ចិន៖ អ្នកស្រី Wu Yuxia ជាស្ត្រីមេម៉ាយ វ័យ ៦០ឆ្នាំ មកពីតំបន់ Dangui ខេត្ត Sichuan ប្រទេសចិន បានស្ម័គ្រចិត្តនៅបម្រើ និងមើលថែរក្សាអ្នកជិតពិការមួយរូប គឺលោក Liu Siqiang អស់រយៈពេលជាង ៣ទសវត្សរ៍ កន្លងមកហើយ។

សារព័ត៌មាន South China Morning Post បានចុះផ្សាយថា លោក Liu ជាជនពិការមានវ័យ ៥៦ឆ្នាំ ដែលបានបាត់បង់ម្តាយតាំងពីអាយុ ៦ឆ្នាំ និងបាត់បង់ឪពុកនៅអាយុ ១០ឆ្នាំ រូបនេះ បានកើតមានជំងឺម្យ៉ាង ដែលធ្វើឲ្យរាងកាយរបស់លោកចុះទន់ខ្សោយ រហូតធ្វើឲ្យលោកក្លាយជាមនុស្សគ-ថ្លង់ តាំងពីពេលដែលលោកនៅយុវវ័យមកម្ល៉េះ។

ជំនួសឲ្យការរស់នៅក្នុងគ្រួសារដ៏ធំមួយនោះ លោក Liu បានបាត់បង់គ្រប់យ៉ាង បន្ទាប់ពីបងប្រុសធំរបស់លោកបានស្លាប់ និងបងប្អូនស្រីៗ ៣នាក់ផ្សេងទៀត បានរៀបការ និងចាកចេញទៅចាប់ផ្តើមអនាគតថ្មីអស់។

អ្នកស្រី Wu មើលថែលោក Liu

អ្នកស្រី Wu ដែលគ្មានជាប់សាច់ឈាម សូម្បីតែបន្តិចជាមួយលោក Liu គិតថា លោកប្រាកដជាត្រូវការនរណាម្នាក់ មើលថែទាំលោកមិនខាន ដូច្នេះអ្នកស្រីក៏សម្រេចចិត្តទទួលខុសត្រូវមើលថែរក្សាលោក Liu តែម្តង។

អ្នកស្រី Wu បាននិយាយថា៖

«កាលនោះពួកយើងក្រមែន ប៉ុន្តែផ្ទះរបស់លោក Liu ដែលនៅជិតយើងនេះ ត្រឹមតែជាបន្ទប់តូចមួយតែប៉ុណ្ណោះ» ។

ជាក់ស្តែង អ្នកស្រី Wu បានមើលថែលោក Liu អស់រយៈពេលជាង ២០ឆ្នាំ ដែលអ្នកស្រីត្រូវដើរពីផ្ទះរបស់អ្នកស្រី ទៅផ្ទះរបស់លោក Liu ជាប្រចាំ។ រហូតដល់ ១០ឆ្នាំក្រោយមក ទើបប្តីរបស់អ្នកស្រីសម្រេចចិត្តសាងសង់ កន្លែងរស់នៅតូចមួយសម្រាប់លោក Liu នៅក្នុងបរិវេណផ្ទះរបស់ពួកគេ ដើម្បីអាចរស់នៅជាមួយគ្នាតែម្តង។

កាលនោះ អ្នកស្រី Wu មិនត្រឹមតែមើលថែលោក Liu ទេ គឺអ្នកស្រីក៏មានភារកិច្ចមើលថែកូនទាំង ៣របស់អ្នកស្រី ព្រមទាំងជីដូនជីតារបស់ពួកគេ នៅក្រោមដំបូលផ្ទះតែមួយតែម្តង។

អ្នកស្រី Wu មើលថែលោក Liu

ជាអកុសល អ្វីៗគ្រប់យ៉ាងត្រូវបានធ្លាក់ទៅលើអ្នកស្រីតែម្នាក់គត់ បន្ទាប់ពីប្តីរបស់អ្នកស្រី ដែលជាអ្នករកប្រាក់ចំណូលចូលគ្រួសារ បានស្លាប់បាត់បង់ជីវិតទៅ។ ដូច្នេះ អ្នកស្រី Wu ត្រូវធ្វើការ ៤ទៅ ៥ថ្ងៃ ក្នុងមួយខែ ដើម្បីអាចមានចំណូលបន្តិចបន្តួចបន្ថែមទៀត សម្រាប់ការចំណាយជាប្រចាំ។

ប្រាកដណាស់ថា ទំនួលខុសត្រូវទាំងប៉ុន្មាននេះ មិនមែនជារឿងងាយស្រួលទេ សូម្បីតែអ្នកស្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​Wu ផ្ទាល់ ក៏បានសារភាពដែរថា អ្នកស្រីមិនដែលបានគេងគ្រប់គ្រាន់ម្តងណាទេ ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ។

អ្នកស្រីបាននិយាយថា៖

«ខ្ញុំតែងតែក្រោកពីគេងម៉ោង ២ព្រឹក និង ៥ព្រឹក ដើម្បីជួយលើកគាត់ទៅបន្ទប់ទឹក និងឲ្យគាត់ផឹកទឹក» ។

ទោះបីជាអ្នកស្រីមិនដែលគេងបានស្កប់ស្កល់ក៏ពិតមែន ក៏អ្នកស្រីមិនដែលសោកស្តាយនូវទង្វើល្អរបស់ខ្លួនកន្លងមកនេះដែរ។ ផ្ទុយទៅវិញ អ្នកស្រីបានប្តូរចេញពីបន្ទប់ដែលខ្លួនធ្លាប់សម្រាករាល់ដង មកនៅជិតលោក Liu វិញ ដើម្បីឲ្យខ្លួនអាចមកទាន់ពេលវេលានៅពេលដែលលោក Liu ត្រូវការជំនួយ។

អ្នកស្រី Wu មើលថែលោក Liu

ជាក់ស្តែង ទឹកចិត្តស្មោះស ក្នុងការជួយអ្នកដទៃ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួននេះ ពិតជាមិនអត់ប្រយោជន៍នោះទេ។ កាលពីឆ្នាំមុន អាជ្ញាធរប្រចាំតំបន់ Dangui បានដឹងពីការប្រឹងប្រែងរបស់អ្នកស្រី ហើយក៏យល់ព្រមផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងការមើលថែរក្សា លោក Liu ផងដែរ។

ដូច្នេះ អ្នកស្រី Wu ពុំចាំបាច់ទៅធ្វើការដូចមុនទេ ហើយថែមទាំងមានពេលវេលាច្រើន ដើម្បីមើលថែលោក Liu និងក្រុមគ្រួសារទៀតផង។

កាន់តែពិសេស ជាងនេះទៅទៀតនោះ គឺខាងអាជ្ញាធរបានធានាថា នៅថ្ងៃណាមួយដែលអ្នកស្រី Wu មិនមានសមត្ថភាពមើលថែលោក Liu ទៀតនោះ រដ្ឋាភិបាលនឹងរ៉ាប់រង ស្វែងរកអ្នកមើលថែជំនួសអ្នកស្រីតែម្តង ៕

ពិតជាសរសើរដល់អ្នកស្រី Wu ដែលមានទឹកចិត្តល្អបែបនេះខ្លាំងណាស់!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]