ជាទូទៅយើងឃើញថា សុភាពនារីជាច្រើនបានប្រើប្រាស់ស្រ្កាប់ដុសខ្លួន មុខ ឬដៃជើង ដែលជាផលិតផលលក់ស្រាប់នៅលើទីផ្សារ។ ប៉ុន្តែតើអ្នកមានធ្លាប់គិតពីសារធាតុគីមីមួយចំនួន ដែលមានផ្ទុកនៅក្នុងផលិតផលទាំងនោះដែរទេ? ថាតើវាមានផលប៉ះពាល់បែបណាដល់ស្បែករបស់អ្នក?

ជាការពិត ប្រសិនបើអ្នកចំណាយពេលធ្វើស្ក្រាប់នេះដោយខ្លួនអ្នកផ្ទាល់ ដើម្បីធានាសុវត្ថិភាពដល់ស្បែកក៏ដូចជាចំណាយលុយតិចទៀតនោះ វាគឺជារឿងដ៏ល្អប្រសើរបំផុត។

ហេតុនេះហើយយើងបាននាំយកវិធីធ្វើស្ក្រាប់សម្រាប់ប្រើប្រាស់នៅលើដងខ្លួន មុខ បបូរមាត់ ឬដៃ និងជើងជាដើម ដើម្បីបង្កើនភាពស្រស់ស្អាតបន្ថែមតាមការរៀបរាប់ដូចខាងក្រោម៖

១/ ស្ក្រាប់ដុសមុខផ្សំពី ស្ករស និង យ៉ាអួ

វិធីមួយនេះមិនត្រឹមតែអាចកម្ចាត់ស្នាមប្រហោងនៅលើផ្ទៃមុខ ដែលបណ្តាលមកពីការកើតមុនប៉ុណ្ណោះទេ វាថែមទាំងអាចបន្តឹងស្បែកមុខឲ្យតឹងណែនស្អាតទៀតផង។

វិធីអនុវត្តន៍ទី១៖

• ជាដំបូងអ្នកត្រូវយកស្ករសចំនួន ២ស្លាបព្រាបាយ លាយជាមួយនឹងយ៉ាអួ កន្លះពែងចូលគ្នាឲ្យសព្វល្អ។

• បន្ទាប់មកយកវាមកលាបនៅលើផ្ទៃមុខ ដោយដុសរាងជារង្វង់ថ្នមៗប្រហែល ៥នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកធម្មតា រួចជូតមុខឲ្យស្ងួតជាការស្រេច។ 

វិធីអនុវត្តន៍ទី១

វិធីអនុវត្តន៍ទី២៖

• វិធីនេះជំហានដំបូងអ្នកត្រូវយកចេកទុំកិនវាឲ្យហ្មត់ល្អ (ចេកទុំមួយផ្លែ) រួចយកស្ករស ២ស្លាបព្រាបាយចាក់លាយចូលគ្នារហូតដល់សព្វល្អ ដើម្បីចៀសវាងវានៅដុំៗ

• បន្ទាប់មកលាបល្បាយនេះនៅលើមុខ ទុកប្រហែល៥នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកធម្មតា និង ជូតឲ្យស្ងួត។

គួរបញ្ជាក់ផងដែរថា វិធីទី២នេះវាមានប្រសិទ្ធភាពជួយឲ្យស្បែកមុខមានភាពទន់រលោង និង ផ្តល់សំណើមដល់ស្បែកមុខរបស់អ្នកផងដែរ។ 

វិធីអនុវត្តន៍ទី២

២/ ស្ក្រាប់ផ្សំពីស្ករត្នោត ឬស្ករស សម្រាប់លាបបបូរមាត់

ស្ក្រាប់លាបបបូរមាត់ ដែលផ្សំពីស្ករត្នោតនេះ វាអាចជួយឲ្យបបូរមាត់មានសំណើម រលោង និង មានពណ៌បែបធម្មជាតិ។

វិធីអនុវត្តន៍៖

• ជាមួយនឹងវិធីនេះ អ្នកត្រូវយកស្ករត្នោត ឬស្ករសចំនួន ៤ស្លាបព្រាបាយ ប្រេងដូង ទឹកឃ្មុំ និងម្សៅសម្បកឈើអែម (រកទិញនៅតាមផ្សារទំនើប) ចំនួន ១ស្លាបព្រាបាយស្មើគ្នា ដោយចាក់លាយគ្រឿងផ្សំទាំងបួនមុខនេះចូលគ្នាឲ្យសព្វល្អ។

• បន្ទាប់មកយកវាដុសថ្នមៗនៅលើបបូរមាត់មួយសន្ទុះ រួចហើយលាងសម្អាតបបូរមាត់ចេញជាធម្មតា។ ចំណែកឯល្បាយដែលនៅសល់ អ្នកអាចរក្សាទុកឲ្យបានត្រឹមត្រូវក្នុងក្រឡបិទជិត ហើយទុកនៅក្នុងទូរទឹកកកដើម្បីប្រើប្រាស់នៅពេលក្រោយ។ 

រូបភាពតំណាង

៣/ ស្ក្រាប់សម្រាប់ប្រើនៅលើប្រអប់ជើង ឬដៃ

ចំពោះវិធីនេះផងដែរ វាជួយសម្អាតស្បែករបស់អ្នកបានស្អាតល្អ និងជួយព្យាបាលស្បែកពីការរលាកដែលមានសភាពស្រាលណាមួយឲ្យឆាប់ជាសះស្បើយ។

វិធីអនុវត្តន៍៖

• ជាដំបូងអ្នកត្រូវយកស្ករត្នោត ១ពែង លាយជាមួយនឹងស្ករស ១/៤ពែង និងប្រេងអូលីវ ឬប្រេងដូង ១/៤ពែង ដោយកូរវាឲ្យសព្វរលាយចូលគ្នាបានល្អ ទើបយកល្បាយនេះទៅលាបនៅលើប្រអប់ជើង ហើយធ្វើការម៉ាស្សាថ្នមៗ ប្រហែល៥ ទៅ ១០នាទីទើបលាងសម្អាតចេញជាការស្រេច។

• ប្រសិនបើល្បាយនៅសល់នោះ អ្នកអាចរក្សាទុកនៅក្នុងក្រឡជិតល្អ ដោយដាក់នៅក្នុងទូរទឹកកក ដើម្បីរក្សាបានយូរសម្រាប់ប្រើប្រាស់នៅពេលក្រោយ។ 

រូបភាពតំណាង

៤/ ម្សៅអូត និងស្ករសសម្រាប់ដងខ្លួន

ស្ក្រាប់ដុសខ្លួន ដែលផ្សំឡើងពីម្សៅអូតមួយនេះ អាចសម្អាតស្បែក ធ្វើឲ្យស្បែករលោងមានសំណើម តឹងណែន និង មើលទៅស្អាតបែបធម្មជាតិតែម្តង។

គ្រឿងផ្សំរួមមាន៖

• ម្សៅអូត(រកទិញបាននៅតាមផ្សារទំនើប ឬផ្សារធម្មតា) ចំនួនកន្លះពែង

• ស្ករស ឬស្ករត្នោត ១/៤ ពែង

• ទឹកឃ្មុំ ២ស្លាបព្រាបាយ និង ប្រេងដូង កន្លះពែង

វិធីអនុវត្តន៍៖

• វិធីងាយៗ ដោយគ្រាន់តែអ្នកយកគ្រឿងផ្សំទាំងបីលាយបញ្ចូលគ្នា ដោយច្របល់ឲ្យវាសព្វល្អ បន្ទាប់មកយកល្បាយដែលលាយរួចលាបនៅលើស្បែកឲ្យពេញដងខ្លួន ហើយទុកមួយសន្ទុះ ទើបលាងសម្អាតចេញតាមធម្មតាជាការស្រេច។

• បន្ទាប់ពីប្រើរួច អ្នកនឹងទទួលបានស្បែករលោងទន់ គួរឲ្យពេញចិត្តមិនខាន៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]