បរទេស៖  សមុទ្រជាទីតាំងដែលមានតម្លៃ ហើយចាប់តាំងពីមនុស្សអាចធ្វើដំណើរលើទឹកមក សមុទ្របានក្លាយជាទីសមរភូមិយ៉ាងមមាញឹកមួយ។

ខាងក្រោមជាតារាងប្រទេសដែលមាននាវាសម្រាប់ប្រយុទ្ធច្រើនជាងគេលើលោក៖

១០. ឥណ្ឌូនេស៊ី នាវា២២១គ្រឿង

កងទ័ពជើងទឹករបស់ប្រទេសឥណ្ឌូនេស៊ីគឺស្ថិតនៅចន្លោះរវាងមហាសមុទ្រ ប៉ាស៊ីហ្វីក និងមហាសមុទ្រឥណ្ឌា។ វាជាប្រទេសដែលសម្បូរដែនកោះច្រើនជាងគេលើលោក ដែលមានចំនួន ១៣,៥០០ កោះ។

នាវាទាំង ២២១ របស់គេរួមមាន កប៉ាល់ចម្បាំងតូចៗ ២៤ នាវាមុជទឹក ៣ នាវាល្បាត ៧៤ និងនាវារាវមីន ១២គ្រឿង។ 

ឥណ្ឌូនេស៊ីជាប្រទេសមួយដែលបានទប់ទល់នឹងការពង្រីកដែនទឹករបស់ចិន ហើយប្រទេសនេះក៏កំពុងពង្រីកកងទ័ពជើងទឹករបស់ខ្លួនបន្ថែមទៀតផងដែរ។ កាលពីដើមឆ្នាំ ឥណ្ឌូណេស៊ីបានធ្វើការចរចាជាមួយក្រុមហ៊ុនផលិតនាវាជាច្រើនដើម្បីទិញនាវាមុជទឹក ៨គ្រឿងបន្ថែមទៀតឲ្យបាននៅត្រឹមឆ្នាំ ២០២៤។

៩. កូឡុុំប៊ី នាវា ២៣៤គ្រឿង

កូឡុំប៊ីជាប្រទេសតែមួយគត់នៅទ្វីបអាមេរិកខាងត្បូង ដែលមានឆ្នេរសមុទ្រជាប់ជាមួយមហាសមុទ្រប៉ាស៊ីហ្វីក និងអាត្លង់ទិក ហើយនាវាជើងទឹករបស់គេរួមមាន កប៉ាល់ចម្បាំងធុនធំ ៤គ្រឿង  កប៉ាល់ចម្បាំងធម្មតា ១គ្រឿង នាវាមុជទឹក ១១គ្រឿង និង នាវាល្បាត ៥៥ គ្រឿង។

កូឡុំប៊ីជាប្រទេសដែលមានការផលិតកូកាអ៊ីនច្រើនជាងគេលើលោក ហើយកងទ័ពជើងទឹករបស់គេក៏បានព្យាយាមទប់ស្កាត់គ្រឿងញៀនទាំងនោះ មិនឲ្យចូលទៅដល់ដែនសមុទ្រអន្តរជាតិដែរ។

៨. ហ្វាំងឡង់ នាវា ២៧០គ្រឿង

ប្រទេសហ្វាំងឡង់មានព្រំប្រទល់ជាប់មហាអំណាចលោកខាងកើតមួយគឺ ប្រទេសរុស្ស៊ី។ គេមាននាវាល្បាតចំនួន ៨គ្រឿង  និងនាវារាវមីន ១៨គ្រឿង រួមជាមួយនាវាជាច្រើនប្រភេទទៀត។

ប្រទេសហ្វាំងឡង់បានបង្កើនកងទ័ពយ៉ាងសកម្ម ដោយសារការគំរាមកំហែងពីប្រទេសរុស្ស៊ីកាន់តែមានខ្លាំងឡើង។

៧. ឥណ្ឌា នាវា២៩៥គ្រឿង

ដូចគ្នាទៅនឹងប្រទេសជាច្រើននៅអុឺរ៉ុបដែរ ប្រទេសឥណ្ឌាមានការព្រួយបារម្ភដោយសារអ្នកជិតខាងដូចជា ចិន និងរុស្ស៊ីជាដើម។

បើទោះជាទំនាក់ទំនងរវាងប្រទេសចិន និងឥណ្ឌាមិនសូវល្អយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌាមានការបារម្ភកាន់តែខ្លាំង ដោយសារប្រទេសចិន បានបង្ហាញសកម្មភាពច្រើនទៅៗនៅតាមតំបន់មហាសមុទ្រឥណ្ឌា ដោយចិនបានបញ្ជូននាវាមុជទឹករបស់គេឆ្លងកាត់មហាសមុទ្រឥណ្ឌា ហើយថែមទាំងបង្កើតទំនាក់ទំនងជាមួយប្រទេសជិតៗនោះផងដែរ។

បច្ចុប្បន្នឥណ្ឌាមាននាវាផ្ទុកយន្តហោះមួយគ្រឿង  នាវាចម្បាំងធុនធំ ១៤គ្រឿង នាវាពិឃាត ១១គ្រឿង  នាវាចម្បាំងធុនតូច ២២គ្រឿង នាវាមុជទឹក ១៦គ្រឿង យន្តហោះល្បាតសមុទ្រ ១៣៩គ្រឿង  និងនាវារាវមីន ៤គ្រឿង។ ប្រទេសឥណ្ឌាក៏កំពុងមានបំណងពង្រីកកងទ័ពរបស់ខ្លួនដែរ ក៏ប៉ុន្តែគេបានជួបឧបសគ្គមួយចំនួននៅក្នុងការធ្វើផែនការ និងបចេ្ចកទេស។

៦. អេហ្ស៊ីប នាវា៣១៩គ្រឿង

ប្រទេសអេហ្ស៊ីបមាន នាវាផ្ទុកយន្តហោះ ២គ្រឿង នាវាចម្បាំងធុនធំ ៩គ្រឿង នាវាចម្បាំងធុនតូច ៤គ្រឿង នាវាមុជទឹក ៦គ្រឿង  នាវាល្បាត ៥៣គ្រឿង និងនាវារាវមីន ២៣ គ្រឿង។

កងទ័ពជើងទឹករបស់អេហ្ស៊ីបដើរតួយ៉ាងសំខាន់មួយក្នុងការទប់ស្កាត់ ចោរសមុទ្រ និងក្រុមភេរវកម្ម ដែលកើតមានឡើងនៅតាមតំបន់នៃសមុទ្រក្រហម។

៥. រុស្ស៊ី នាវា៣៥២គ្រឿង

នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Vladimir Putin ប្រទេសរុស្ស៊ីបានធ្វើកំណែទម្រង់កងទ័ពជើងទឹកជាច្រើន ក្នុងគោលបំណងស្ដារឥទ្ធិពលឡើងវិញ ដែលបានបាត់បង់ក្រោយការដួលរលំនៃរបបសហភាពសូវៀត។

បច្ចុប្បន្នកងទ័ពជើងទឹករបស់គេរួមមាន នាវាផ្ទុកយន្តហោះ ១គ្រឿង នាវាចម្បាំងធុនធំ ៩គ្រឿង នាវាពិឃាត ១៣គ្រឿង នាវាចម្បាំងធុនតូច ៧៨គ្រឿង នាវាមុជទឹក ៦២គ្រឿង នាវាល្បាត ៤១គ្រឿង និងនាវារាវមីន ៤៧គ្រឿង។

ប្រទេសដែលជាសមាជិកនៃអង្គការ NATO ជាច្រើនបានរកឃើញនាវាមុជទឹករបស់រុស្ស៊ីនៅក្បែរដែនទឹករបស់ខ្លួន ហើយគេក៏បានបារម្ភទៀតថា រុស្ស៊ីនឹងអាចធ្វើការរាំងស្ទះទំនាក់ទំនងអន្តរជាតិបានដោយបំផ្លាញខ្សែរកាបអ៊ិនធឺណេតនៅក្រោមទឹក។

៤. អុឺរ៉ង់ នាវា៣៩៨គ្រឿង

ការដាក់ទណ្ឌកម្មពីប្រទេសនាៗ អស់រយៈពេលជាច្រើនឆ្នាំបានរាំងស្ទះប្រទេសអុឺរ៉ង់ មិនឲ្យធ្វើការពង្រីកកងទ័ពជើងទឹករបស់ខ្លួន នេះហើយដែលនាំឲ្យមួយចំនួនធំនៃនាវារបស់អ៊ីរ៉ង់ភាគច្រើនគឺជាប្រភេទនាវាល្បាតប៉ុណ្ណោះ។ 

ប្រទេសនេះមាន នាវាចម្បាំងធុនធំ ៥គ្រឿង នាវាចម្បាំងធុនតូច ៣គ្រឿង នាវាមុជទឹក ៣៣គ្រឿង នាវាល្បាត ២៣០គ្រឿង និងនាវារាវមីន ១០គ្រឿង។

៣. អាមេរិក នាវា៤១៥គ្រឿង

បើទោះបីជាអាមេរិក មានចំណាត់ថ្នាក់លេខ៣ ខាងចំនួននាវាក៏ដោយ ក៏កងទ័ពជើងទឹកអាមេរិកនៅតែត្រូវបានគេចាត់ទុកថាមានឥទ្ធិពលជាងគេដែរ ហើយកងទ័ពជើងទឹករបស់គេមានប្រតិបត្តិការជុំវិញពិភពលោក។

គេមាននាវាផ្ទុកយន្តហោះ ២០គ្រឿង ដែលនេះគឺជាចំនួនច្រើនជាងប្រទេសដទៃៗច្រើនណាស់ នាវាចម្បាំងធុនធំ ១០គ្រឿង នាវាពិឃាត ៦៥គ្រឿង នាវាមុជទឹក ៦៦គ្រឿង នាវាល្បាត ១៣គ្រឿង និងនាវារាវមីន ១១គ្រឿង។

២. ចិន នាវា៧១៤គ្រឿង

កងទ័ពជើងទឹកចិនបានកើនឡើងយ៉ាងលឿននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយគេក៏បានចេញប្រតិបត្តិការលើដែនសមុទ្រជិតៗប្រទេសខ្លួនច្រើនណាស់ដែរ ដូចជាសមុទ្រចិនខាងត្បូង និងមហាសមុទ្រឥណ្ឌា ជាដើម។

ប្រទេសនេះមាននាវាផ្ទុកយន្តហោះ ១គ្រឿង ហើយគេកំពុងតែដំណើរការសាកល្បងនាវាផ្ទុកយន្តហោះ ១ទៀត នាវាចម្បាំងធុនធំ ៥០គ្រឿង នាវាពិឃាត ២៩គ្រឿង នាវាចម្បាំងធុនតូច ៣៩គ្រឿង នាវាមុជទឹក ៧៣គ្រឿង នាវាល្បាត ២២០គ្រឿង និងនាវារាវមីន ២៩ គ្រឿង។

ប្រទេសជិតខាងចិនជាច្រើន និងសហរដ្ឋអាមេរិកផងដែរ បានមានការព្រួយបារម្ភដោយសារនាវាមុជទឹករបស់ចិន។ នាវាមុជទឹករបស់ចិនធ្លាប់បានខិតទៅជិតនាវាចម្បាំងរបស់សហរដ្ឋអាមេរិកជាច្រើនលើកមកហើយ។

១. កូរ៉េខាងជើង នាវា៩៦៧គ្រឿង

កងទ័ពជើងទឹករបស់ប្រទេសកូរ៉េខាងជើង មានចំនួនធំជាងគេ ក៏ប៉ុន្តែការផ្ដាច់ខ្លួនពីអន្តរជាតិនាំឲ្យបច្ចេកវិទ្យានៃនាវារបស់ប្រទេសនេះ ដើរក្រោយប្រទេសដ៏ទៃៗយ៉ាងឆ្ងាយ។

ប្រទេសនេះមាន នាវាចម្បាំងធុនធំ ១០គ្រឿង នាវាចម្បាំងធុនតូច ២គ្រឿង នាវាមុជទឹក ៨៦គ្រឿង នាវាល្បាត ៤៣៨គ្រឿង និងនាវារាវមីន ២៥គ្រឿង។ នាវាទាំងនោះសុទ្ធសឹងតែបានមកពី សហភាពសូវៀត ចិន និងផលិតដោយប្រទេសកូរ៉េខាងជើងខ្លួនឯង ហើយភាគច្រើនមានគុណភាពអន់ និងមិនបានថែរក្សាបានល្អនោះទេ។

សហរដ្ឋអាមេរិកបានប៉ាន់ស្មានថា ប្រទេសកូរ៉េខាងជើងមាននាវាមុជទឹក ៧០គ្រឿង ហើយភាគច្រើននៃនាវាទាំងនោះគឺហួសសម័យទៅហើយ ក៏ប៉ុន្តែគេនៅមាននាវាមុជទឹកទំនើប ១គ្រឿងទៀត ដែលអាចបាញ់មីស៊ីលចម្ងាយឆ្ងាយបាន។

កាលពីឆ្នាំ ២០១០ នាវាមុជទឹករបស់កូរ៉េខាងជើង បានបាញ់មីស៊ីលទៅកាន់នាវារបស់កងទ័ពជើងទឹកកូរ៉េខាងត្បូងដែលបណ្ដាលឲ្យមនុស្ស ៤៦នាក់ស្លាប់ ក៏ប៉ុន្តែកូរ៉េខាងជើងបានបដិសេធថាមិនបានពាក់ព័ន្ធនឹងករណីនោះទេ៕

នាវាមុជទឹក
នាវាចម្បាំង
នាវាចម្បាំង
នាវាផ្ទុកយន្តហោះ
នាវារាវមីន
ក្បួននាវាចម្បាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]