បរទេស៖ តើអ្នកដែលធ្លាប់គិតថាអ្នកដឹងច្រើនពីរឿងសុខភាពដែរទេ? មនុស្សជាច្រើនមានគំនិតខុសៗគ្នានៅពេលដែលគេនិយាយពីការញ៊ាំអាហារ  ការហាត់ប្រាណ ការគេង  និងការថែទាំសុខភាព ជាដើម។ ដូចនេះហើយបានជាគេ ទៅធ្វើការពិគ្រោះជាមួយអ្នកជំនាញខាងផ្នែកសុខភាព ដើម្បីបកស្រាយពីការយល់ខុសមួយចំនួនដែលអាចមានផលប៉ះពាល់ដល់សុខភាពរបស់យើងបាន។

ខាងក្រោមជាការយល់ខុសទាំង៥ចំណុច ដែលកំពុងបំផ្លាញសុខភាពរបស់អ្នក៖

រូបតំណាង

១៖ ការយល់ថា អ្នកអាចគេងសងបាន

ការគេងសងអាចស្ដាប់មើលទៅល្អម្យ៉ាងដែរ  ក៏ប៉ុន្តែវាមិនផ្ដល់លទ្ធផលដូចអ្វីដែលអ្នកបានគិតនោះទេ។

អ្នកជំនាញដែលបានសិក្សាច្រើនទៅលើការគេង គឺលោក Chris Brantner បាននិយាយថា  «ការគេងបានតិចនៅក្នុងថ្ងៃធ្វើការ រួចគេងយូរវិញនៅពេលចុងសប្ដាហ៍គឺមិនល្អសម្រាប់សុខភាពរបស់យើងនោះទេ»។

គាត់បានបន្តថា បើទោះជាការគេងបែបនេះមានអារម្មណ៍ល្អប្រសើរពិតមែន ក៏ប៉ុន្តែវានាំឲ្យម៉ោងដែលយើងគេងក្នុងថ្ងៃផ្សេងៗដើរខុសទៅវិញ។ គាត់បានណែនាំថា យើងគួរកំណត់ម៉ោងចូលគេង និងម៉ោងដែលត្រូវងើបពីគេងមួយឲ្យបានច្បាស់លាស់ រួចខំប្រឹងធ្វើឲ្យបាន ដូចការកំណត់នោះរាល់ថ្ងៃវិញទើបប្រសើរជាង។

រូបតំណាង

២៖ ការយល់ថា ការគេងពេលថ្ងៃនឹងរំខានដល់ការគេងពេលយប់បាន

វាមិនមានជារឿងប្លែកទេដែលមានគេនិយាយថាកុំគេងពេលថ្ងៃ ព្រោះវាអាចនាំឲ្យយើងគេងមិនលក់ពេលយប់បាន ក៏ប៉ុន្តែការពិតនោះគឺ ការគេងពេលថ្ងៃគឺល្អសម្រាប់សុខភាពរបស់យើង អ្វីដែលជាបញ្ហានោះគឺជារយៈពេលនៃការគេងរបស់យើង។

លោក Brantner បាននិយាយថា «គន្លឹះក្នុងការគេងថ្ងៃបានល្អនោះគឺ គេងត្រឹមរយៈពេលត្រឹម ២០នាទីដើម្បីយកកម្លាំង។  ការគេងខ្លីនេះជួយឲ្យអ្នកមានអារម្មណ៍ថាប្រសើរ និងស្រស់ស្រាយ ចំណែកឯការគេងយូរវិញជួយបំពេញថាមពលឲ្យអ្នកដូចជាការគេងយប់អីចឹង»។

ហើយបើគេងក្នុងរយៈពេលណាក៏ដោយ ដែលនៅក្នុងចន្លោះពេលទាំងនោះ អ្នកនឹងអាចភ្ញាក់ឡើងក្នុងពេលដែលអ្នកកំពុងតែគេងលក់ស្កប់ស្កល់ ដែលវានឹងនាំឲ្យអ្នកមានអារម្មណ៍ខ្សោយ និងអស់កម្លាំង។

រូបតំណាង

៣៖ ការគិតថា អ្នកត្រូវការភេសជ្ជប៉ូវកម្លាំងប្រសិនបើអ្នកធ្វើការច្រើន

មនុស្សជាច្រើនគិតថា គេត្រូវការភេសជ្ជៈប៉ូវកម្លាំងនៅពេលដែលគេធ្វើការច្រើន ហើយស្រេកទឹក ក៏ប៉ុន្តែការពិតនោះគឺ ភេសជ្ជៈប៉ូវកម្លាំងមានសារធាតុស្ករច្រើន ដែលវាមិនអាចជួយសម្រួលដល់ការស្រេកទឹករបស់យើងបាននោះទេ។

លោកវេជ្ជបណ្ឌិត Christopher Hollingsworth បាននិយាយថា ភេសជ្ជៈទាំងនោះគួរតែត្រូវបានគេទទួលទាន បើសិនជាគេអស់កម្លាំងបន្ទាប់ពីធ្វើការហាត់ប្រាណ អស់រយៈពេលយូរតែប៉ុណ្ណោះ។ បើសិនជាអ្នកគ្រាន់តែស្រេកទឹក បន្ទាប់ពីធ្វើការច្រើនទេនោះ អ្វីដែលអ្នកត្រូវការគឺត្រឹមតែទឹកធម្មតា ឬផ្លែឈើតែប៉ុណ្ណោះ។ 

អាហារសម្បូរកាបូអុីដ្រាត

៤៖ ការគិតថា អាហារដែលសម្បូរកាបូអុីដ្រាតនាំឲ្យអ្នកធាត់បាន

ខុសពីអ្វីដែលមនុស្សភាគច្រើនគិត រាងកាយរបស់យើងត្រូវការកាបូអុីដ្រាត។ លោក Paul Salter ដែលជាអ្នកជំនាញផ្នែកសម្រកទម្ងន់បាននិយាយថា កាបូអុីដ្រាតគឺជាប្រភពថាមពលសម្រាប់ ខួរក្បាល បេះដូង ប្រព័ន្ធប្រសាទ និងសាច់ដុំរបស់យើង។ ការមិនទទួលទានកាបូអុីដ្រាតគ្រប់គ្រាន់ អាចមានផលប៉ះពាល់ដល់ការផ្ដោតអារម្មណ៍ និងការបំពេញការងាររបស់យើងបាន។

គាត់បានបន្តថា ជំនួសឲ្យការភ័យខ្លាចកាបូអុីដ្រាត យើងគួរតែទទួលស្គាល់វា ហើយចាប់ផ្ដើមទទួលទានអាហារដែលមានជីវជាតិបំប៉នដែលសម្បូរជាតិសរសៃច្រើនវិញ។ 

រូបតំណាង

៥៖ ការគិតថា ការហាត់ប្រាណទាំងយើងគ្មានអ្វីក្នុងពោះ អាចជួយឲ្យយើងដុតបំផ្លាញជាតិខ្លាញ់បានច្រើន

មានមនុស្សជាច្រើនជឿថា បើយើងធ្វើការហាត់ប្រាណស្របពេលដែលយើងគ្មានអាហារ និងថាមពលក្នុងខ្លួន រាងកាយរបស់យើងនឹងប្រើជាតិខ្លាញ់ដែលបានស្តុកទុកជាយូរមកជំនួសវិញ។ ក៏ប៉ុន្តែអ្វីដែលគេគួរធ្វើនោះគឺ ទទួលទានទ្រាប់ពោះមុនពេលហាត់ប្រាណ។

លោក Paul Salter បាននិយាយាថា «វានឹងជួយថែរក្សាសាច់ដុំរបស់យើង ដែលវាសំខាន់ណាស់ក្នុងការជួយរាងកាយរបស់យើងដុតបំផ្លាញកាឡូរីបានច្រើនជាងធម្មតា ហើយការដុតបំផ្លាញកាឡូរីនេះ ក៏នឹងជួយយើងឲ្យសម្រកទម្ងន់ផងដែរ»។ លើសពីនេះទៅទៀត ការទទួលទានអាហារមុនពេលហាត់ប្រាណ ក៏អាចផ្ដល់ថាមពលឲ្យយើងច្រើនសម្រាប់ការហាត់ប្រាណផងដែរ ដែលវានឹងជួយផ្ដល់លទ្ធផលប្រសើរក្នុងពេលយូរអង្វែងមួយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]