ជាធម្មតា មនុស្សម្នាក់ៗ រមែងតែងតែមានគោលគំនិតខុសៗគ្នា ហើយមានពេលខ្លះ ដោយសារតែការខ្វែងគំនិតគ្នាទៅវិញទៅមក ក៏អាចបង្កើតបានជាទំនាស់ រវាងបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀត ដោយគ្មានថ្ងៃអាចបកក្រោយបានទៀតផង។

យ៉ាងណាមិញ ពាក់ព័ន្ធជាមួយរឿងរ៉ាវខាងលើនេះ ការរិះគន់គ្នាទៅវិញទៅមក ដោយមិនមានមូលហេតុច្បាស់លាស់ ក៏ជាផ្នែកមួយដែលនាំឲ្យមនុស្សគ្រប់ៗរូប ចាប់ផ្តើមមាន អារម្មណ៍មិនល្អរវាងគ្នា នឹងគ្នាផងដែរ ជាពិសេសចំពោះកិច្ចការងារផ្ទាល់ខ្លួនមួយចំនួន។

ដូច្នោះ ខាងក្រោមនេះ ជាគន្លឹះសំខាន់ៗ ១០ចំណុច ក្នុងការទប់ទល់ជាមួយការរិះគន់ ពីសំណាក់មនុស្សនៅជុំវិញខ្លួន ជាមួយរឿងរ៉ាវការងាររបស់អ្នក: 

១. រក្សាភាពស្ងប់ស្ងាត់

ធម្មតានៃជីវិត ធ្វើការងារគ្មាននរណាម្នាក់ អាចកើតមកធ្វើអ្វីបានល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្វីដែលអ្នកគួរតែធ្វើ នាពេលកំពុងតែទទួលបានការរិះគន់ ពីសំណាក់នរណាម្នាក់ មិនថា មិត្តរួមការងារ អ្នកគ្រប់គ្រង អ្នកគាំទ្រ ឬអ្នកបម្រើការនោះទេ គឺការរក្សាភាពស្ងប់ស្ងាត់ ជាមួយពាក្យសម្តី និងទង្វើទាំងអស់នោះរបស់ពួកគេ។

ព្រោះថា ថ្វីបើ នេះមិនមែនជាមធ្យោបាយល្អបំផុត ក្នុងការទប់ទល់ជាមួយនឹងហេតុការណ៍ទាំងអស់នោះ ប៉ុន្តែការធ្វើបែបនេះ ក៏បានធ្វើឲ្យអ្នកកាន់តែមានពេលវេលា សម្រាប់ធ្វើការវិភាគពីរឿងរ៉ាវល្អ ឬអាក្រក់នៃរាល់ពាក្យរិះគន់ទាំងអស់នោះ ពីសំណាក់ប្រភេទមនុស្សខុសៗគ្នា ផងដែរ។ 

រូបភាពតំណាង

២. មើលក្នុងផ្លូវវិជ្ជមាន

ជាការពិតណាស់ គ្រប់ការរិះគន់ទាំងអស់ មិនមែនមានសុទ្ធតែជាការគិតមិនល្អ នោះទេ ប៉ុន្តែពេលខ្លះ ការរិះគន់ ក៏អាចក្លាយមកជាការគិតក្នុងការអភិវឌ្ឍមួយផ្នែក នាពេលធ្វើការងាររបស់អ្នក ផងដែរ។

ហេតុដូច្នោះ អំឡុងពេលត្រូវបាននរណាម្នាក់ ធ្វើការរិះគន់មកកាន់អ្នក គប្បីរក្សាលំនឹងក្នុងការគិតរបស់អ្នក នៅលើផ្លូវវិជ្ជមាននៃពាក្យសម្តីទាំងអស់នោះជានិច្ចវិញ។ ព្រោះថា ដើម្បីឲ្យពាក្យរិះគន់ទាំងអស់នោះ ក្លាយមកជាគុណប្រយោជន៍សម្រាប់ជីវិតរបស់អ្នក មិនមែនជាគុណវិបត្តិដែលនាំឲ្យអ្នកឈឺក្បាល រាល់ថ្ងៃនោះទេ។ 

រូបភាពតំណាង

៣. ពិចារណាឲ្យសុីជម្រៅ

រាល់ពាក្យសម្តី ព្រមទាំងទង្វើនៃការរិះគន់ទាំងអស់ រមែងតែងតែដើរតួជា ពីរប្រភេទខុសៗគ្នា ដូចជា ពាក្យរិះគន់ក្នុងន័យស្ថាបនា និងពាក្យវិះគន់ក្នុងន័យជាន់ពន្លិច ជាដើម។ ដោយហេតុនេះ អំឡុងពេលទទួលបានពាក្យរិះគន់ពីនរណាគេម្នាក់ អ្នកគួរគប្បីសិក្សាឈ្វេងយល់ឲ្យបានសុីជម្រៅ ពីចំណងចិត្តដែលពួកគេបានធ្វើការបញ្ចេញចេញមកក្រៅ តាមរយៈពាក្យសម្តី និងកាយវិការរបស់ពួកគេមកកាន់អ្នក។ ថាតើវាស្ថិតក្នុងន័យស្ថាបនា ឬន័យជាន់ពន្លិចទៅវិញ?

តែយ៉ាងណាមិញ ការពិចារណាបែបសុីជម្រៅនេះ ក៏បានជួយអ្នកឲ្យមានការគិតបែបទូលំទូលាយ ហើយមិនមានចំណងពាក់ព័ន្ធជាមួយបញ្ហាច្រើន មិនថា នាពេលបច្ចុប្បន្ន ឬនាពេលអនាគត នោះទេ។ 

រូបភាពតំណាង

៤. ផ្អាកបន្តិចសិន មុនពេលធ្វើការឆ្លើយតប

ធម្មតានៃពាក្យរិះគន់ មិនមែនស្តាប់ទៅ សុទ្ធតែចូលត្រចៀករបស់អ្នកទាំងអស់ នោះទេ។ ហេតុនេះហើយ រាល់ពេល មុនធ្វើការឆ្លើយតបជាមួយពាក្យរិះគន់ទាំងអស់នោះវិញ អ្នកគួរទុកពេលវេលាសម្រាប់ខ្លួនឯង ក្នុងការគិតពិចារណា ហើយកុំព្យាយាមយកកំហឹងទៅទល់ជាមួយពាក្យសម្តីដែលគ្មានមូលហេតុវិញ ព្រោះថា នេះមិនមែនជាមធ្យោបាយល្អ សម្រាប់អ្នក ក្នុងការធ្វើការដោះស្រាយ នោះទេ។

គ្រប់ពេលនៃការទទួលបានការរិះគន់ មិនថាផ្ទាល់ ឬដោយប្រយោជន៍នោះទេ ហេតុនេះអ្នកត្រូវតែធ្វើការត្រៀមចិត្តសម្រាប់ទទួលយកវា ហើយព្យាយាមថែរក្សាពេលវេលាក្នុងការឆ្លើយតបឲ្យមានភាពសមរម្យ តាមដែលអាចធ្វើទៅបាន។ 

ជាពិសេសទៅទៀត អំឡុងពេល មុនធ្វើការឆ្លើយតប អ្នកក៏អាចធ្វើការបន្ធូរអារម្មណ៍តានតឹងរបស់អ្នក តាមរយៈការដកដង្ហើម ផឹកទឹក ឬការដើរជាដើម ដើម្បីធ្វើការសម្របសម្រួលដល់ការឆ្លើយតបរបស់អ្នក ឲ្យប្រព្រឹត្តិទៅកាន់តែល្អប្រសើរ។

រូបភាពតំណាង

៥. រៀនបង្កើតជាសំណួរសួរ

ឆ្លៀតក្នុងពេលដែលអ្នកកំពុងតែទទួលបានការរិះគន់ពីសំណាក់នរណាម្នាក់ ចូលអ្នករៀនបង្កើតសំណួរសួរទៅកាន់ខ្លួនឯង និងអ្នករិះគន់របស់អ្នក ពីរឿងរ៉ាវទាំងអស់នេះ ដែលបានកើតមានឡើងថា វាពិតជាកំហុសរបស់អ្នក ឬក៏ជាការយល់ច្រឡំឲ្យពិតប្រាកដទៅ។

ជាមួយគ្នានេះដែរ ការបង្កើតជាសំណួរ ក៏បានជួយសម្រួលដល់ការឈឺចាប់របស់អ្នក នាពេលទទួលបានពាក្យរិះគន់មិនល្អទាំងនោះ នាពេលភ្លាមៗផងដែរ។ វាក៏កាន់តែធ្វើឲ្យអ្នកស្រាយបំភ្លឺកាន់តែច្បាស់ថែមទៀតថា រឿងរ៉ាវទាំងអស់នេះ ពិតជាបានជាប់ពាក់ព័ន្ធជាមួយអ្នកទាំងស្រុង ឬមួយក៏យ៉ាងណាដែរ។ 

៦. ស្តាប់ដោយមានការប្រុងប្រយ័ត្ន

នាពេលកំពុងតែទទួលបានការរិះគន់ អ្នកក៏គួរតែត្រៀមលក្ខណៈរបស់ខ្លួនឯង ក្នុងការទទួលស្តាប់ ដោយមានការយកចិត្តទុកដាក់ពីសំណាក់មជ្ឈដ្ឋានដែលស្ថិតនៅជុំវិញខ្លួនរបស់អ្នក ជានិច្ច។

ព្រោះថា ការស្តាប់ដោយមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់របស់អ្នក ក៏បានជួយអ្នកឲ្យមានការចេះថ្លឹងថ្លែង ព្រមទាំងវិភាគពីអ្វីមួយល្អ អ្វីមួយអាក្រក់នៃរាល់ពាក្យរិះគន់ទាំងអស់នោះបាន ផងដែរ។  

រូបភាពតំណាង

៧. កុំព្យាយាមដាក់សម្ពាធលើខ្លួនឯង

បើទោះបីជា រាល់ពាក្យរិះគន់ទាំងអស់ ដែលអ្នកបានទទួលបាន វាពិតជាមិនបានធ្វើឲ្យអ្នកសប្បាយចិត្ត ឬរំភើបចិត្តអ្វីនោះទេ ប៉ុន្តែអ្នកក៏មិនត្រូវព្យាយាមទម្លាក់កំហុសមកកាន់ខ្លួនឯងទាំងស្រុង នោះដែរ។ ព្រោះថា គ្រប់យ៉ាង អាចមិនមែនបណ្តាលមកតែពីរូបអ្នកតែម្នាក់ឯងនោះទេ ប៉ុន្តែវាក៏អាចមានការរួមផ្សំជាមួយមជ្ឈដ្ឋានផ្សេងៗ ថែមទៀត ផងដែរ។

ហេតុដូច្នោះ គ្រប់ពេលដែលកំពុងតែទទួលបានការរិះគន់ អ្នកក៏គួរតែចេះមានវិធីសាស្រ្តក្នុងការជួយសម្រួលទៅដល់អារម្មណ៍ផ្លូវចិត្តខាងក្នុងរបស់អ្នក ក្នុងការទទួលគិតអំពីរឿងរ៉ាវនោះ ដោយមានស្មារតីខ្ពស់។ 

រូបភាពតំណាង

៨. ត្រូវហ៊ានជំនះ ជាមួយនឹងរឿងរ៉ាវរិះគន់ទាំងនោះ

ថ្វីបើ ពេលខ្លះ រាល់ការរិះគន់ទាំងអស់ ពិតជាបានជះឥទ្ធិពលយ៉ាងខ្លាំង មកកាន់ទំនាក់ទំនងផ្លូវចិត្ត ហើយនិងផ្លូវកាយរបស់អ្នក ប៉ុន្តែអ្នកក៏មិនត្រូវមានចិត្តទន់ ហើយមិនព្រមព្យាយាមជំនះ ជាមួយរឿងរ៉ាវមិនពិតទាំងអស់នោះ ផងដែរ។

ហេតុដូច្នោះ អ្នកត្រូវតែចំណាយពេលវេលារបស់អ្នក ក្នុងការស្វែងរកទិចនិកដោះស្រាយបញ្ហានៃការរិះគន់ទាំងនោះ ជាបន្ទាន់។ ព្រោះថា ការជំនះក្នុងការស្វែងរកដោះស្រាយរបស់អ្នក ក៏អាចជាផ្នែកមួយ ក្នុងការជួយទៅដល់ការអភិវឌ្ឍរបស់អ្នកគ្រប់ពេលវេលា ផងដែរ។  

រូបភាពតំណាង

៩. ស្និទ្ធស្នាល

ក្នុងន័យនេះ អ្នកក៏ត្រូវតែចេះបង្កើតភាពសិ្នទ្ធស្នាលជាមួយពាក្យរិះគន់ ពោលគឺអ្នកត្រូវចេះកំណត់យកការបែងចែកពាក្យរិះគន់ទៅតាមប្រភេទនីមួយៗរបស់វា។ ព្រោះថា រាល់ពាក្យរិះគន់ទំាងអស់ ក៏មានល្អ និងមានអាក្រក់ផងដែរ ហេតុដូច្នោះហើយ អ្នកត្រូវចេះស្វែងរកចំណុចល្អនៃពាក្យរិះគន់ ដើម្បីយកមកធ្វើជាទន់ជីវិត ក្នុងពេលអនាគតបន្តទៅទៀត។

ដូច្នោះ ពាក្យរិះគន់ទាំងអស់នោះ ក៏និងចាប់ផ្តើមខិតជិតអ្នកបន្តិចម្តងៗ រហូតដល់ពេលដែលអ្នកចាប់ផ្តើមមានភាពសាំុជាមួយវាបាន ហើយអាចប្រើពាក្យរិះគន់ទៅជាគុណប្រយោជន៍បាន។ 

១០. អរគុណ

ក្រោយពេលដែលអ្នកទទួលបានពាក្យរិះគន់ពីសំណាក់អ្នកនៅវិញខ្លួន រួចហើយ អ្នកក៏គួរគប្បីចេះធ្វើការឆ្លើយតបជាមួយពួកគេ តាមសម្រួល ដោយប្រើប្រាស់ពាក្យថា «អរគុណ» នាពេលចុងក្រោយ។

ព្រោះថា មានមូលហេតុខ្លះ យើងអ្នកប្រព្រឹត្តិពិតជាមិនអាចទទួលដឹងបានថា មួយណាត្រឹមត្រូវ ឬមួយណាមិនត្រឹមត្រូវនោះទេ ប៉ុន្តែសម្រាប់មនុស្សដែលនៅជុំវិញខ្លួនរបស់អ្នក ពួកគេបែរជាអាចចំណាយពេលវេលា មកធ្វើការរិះគន់ពីទង្វើរបស់អ្នក បានយ៉ាងល្អប្រសើរ។ ហេតុនេះ អ្នកក៏គួរតែចាំបាច់ត្រូវមានការទទួលស្គាល់នូវរាល់កំហុសរបស់ខ្លួន ព្រមទាំងពាក្យរិះគន់របស់ពួកគេ ដើម្បីជាស្ពានឈានទៅរកការអភិវឌ្ឍ ជាបន្តបន្ទាប់។ 

ជាចុងក្រោយ ឆ្លងតាមការបកស្រាយខាងលើនេះ អាថ៌កំបាំងទាំង ១០ចំណុចពិសេសៗនេះ និងអាចជួយអ្នកឲ្យមានភាពធូរស្រាល នៅពេលដែលអ្នកទទួលបានពាក្យរិះគន់ពីសំណាក់មនុស្សជុំវិញខ្លួន ជាមួយរឿងរ៉ាវការងាររបស់អ្នកបាន យ៉ាងល្អប្រសើរ៕

ប្រភព: medium.com //minoritynurse.com //ckscience.co.uk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]