ផែនដី៖ ដើមកំណើតមនុស្សដំបូង គឺមានអាយុកាលត្រឹម ២សែនឆ្នាំមុននេះទេ ក៏ប៉ុន្តែភពផែនដីបានចាប់កំណើតរាប់លានឆ្នាំមុនកំណើតនៃមនុស្សទៅទៀត។ ដោយការជីករុករកជម្រៅ ៣គីឡូម៉ែត្រទៅក្នុងទឹកកកនៅទ្វីបអង់តាក់ទិក អ្នកវិទ្យាសាស្ត្រអាចដឹងពីការប្រែប្រួលកម្រិតនៃឧស្ម័នកាបូនឌីអុកសុីត តាំងពី ៨សែនឆ្នាំមុនមកដល់បច្ចុប្បន្នបាន។

ងាកមកមើលពេលបច្ចុប្បន្ននេះវិញ ការកើនឡើងកម្រិតនៃឧស្ម័នកាបូនឌីអុកសុីត គឺមិនមែនជារឿងចៃដន្យនោះទេ វាបានកើតឡើងដោយសារស្នាដៃមនុស្សជាអ្នកធ្វើឡើង ដូចជាការបញ្ចេញឧស្ម័នកាបូនឌីអុកសុីតក្នុងចំនួនយ៉ាងច្រើន ទៅកាន់បរិយាកាសអស់រយៈពេល ២សតវត្សចុងក្រោយមកនេះ។ ហើយក្នុងកំឡុងពេលប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះទៀតសោត គេក៏បានបញ្ចេញឧស្ម័នកាន់តែខ្លាំង ដែលមិនធ្លាប់មានពីមុនមក។

រូបតំណាង

ការប្រែប្រួលនេះនាំឲ្យមានលទ្ធផលដ៏គួរឲ្យខ្លាចដែលមិនអាចចៀសបានជាច្រើន។ តាមការស្រាវជ្រាវបានបង្ហាញថា បើមិនមានការដោះស្រាយចំពោះបញ្ហានេះទេ វានឹងបណ្ដាលឲ្យមនុស្សរាប់មុឺននាក់ស្លាប់ក្នុងមួយឆ្នាំៗ ដោយសារមូលហេតុដូចជា ឧស្ម័ន នឹងធ្វើឲ្យមនុស្សចុះខ្សោយការចងចាំ   ធ្វើឱ្យកើនឡើងកម្រិតទឹកសមុទ្រ  និងធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុ ដែលនឹងនាំឲ្យមានព្យុះកាន់តែធំ ជាដើម -ល-។

បើតាមអ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុ លោកស្រី Katharine Hayhoe បាននិយាយថា  «ក្នុងនាមជាអ្នកវិទ្យាសាស្ត្រម្នាក់ អ្វីដែលធ្វើឲ្យខ្ញុំបារម្ភជាងគេនោះគឺ យើងកំពុងតែយកពិភពលោក ដែលជាផ្ទះតែមួយគត់របស់យើងធ្វើជាកន្លែងពិសោធន៍»។

រូបតំណាង

អស់រយៈពេល ៨សែនឆ្នាំមកហើយ កម្រិតឧស្ម័នកាបូនឌីអុកសុីតលើពិភពលោក ឡើងចុះៗត្រឹម ១៧០ ទៅ ២៨០ ppm ប៉ុណ្ណោះ។ ក៏ប៉ុន្តែចាប់ពីពេលដែលមនុស្សចេះប្រើឧស្ម័នដើម្បីប្រែជាថាមពលមក អ្វីៗបានផ្លាស់ប្ដូរយ៉ាងលឿន។

នៅក្នុងយុគសម័យឧស្សាហកម្ម ចំនួននេះបានឡើងមកដល់ ៣០០ ppm បន្ទាប់មកកម្រិតនៃឧស្ម័ននេះបានឡើងដល់ ៤០០ ppm គិតត្រឹមឆ្នាំ២០១៣។

កាលពីមិនទាន់មានមនុស្សកើតឡើងមក កម្រិតនៃឧស្ម័នកាបូនឌីអុកសុីត កើនឡើង ៣៥ ppm ដោយប្រើពេល ១ពាន់ឆ្នាំឯណោះ ក៏ប៉ុន្តែបច្ចុប្បន្នកម្រិតនេះឡើង ២ ppm ដោយប្រើពេលត្រឹម១ឆ្នាំទេ ហើយគេរំពឹងថានៅ ៤៥ឆ្នាំខាងមុខទៀត កម្រិតកាបូនឌីអុកសុីតសរុបនឹងកើនឡើងដល់ ៥០០ ppm បាន។

តាំងពីកំណើតមនុស្សដំបូងមក គ្មានមនុស្សណាធ្លាប់ស្រូបយកខ្យល់ដែលមានធាតុពុលខ្លាំងដូចជាមនុស្សសព្វថ្ងៃនេះទេ។

រូបតំណាង

ការកើនឡើងនៃកម្រិតឧស្ម័ននេះ ក៏ដើរទន្ទឹមគ្នាជាមូយនឹងការកើនឡើងនៃកម្ដៅផែនដីផងដែរ ដែលជាលទ្ធផលគេរំពឹងថាវានឹងបណ្ដាលឲ្យមានគ្រោះថ្នាក់ជាច្រើនដូចជា រលកកម្ដៅនឹងសម្លាប់មនុស្សរាប់មុឺននាក់ ខ្យល់ពុលនឹងនាំឲ្យមនុស្សជាច្រើនមានជំងឺមហារីកសួត ជំងឺហឺត និងជំងឺសរសៃឈាមបេះដូង។ ហើយវាក៏នឹងនាំឲ្យមានការប្រែប្រួលទៅកាន់ធម្មជាតិផងដែរ ដោយធាតុអាកាសកាន់តែអាក្រក់ទៅៗនឹងកើតមានឡើង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]