អង់គ្លេស៖ ក្រុង Goodwood ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2018 - ក្រុមការងារ Bespoke នៅរោងចក្ររថយន្ត Rolls-Royce បានគិតឃើញនូវភាពកាន់តែងងឹត ជាងមុន សម្រាប់រថយន្ត Black Badge Wraith និង Dawn ដោយបង្កើតនូវសំណុំរថយន្តដែលចំនួនមានកំណត់ឈ្មោះថា Adamas។ ដោយផ្អែកលើឈ្មោះរបស់រថយន្តនេះ ដែលមានន័យថា “មិនអាចផ្សំាងបាន” “មិនចេះចាញ់” ឬ “គ្រាប់ពេជ្រ” នោះ ក្រុមការងារក៏បានកែច្នៃនូវទឹកដៃសិប្បកម្មកាន់តែខ្មៅងងឹតជាងមុនប្រកបដោយភាពទាន់សម័យ ដោយបានត្បាញសរសៃកាបូនរឹងមិនអាចបំបែកបាន បំពាក់សម្រាប់រថយន្ត Black Badge Wraith ចំនួន 40 គ្រឿង និង Black Badge Dawn ចំនួន 30 គ្រឿង។ សរសៃកាបូន និងសមាសធាតុមូលេគុល ត្រូវបានប្រើប្រាស់ និងទទួលស្គាល់ពីសម្រស់អូសទាញខ្លាំង។

សំណុំរថយន្តស៊េរី Adamas របស់ Rolls-Royce

លោក Torsten Müller-Ötvös នាយកប្រតិបត្តិរបស់ក្រុមហ៊ុនរថយន្ត Rolls-Royce បានថ្លែងថា៖ 

“រថយន្ត Adamas គឺជាសំណុំរថយន្តដែលកើតឡើងចេញពីការផ្សំគ្នានូវសមត្ថភាពពិសេសរបស់ក្រុមសិប្បករ Bespoke របស់រោងចក្ររថយន្ត Rolls-Royce នៅក្រុង Goodwood នៃតំបន់ West Sussex គួបផ្សំនឹងស្មារតីបែបព្រហើនរបស់រថយន្ត Black Badge។ លទ្ធផលដែលបានមកគឺជារថយន្តមួយសម្រាប់អ្នកដែលត្រូវការលើសពីរថយន្តប្រណីត ។ នេះជារថយន្តសម្រាប់អ្នកដែលហ៊ានប្រថុយ ដែលមិនខ្លាចនឹងទទួលយកនូវភាពប្រណីតពិតៗ និងទាន់សម័យ ប៉ុន្តែក្នុងទម្រង់ជាភាពងងឹតបំផុត”។

សំណុំរថយន្ត Adamas

នៅពេលដែលឃើញរថយន្ត Adamas គេនឹងចាប់អារម្មណ៍ភ្លាមចំពោះទេវរូប Spirit of Ecstasy ដែលបានផុសចេញពីភាពងងឹត ក្នុងសណ្ឋាណពណ៌ខ្មៅ។ ជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រដែលទេវរូបនេះត្រូវបានបង្កើតឡើងចេញពីសរសៃកាបូនច្នៃដោយម៉ាស៊ីន ដែលទេវរូបនេះតំណាងឲ្យគ្រប់ផ្នែកសំខាន់ទាំងអស់របស់សំណុំរថយន្តនេះ។

សំណុំរថយន្តស៊េរី Adamas របស់ Rolls-Royce

ទេវរូបនាំមុខនេះ ត្រូវបានបង្កើតឡើងដោយសរសៃកាបូនប្រើក្នុងវិស័យអវកាស ចំនួន 294 ស្រទាប់ ដែលចំណាយពេល 68 ម៉ោងដើម្បីផលិត ដោយមុំនៃបច្ចេកទេសត្បាញគឺមានកម្រិត 25 ដឺក្រេ។ ទេវរូបនេះត្រូវបានដាក់ពីលើទម្រទីតាញ៉ូមដែលត្រូវបានបង្កើតយ៉ាងពិសេស តាមរយៈការរំហួតដោយទឹក ដើម្បីបង្កើតសម្រស់បែបខ្មៅងងឹត និងមានចារពាក្យថា “BLACK BADGE ADAMAS” និងរូបសញ្ញាអានន្ត។

គេច្បាស់ជានឹកឃើញនូវរចនាបថដំបូងរបស់រថយន្ត Rolls-Royce Black Badge។ ពណ៌លឿងទឹកក្រូចរបស់ផ្ទៃខាងក្នុងសម្រាប់ម៉ូដែល Dawn និង ពណ៌ខៀវនៃផ្ទៃខាងក្នុងសម្រាប់ម៉ូដែល Wraith បានលាតសន្ធឹងរហូតមកដល់ផ្ទៃខាងក្រៅ ។ ផ្ទៃងងឹតនៃពណ៌ទាំងពីរនេះ ស្រោបលើតួរថយន្ត ចេញជាពណ៌ក្រហមលើខ្មៅ និងពណ៌ខៀវលើខ្មៅ។ នេះជារថយន្ត Black Badge ដំបូងហើយ ដែលមួយរថយន្តមានពីរពណ៌។ ពណ៌ទាំងនេះហាក់បីដូចជាប៉ះត្រូវនឹងភាពងងឹត ហើយបានផ្លាស់ប្ដូរពណ៌យ៉ាងខ្លាំង ដែលបង្កើតចេញជាចំណាំងពណ៌ដែលធ្វើឲ្យសណ្ដំចិត្ត។ អតិថិជនអាចជ្រើសរើសយករថយន្ត Adamas ទៅតាមពណ៌ណាមួយក៏បាន។

សំណុំរថយន្តស៊េរី Adamas របស់ Rolls-Royce

នៅផ្នែកខាងក្រោមនៃកាងខាងមុខ ប្រហោងខ្យល់ពណ៌ខ្មៅខាងក្រោមត្រូវបានបំពាក់បន្ថែមជាមួយនឹងស៊ុមប៉ាណា ខ្មៅងងឹតរបស់រថយន្ត Black Badge ដោយបង្ហាញពីចរិតលក្ខណៈនៃភាពកាច និងមិនចុះញ៉មរបស់រថយន្ត Adamas។

នៅពេលបោះជំហានចូលទៅក្នុងរថយន្ត គេនឹងចាប់អារម្មណ៍ទៅលើនាឡិកា ដែលបញ្ចុះគ្រាប់ពេជ្រខ្មៅ។ ក្នុងការបំពាក់នូវសារជាតិកាបូនក្នុងទម្រង់យ៉ាងផ្ចិតផ្ចង់បំផុត គ្រាប់ពេជ្រខ្មៅដែលបណ្ដុះក្នុងបន្ទប់ពិសោធន៍ចំនួន 88 គ្រាប់ត្រូវបានយកទៅប្រើដើម្បីបង្កើតជានិមិត្តសញ្ញាអានន្តរបស់រថយន្ត Black Badge នេះ ដែលធ្វើឲ្យនឹកឃើញដល់ស្មារតីដែលមិនចេះរាថយនៃម្ចាស់រថយន្តទាំងអស់នេះ។ ពេជ្រខ្មៅត្រូវបានបញ្ចុះ នៅលើផ្ទាំងកាបូន ដោយត្រូវបានកែច្នៃយ៉ាងល្អឥតខ្ចោះ ដើម្បីបង្ហាញនូវសម្រស់ស្រស់ស្អាត និងពណ៌ភ្លឺថ្លា ។ មុខរបស់នាឡិកា ត្រូវបានលម្អដោយគ្រាប់អាលុយមីញ៉ូម និងស៊ុមផ្ទៃខាងក្នុងដែលធ្វើពីអាលុយមីញ៉ូមខាត់រលោង ដែលជួយបន្ថែមនូវសម្រស់នៃផ្ទៃមុខនាឡិកា ដែលមានពណ៌ស។

សំណុំរថយន្តស៊េរី Adamas របស់ Rolls-Royce

គ្រឿងបំពាក់ដែលគួរឲ្យទាក់ចិត្តជាងគេបំផុត គឺប្រហែលជាការតុបតែងបែបគ្រាប់ពេជ្រនៅលើដំបូលផ្កាយនៃរថយន្ត Wraith Adamas។ អំពូលអុបទិកចំនួន 1340 អំពូល ត្រូវបានបំពាក់ បង្កើតបានជារូបរាង ប្រៀបបាននឹងទម្រង់មូលេគុលរបស់កាបូន នៅពេលដែលវាក្លាយជាគ្រាប់ពេជ្រ ដែលបង្ហាញឲ្យឃើញពីការរចនាដែលធ្វើឲ្យនឹកភ្នកដល់ឆ្អឹងខ្នងដ៏រឹងមាំរត់កាត់ផ្ទៃខាងក្នុងរបស់រថយន្ត។ ជាលើកដំបូងហើយ ដែលដំបូលផ្កាយមានបញ្ចូលនូវស្រមោលពន្លឺ ដោយប្រើប្រាស់នូវពណ៌ខុសៗគ្នាទៅតាមសំណុំពណ៌ដែលបានជ្រើសរើស ដើម្បីធ្វើឲ្យអ្វីៗមានភាពលេចធ្លោ។

ជាលើកដំបូងហើយសម្រាប់សំណុំរថយន្តនេះដែល ស្បែកដែលមានពណ៌ភ្លឺនៅផ្ទៃខាងក្នុងគឺដូចគ្នានឹងពណ៌ផ្ទៃខាងក្រោម។ ចង្កូតគឺមានពីរពណ៌ ហើយ ស្បែកពណ៌ខ្មៅដែលបានប៉ាក់ឌិននៅលើថតទ្វាររថយន្ត និងស្នូកកណ្ដាលត្រូវបានច្នៃដើម្បីរំលេចពណ៌ក្នុងរថយន្តនេះ។ ផ្ទៃខាងក្នុងបង្ហាញពីភាពងងឹតនៃភាព ប្រណីត ប្រកបដោយភាព ផ្ចិតផ្ចង់បំផុត។

សំណុំរថយន្តស៊េរី Adamas របស់ Rolls-Royce

សំណុំរថយន្តនេះ មានបំពាក់នូវផ្ទៃតាប្លូលោហៈថ្មីដែលដុសខាត់ឲ្យមានពណ៌ងងឹត ដែលត្រូវបានរចនាឡើងដើម្បីឲ្យស៊ីគ្នានឹងសរសៃកាបូន។ លោហៈបែបនេះគឺមានបំពាក់នៅផ្នែកផ្សេងៗទៀតក្នុងរថយន្តនេះ រាប់តាំងពីគំរបនៃធ្នាក់ដៃខាងមុខ និងខាងក្រោយ ដោយបង្ហាញឲ្យឃើញនូវភាពរឹងមាំមិនអាចបំបាក់បាន របស់រថយន្ត Black Badge Adamas។

សម្រាប់ចំណុចចុងក្រោយ នៅពេលដែលគេចូល ឬចេញពីផ្នែកខាងក្នុងដ៏មានសោភ័ណភាពរបស់រថយន្ត Adamas គេនឹងឃើញបន្ទះឈ្មោះរថយន្ត ដែលមានពន្លឺ ដែលអាចសរសេរថា “Black Badge Wraith Adamas – One of Forty”“Black Badge Dawn Adamas – One of Thirty” ដែលជាការរំឭកដល់ម្ចាស់រថយន្តអំពីអំណាច និងតម្លៃនៃសំណុំរថយន្តនេះ។

សំណុំរថយន្តស៊េរី Adamas របស់ Rolls-Royce

រថយន្តបែបសំណុំរបស់ Rolls-Royce

ក្រុមការងាររបស់រថយន្ត Rolls-Royce Bespoke រួមមានអ្នករចនាម៉ូត វិស្វករ និងសិប្បករ នៅឯរោងចក្ររថយន្ត Rolls-Royce ក្នុងក្រុង Goodwood។ ក្រុមការងារនេះមានការយល់ដឹងអំពីអតិថិជនដែលមានការយល់ដឹងជ្រៅជ្រះរបស់ម៉ាកយីហោរថយន្តនេះ។ អតិថិជនរថយន្ត Rolls-Royce ត្រូវបានគេស្គាល់ដោយសារតែក្ដីប្រាថ្នារបស់ពួកគាត់គឺលើសពីការទិញរថយន្តទៅទៀត។ ពួកគាត់ស៊ាំនឹងភាពប្រណីតសម្រាប់គ្រប់ផ្នែកទាំងអស់នៃជីវិត ហើយពួកគាត់កម្ម៉ង់រថយន្ត ដើម្បីប្រមូលទុក។ នេះជាចំណុចប្រសព្វគ្នាខាងផ្លូវចិត្តជាមួយនឹងក្រុមការងារ Rolls-Royce Bespoke ដែលផ្ដល់នូវការណែនាំក្នុងដំណើរការកម្ម៉ង់ច្នៃរថយន្ត ដោយក្នុងនោះបានចែករំលែកនូវចំណេះដឹងជ្រៅជ្រះរបស់ខ្លួនក្នុងការបង្កើតនូវវត្ថុប្រណីតពិតៗ។ ក្រុមការងារ Bespoke ប្រើប្រាស់នូវចំណេះដឹងនេះ ដើម្បីបង្កើតនូវរថយន្តដែលមានចំនួនកំណត់ រថយន្តកម្រ ឬរថយន្តសម្រាប់ប្រមូលទុកជាដើម ពោលគឺរថយន្តដែលជាសំណុំរបស់ Rolls-Royce។

ដោយហេតុនេះហើយទើបរថយន្តសំណុំរបស់ Rolls-Royce មានលក្ខណៈពិសេសបែបនេះ។ សំណុំរថយន្តរបស់ Rolls-Royce ត្រូវបានបង្កើតឡើងដោយដៃរបស់គ្រូជំនាញទៅតាមផ្នែកនានា ហើយជារថយន្តដែលបង្ហាញឲ្យឃើញពីភាពមានសមត្ថភាព ដោយប្រើប្រាស់នូវវត្ថុធាតុដើមល្អឥតខ្ចោះ ហើយបានបង្ហាញឲ្យឃើញនូវសមត្ថភាពផ្នែកបច្ចេកទេសមួយកម្រិតទៀតក្នុងការបង្កើតនូវស្នាដៃឯកដ៏មហាអស្ចារ្យ។

ដោយផ្អែកលើការយល់ដឹងស៊ីជម្រៅអំពីអតិថិជនរបស់ខ្លួននេះហើយ ទើបរថយន្ត Rolls-Royce អាចបំពេញបានទៅតាមសេចក្តីត្រូវការ និងលក្ខខណ្ឌនានារបស់អតិថិជន។ មិនថាការចង់បានរថយន្តដែលយកលំនាំតាមកេរ្តិ៍តំណែលដ៏សម្បូរបែប ដូចជាសំណុំរថយន្ត Silver Ghost Collection កាលពីពេលថ្មីៗ ការចង់បានរថយន្តបែបតុងតែងច្រើន ដូចជាសំណុំរថយន្ត “Wraith Luminary Collection” ឬ រថយន្តក្នុងពេលនេះ គឺរថយន្ត Adamas ដែលបង្ហាញពីភាពប្រណីតបែបងងឹតនោះទេ ក្រុមការងាររបស់ Rolls-Royce Bespoke អាចបំពេញតាមសេចក្តីត្រូវការដែលពិបាកបំពេញបំផុតបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]