ការអនាម័យខ្លួនប្រាណមិនមែនគ្រាន់តែអាចរក្សារូបរាងឲ្យបានស្អាតនោះទេ ប៉ុន្តែវាគឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ និងបាក់តេរី។

ជាពិសេសទម្លាប់ឲ្យកូនជាទីស្រលាញ់របស់អ្នកមានអនាម័យផ្ទាល់ខ្លួនល្អ គឺនឹងជួយឲ្យពួកគេមានសុខភាពល្អ និងទប់ស្កាត់ពីជំងឺឆ្លងផ្សេងៗផងដែរ។

ជាការពិតកុមារពុំទាន់មានចំណេះដឹងគ្រប់គ្រាន់ ដើម្បីយល់អំពីការធ្វើអនាម័យអ្វីទាំងអស់។ ដូច្នេះវាជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូបក្នុងការបង្រៀនកូនៗ អំពីសារៈសំខាន់នៃអនាម័យ និង ទម្លាប់អនាម័យល្អដូចខាងក្រោម៖

១/ អនាម័យមាត់ធ្មេញ

ការអនុវត្តអនាម័យមាត់ធ្មេញល្អគួរតែជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់កុមារ។ តាមការពិតឪពុកម្ដាយគួរថែរក្សាអនាម័យមាត់ធ្មេញ ឱ្យបានត្រឹមត្រូវចាប់ពីពេលដែលកូនដុះធ្មេញដំបូង។

តាមរយៈការសម្អាតធ្មេញ និងអញ្ចាញធ្មេញរបស់កុមារ អាចជួយបង្ការបញ្ហាសុខភាពជាច្រើនរួមទាំងដង្ហើមមិនល្អ  ធ្មេញប្រហោង និងជំងឺបេះដូងនៅពេលខាងមុខផងដែរ។  ដូច្នេះអ្នកគួរឲ្យពួកគេដុសធ្មេញក្រោយពេលទទួលទានអាហារ យ៉ាងហោចណាស់ រយៈពេល ២នាទី ហើយដុសពីរដងក្នុងមួយថ្ងៃ។ 

រូបភាពតំណាង

២/ អនាម័យក្រចក

ក្រចកត្រូវការការយកចិត្តទុកដាក់ និង ការថែរក្សាឱ្យបានល្អបំផុត ដូច្នេះវាជារឿងដ៏សំខាន់ក្នុងការបង្រៀនកូនរបស់អ្នកអំពីរបៀបថែទាំបើទោះបីជាពួកគេនៅក្មេងក៏ដោយ។

ការបង្កើតទម្លាប់នៃការថែរក្សាក្រចកគឺជាកត្តាចំបង ព្រោះក្រចកគឺជាកន្លែងចិញ្ចឹមបាក់តេរី ដែលអាចឆ្លងបានយ៉ាងងាយដល់ភ្នែក ច្រមុះ និង មាត់ ហើយអាចធ្វើឱ្យពួកគេងាយមានជំងឺទៀតផង។ 

រូបភាពតំណាង

៣/ ការងូតទឹក

កូនៗរបស់អ្នកជួនកាលមិនចូលចិត្តងូតទឹក ឬខ្លះទៀតចូលចិត្តងូតទឹកច្រើនដងតែបើទោះបីជាយ៉ាងណា ការងូតទឹកគឺជាទម្លាប់អនាម័យផ្ទាល់ខ្លួនមួយ ដែលអ្នកគួរតែបង្រៀនដល់ពួកគេ។

ជាមួយគ្នានេះផងដែរ ការងូតទឹកនេះ បានជួយដល់ស្បែក ដែលជាសរីរាង្គដើរតួនាទីសំខាន់មួយក្នុងការការពាររាងកាយពីធាតុខាងក្រៅដូចជា សារធាតុកង្វក់ ធូលី និង បាក់តេរីជាច្រើនរាប់មិនអស់។

៤/ អនាម័យដៃ

នៅពេលនិយាយពីអនាម័យដៃ ការលាងដៃគឺជាផ្នែកមួយដ៏សំខាន់ដែលមាតាបិតាគួរបង្រៀនកូនៗអំពីរបៀបលាងសម្អាតដៃ តាំងពីពួកគេនៅក្មេង។ ការលាងដៃគឺជាសកម្មភាពសាមញ្ញដែលចំណាយពេលត្រឹមតែពីរបីវិនាទីប៉ុណ្ណោះ ប៉ុន្តែទម្លាប់នេះអាចរក្សាការពារពីការឆ្លងមេរោគ និងការឆ្លងបញ្ហាផ្សេងទៀតបាន។ ដូច្នេះការលាងដៃ ញឹកញាប់ អាចកាត់បន្ថយជំងឺដល់កុមារដូចជាជំងឺរាគជាដើម។

រូបភាពតំណាង

៥/ អនាម័យជើង

អនាម័យនៅលើជើង ដូចគ្នាទៅនឹងអនាម័យលើដៃ និង អនាម័យស្បែកផងដែរ ដែលអ្នកគួរតែបង្រៀនពួកគេ ព្រោះការសម្អាតជើងឱ្យបានត្រឹមត្រូវនឹងកាត់បន្ថយបញ្ហាមានក្លិនស្អុយនៅជើង និង ការបង្ករោគលើជើងផ្សេងៗទៀត។

ហេតុនេះអ្នកត្រូវលាងជើងរបស់អ្នកឱ្យបានយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃហើយត្រូវប្រាកដថាវាស្ងួតនៅចន្លោះចុងម្រាមជើងនីមួយៗ ព្រោះទឹកដែលប្រមូលផ្តុំគ្នារវាងម្រាមជើង អាចជាហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀតដែលបង្កឲ្យមានរោគផ្សិត។  

រូបភាពតំណាង

៦/ អនាម័យមុន និង ក្រោយពេលចេញពីបន្ទប់ទឹក

វាជាការចាំបាច់ ដែលអ្នកត្រូវបង្រៀនកូនៗរបស់អ្នកឱ្យលាងសម្អាតឲ្យបានត្រឹមត្រូវ និង ហ្មត់ចត់ពីផ្នែកខាងមុខ ទៅក្រោយ(គូទ) បន្ទាប់ពីបន្ទោរបង់រួច មិនថារបៀបប្រើប្រាស់ក្រដាសអនាម័យក៏ដោយ។

៧/ ការអនាម័យនៅពេលក្អក ឬកណ្តាស

នៅពេលកូនរបស់អ្នកមានអាយុគ្រប់គ្រាន់អាចស្តាប់យល់នូវអ្វីដែលអ្នកនិយាយនោះក្នុងនាមជាឪពុកម្តាយគឺត្រូវបង្រៀនពួកគេឲ្យចេះប្រើកន្សែង ឬក្រដាសស្អាត នៅពេលក្អក ឬកណ្តាស ដើម្បីទប់ស្កាត់ការរាលដាលមេរោគទៅដល់អ្នកដទៃ។ 

រូបភាពតំណាង

៨/ ការថែរក្សាផ្ទះឲ្យបានស្អាត និង ការនិយាយស្តី

ការថែរក្សាផ្ទះ  ទីកន្លែងជុំវិញស្អាត និងការនិយាយស្តី សុទ្ធតែជាទម្លាប់ដែលអ្នកគួរតែតាមដានទាំងអស់ចំពោះកូនៗ ព្រោះនេះគឺជាជំហានសំខាន់ ដែលអាចឲ្យអ្នកនិងគ្រួសារមានសុខភាពល្អ និងសុភមង្គល។

ចំពោះការថែរក្សាអនាម័យនៅផ្ទះក៏ដូចជាកន្លែងផ្សេងៗទៀត អ្នកគួរតែបង្រៀនពួកគេកុំឲ្យចោលសំរាម ឬវត្ថុអ្វីមួយផ្តេសផ្តាស ការទទួលទានចំណីអាហារឲ្យបានមានរបៀបត្រឹមត្រូវ ការទុកដាក់សម្លៀកបំពាក់ រួមជាមួយនឹងរបៀបនៃការរស់នៅប្រចាំថ្ងៃមួយចំនួនទៀត។  រីឯការនិយាយស្តីវិញ  អ្នកត្រូវបង្រៀនអំពីរបៀបនិយាយជាមួយនឹងមនុស្សចាស់  ឬអ្នកដែលមានវ័យច្រើនជាងពួកគេជាដើម ព្រោះកុមារពុំទាន់មានការយល់ដឹងពីការនិយាយ និងពុំដឹងថាពួកគេត្រូវនិយាយបែបណានោះទេ។

រូបភាពតំណាង

៩/ ការថែទាំសក់

ការថែរក្សាសក់ជារឿងសំខាន់ ព្រោះដើម្បីឲ្យសក់មានសុខភាពល្អ និង ធ្វើឲ្យមានភាពរឹងមាំនៅពេលកូនៗរបស់អ្នកធំពេញវ័យ។ ដូច្នេះចំពោះកុមារតូចៗ អ្នកគួរតែសម្អាតសក់របស់ពួកគេពីរ ឬ បីដងក្នុងមួយសប្តាហ៍ ដើម្បីការពារពីធូលី និងខ្លាញ់ ហើយចៀសវាងសម្អាត ឬកក់សក់របស់ពួកគេញឹកញាប់ពេក ព្រោះវាអាចធ្វើឲ្យស្បែកក្បាលស្ងួតធ្វើឱ្យងាយនឹងមានអង្គែស្បែកក្បាល៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]