ត​ក្រុង​ខ្មែរ ទាំង ៥៤ នៅ​សម័យ​កាល​នោះ

មាន​អ្នក​ប្រាជ្ញ​មួយ​ចំនួន​ បាន​គិត​ថា មុខ​ទាំង ៤ នោះ​តំណាង​ឲ្យ​ព្រះ​ពោធិសត្វ​លោកេស្វរៈ អ្នក​ខ្លះ​ទៀត​ គិត​ថា ជា​រូប​តំណាង​ព្រះ​បាទ​ជយវរ្ម័ន ទី ៧

ប្រាសាទ​បាយ័ន​មាន​ប្លង់​បី​ជាន់។ ជាន់​ទី​ ១ និង​ទី ២ មាន​ថែវ​ដែល​មាន​ចុម្លាក់​ដ៏​ល្អ។ ប្រាង្គ​នៅ​កណ្តាល ១៦ និង​ស្ថិត​នៅ​ជាន់​ទី ៣ មាន​រាង​កាកបាទ។ សំណង់​ប្រាសាទ​បាយ័ន​មាន​លក្ខណៈ​ស្មុគ​ស្មាញ ទាំង​ថែវ ផ្លូវ​ដើរ និង​ជណ្តើរ។

ក្រៅ​ពី​ទឹក​មុខ​ញញឹម​នៃ​រូប​បាយ័ន ប្រាសាទ​នេះ​មាន​ចម្លាក់​ដ៏​ល្អ​ប្រណីត​ ដែល​រៀប​រាប់​ពី​រឿង​ទេវកថា​នៅ​ថែវ​ខាង​ក្នុង និង​ខាង​ក្រៅ​ រៀប​រាប់​ពី​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅ​សម័យ​អង្គរ មាន​ទាំង​ផ្សារ ការ​នេសាទ ពិធី​បុណ្យ ល្បែង​ប្រដាល់ ជល់​មាន់ ។ល។ និង​ថែម​ទាំង​មាន​ការ​រៀប​រាប់​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត ចម្បាំង និង​ព្យុហយាត្រា​ ជា​ដើម។ ចម្លាក់​នោះឆ្លាក់​បាន​ជ្រៅ​ជា​ងនៅ ប្រាសាទ​អង្គរ​វត្ត តែ​មាន​លក្ខណៈ​សាមញ្ញ។ ទិដ្ឋភាព​នៃ​ចម្លាក់ បង្ហាញ​ដោយ​ផ្ទាំង​តាម​ជួរ ពីរ​ឬ​បី​ជួរ

គេ​បាន​ប្រទះ​ឃើញ​ចម្លាក់​ព្រះ​ពុទ្ធ​អង្គ​ប្រក់​នាគ ស្ថិត​នៅ​ក្នុង​ឥរិយាបថសមាធិ នៅ​បាត​អណ្តូង ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ប្រាសាទ​បាយ័ន កាល​ពី​ឆ្នាំ ១៩៣២ ។ ចម្លាក់​ព្រះ​ពុទ្ធ​អង្គ​នេះ បង្អាញ​ឲ្យ​យើង​ដឹង​នូវ​ផ្នត់​គំនិត​នយោបាយ​នា​សម័យ​ព្រះ​បាទ​ជយវរ្ម័នទី ៧ កាល​ពី​ចុង​គ្រិស្តសតវត្សរ៍ទី១២ ដើម​គ្រិស្តសតវត្សរ៍​ទី ១៣ ។

បណ្ឌិត មីសែល ត្រាណេ អ្នក​ឯកទេស​ខាង​វប្បធម៌‌​ប្រវត្តិសាស្រ្ត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​បង្ហាញ​នូវ​ផ្នត់​គំនិត​នយោបាយ​របស់ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ នា​សតវត្សរ៍​នោះ ចម្លាក់​ថ្ម​បុរាណ​នេះ​នៅ​មាន​សារៈ​សំខាន់​មួយ​ទៀត គឺ​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ពី​លទ្ធិ​ទេវរាជ​មក​លទ្ធិ​ពុទ្ធរាជ​ក្នុង​រជ្ជកាល​របស់​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ។ ពី​ព្រោះ​ថា​ បល្ល័ង្ក ឬ​ព្រះ​អាទិទេព​ខាង​ព្រហ្មញ្ញសាសនា ត្រូវ​បាន​ជំនួស​ដោយ​ព្រះ​បដិមា​តំណាង​ឲ្យ​ព្រះ​សម្មាសម្ពុទ្ធ​អង្គ ឬ​ព្រះ​អវលោកេស្វរៈ​ទៅ​វិញ ដូច​ករណីច​ម្លាក់​ព្រះ​ពុទ្ធ​អង្គ​ខាង​លើ​នេះ ជាដើម ។ លោក​បណ្ឌិត​បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​សាសនា​ខាង​លើ​នេះ អាច​គូស​បញ្ជាក់​តាម​រយៈ​ព្រះ​ភក្រ្ត​របស់​ព្រះ​អង្គ ដែល​តំណាង​ឲ្យ​ព្រះ​រូប​របស់​ព្រះ​មហាវីរក្សត្រ គឺ​ព្រះ​បាទ​ជ័យវរ្ម័ន ទី ៧ តែ​ម្តង នេះ​ជា​ចំណុច​យ៉ាង​សំខាន់​បំផុត ។ តាម​ការ​ស្រាវ​ជ្រាវ​ខាង​បុរាណវិទ្យា និង ខាង​សិលាចារឹក លោក​សាស្រ្តាចារ្យ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​គេ​ឆ្លាក់​ព្រះ​រូប​ព្រះ​មហាក្ស​ក្រោម​រូបភាព​របស់​ព្រះ​ពុទ្ធ ឬ​គេ​ថ្វាយ​ព្រះ​នាម​ព្រះ​មហាក្សត្រ​ទៅ​ជា​ព្រះ​ពុទ្ធរូប គឺ​ជា​ប្រពៃណី​ទូទៅ​ក្នុង​សង្គម​ខែ្មរ​បុរាណ ។ លោក​ ត្រាណេ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កត្តា​ទាំង​នេះ​ហើយ​ដែល​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​ពុទ្ធអង្គ​នៃ​ប្រាសាទ​បាយ័ន ដែល​សព្វ​ថៃ្ង គេ​បាន​យក​ទៅ​ទុក​នៅ​ក្នុង​អគារ​កែ្បរ លាន​ព្រះ​គម្លង់ ពិត​ជា​តំណាង​ឲ្យ​ព្រះ​ពុទ្ធរាជ​ ជំនួស​ឲ្យ​ទេវរាជ​យ៉ាង​ប្រាកដ​មែន។ ចំពោះ​ចលនា​បន្លាស់​ប្រព័ន្ធ​គំនិត​ពី​ទេវរាជ មក​ពុទ្ធរាជ​ បាន​ទទួល​ការ​​គាំទ្រ​ពី​អ្នក​ប្រាជ្ញ​ធំៗ ដូច​ជា ហ្គ្រោស៍លីយ៉េរ៍ និង សេដែស ជា​ដើម ។ គួរ​រំឭក​ថា ព្រះ​ពុទ្ធ​ដ៏​ធំ​របស់​យើង ត្រូវ​បាន​គេ​ជួល​ជុល​ឡើង​វិញ ព្រោះ​ត្រូវ​បាន​គេ​កមេ្ទច​ជា​ច្រើន​ចំណែក ហើយ​ទម្លាក់​ចោល​ក្នុង​បាត​អណ្តូង ​ក្រោយ​ពី​ប្រតិកម្ម​សិវនិយម​ចំពោះ​លទ្ធិ​ព្រះ​ពុទ្ធសាសនា ក្រោយ​ពី ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​សោយ​ទិវង្គត​ទៅ​នោះ 

 

រៀបចំដោយ Khmerload

ប្រាសាទមុនៗដែល ខ្មែរឡូតបានផ្សាយ៖

អង្គរវត្ត | បក្សីចាំក្រុង | បន្ទាយក្តី | បន្ទាយសំរែ | បន្ទាយស្រី |  បាពួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]