ការបាត់បង់ចំណង់ក្នុងការទទួលទានអាហារ ឬនិយាយសាមញ្ញថាមិនឃ្លានអាហារ អាចជារឿងធម្មតា បើអ្នកជួបប្រទះបញ្ហានេះក្នុងរយៈពេលខ្លី។ តែបើអ្នកជាញឹកញាប់ចេះតែមិនឃ្លានអ្វីសោះ វាអាចមិនមែនជារឿងធម្មតានោះទេ ព្រោះវាអាចទាក់ទងទៅនឹងថ្នាំដែលអ្នកកំពុងប្រើប្រាស់ និងបញ្ហាសុខភាពរាងកាយមួយចំនួនទៀត ដែលអ្នកមិនគួរមើលរំលង។

ហេតុនេះ ដើម្បីចង់ដឹងឲ្យកាន់តែច្បាស់អំពីមូលហេតុ ដែលបណ្តាលឲ្យអ្នកមិនឃ្លានអាហារដូចខាងក្រោម៖

១/ ការថប់អារម្មណ៍

ការថប់បារម្ភអាចបណ្តាលឱ្យអ្នកបាត់បង់ចំណង់អាហារ រួមជាមួយនឹងអារម្មណ៍ព្រួយបារម្ភ ឆាប់ខឹង ការពិបាកក្នុងការផ្តោតអារម្មណ៍អារម្មណ៍ក្នុងការធ្វើអ្វីមួយ ដង្ហើមដកលឿន និងញ័របេះដូងផងដែរ។ ទាំងនេះ ជាផលប៉ះពាល់មួយដល់សុខភាពរាងកាយទាំងមូលរបស់អ្នក ហេតុនេះ អ្នកចាំបាច់គួរយកចិត្តទុកដាក់ផ្លាស់ប្តូរក៏ដូចជាកាត់បន្ថយអារម្មណ៍ធុញថប់ទាំងនេះ ដើម្បីថែរក្សាសុខភាពតាមរយៈការធ្វើលំហាត់ប្រាណ និង​ ទទួលទានអាហារឲ្យបានគ្រប់គ្រាន់។ 

២/ ជំងឺធ្លាក់ទឹកចិត្ត

ប្រសិនបើអ្នកមានជំងឺធ្លាក់ទឹកចិត្ត នោះអ្នកក៏នឹងប្រឈមជាមួយនឹងការបាត់ចំណង់អាហារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកថែមទាំងមានអារម្មណ៍អស់សង្ឃឹម ទុក្ខព្រួយ ឆាប់អន់ចិត្ត គិនច្រើន និង ងាយខឹងចំពោះមនុស្សជុំវិញខ្លួនទៀតផង។ ម្យ៉ាងវិញទៀតអ្នកក៏អាចមានអារម្មណ៍អស់កម្លាំង និង ខ្វល់ខ្វាយគ្រប់ពេលវេលា ហើយអាចមានគំនិតចង់ធ្វើអត្តឃាតដោយពុំដឹងខ្លួនផងដែរ។ ដូច្នេះ វាត្រូវបានគេណែនាំឲ្យធ្វើការហាត់ប្រាណ ឲ្យបានទៀតទាត់ ដើម្បីឲ្យការឃ្លានចំណីអាហារត្រឡប់មកវិញ រួមជាមួយនឹងការកាត់បន្ថយអារម្មណ៍តានតឹងខាងផ្លូវចិត្ត។

៣/ មានជំងឺរលាកពោះវៀន

បញ្ហាជំងឹមួយនេះវាបណ្តាលមកពីការផ្លាស់ប្តូរចលនាពោះវៀន ដែលជាហេតុធ្វើឲ្យអ្នកបាត់បង់ចំណង់ក្នុងការទទួលទានអាហារផងដែរ។ ជាមួយគ្នានេះ ប្រសិនបើអ្នកមានអាការបែបនេះ អ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់ និង ធ្វើលំហាត់ប្រាណ ដើម្បីកាត់បន្ថយរោគសញ្ញាផ្សេងៗ ឬការថប់អារម្មណ៍ ដែលបណ្តាលឲ្យអ្នកមិនឃ្លានអាហារទាល់តែសោះ។ 

រូប​ភាពតំណាង

៥/ កង្វះវីតាមីន B12 ឬកង្វះជាតិដែក

ការមិនទទួលទានវីតាមីន B12 ឬជាតិដែកឲ្យបានគ្រាប់គ្រាន់គឺមិនត្រឹមតែអាចបណ្តាលឲ្យរាងកាយបាត់បង់ចំណង់អាហារនោះទេ វាថែមទាំងមានអាការឈាមអញ្ចាញធ្មេញ ស្ពឹកដៃជើង ពិបាកដកដង្ហើម ស្លេកស្លាំង ត្រជាក់ដៃជើង និង មានសភាពទន់ខ្សោយជាដើម។

៦/ មានជំងឺអេដស៍

ជាការពិត អ្នកប្រហែលជាធ្លាប់បានដឹងហើយថា ជំងឺអេដស៍ក៏ជាកត្តាមួយដែលបណ្តាលឲ្យអ្នកមិនឃ្លានអាហារ។ ហេតុដូច្នេះ ទើបធ្វើឲ្យអ្នកជឺងឺអេដស៍ ស្រកគីឡូរហូតមានសភាពស្គមស្គាំង។ 

រូប​ភាពតំណាង

៧/ មានជំងឺថ្លើម និង ផលប៉ះពាល់បណ្តាលមកពីថ្នាំំ

ថ្នាំមួយចំនួន បានផ្តល់ប៉ះពាល់ដល់រាងកាយ និង ធ្វើឲ្យអ្នកមិនឃ្លានអាហារ។ ទន្ទឹមនឹងនេះផងដែរ ការមិនឃ្លានអាហារក៏បណ្តាលមកពីអ្នកមានជំងឺថ្លើមនៅក្នុងរាងកាយ។

៨ ជំងឺខ្សោយបេះដូង

ជំងឺខ្សោយបេះដូងអាចបណ្តាលឲ្យមាន រោគសញ្ញាដូចជាការបាត់បង់ចំណីអាហារ ការទល់លាមក ចង្អោរ និង ក្អួតជាដើម។ ម្យ៉ាងទៀតការដកដង្ហើមខ្លីៗ និង ការអស់កម្លាំងក៏ធ្វើឲ្យអ្នកមានភាពលំបាកក្នុងការទទួលបានអាហារបំប៉នបានគ្រប់គ្រាន់៕ 

រូប​ភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]