នៅក្នុងសង្គមរស់នៅចាប់តាំងពីសម័យបុរាណ រហូតមកដល់សម័យបច្ចុប្បន្ន មនុស្សនៅតែប្រកាន់ខ្ជាប់នូវការបែងចែកឋានៈ រវាងមនុស្សចាស់ និងមនុស្សដែលមានវ័យក្មេងជាង ពោលបើទោះបីជាអ្នកមានវ័យខុសគ្នាត្រឹមតែមួយឆ្នាំក៏ដោយ ប៉ុន្តែតាមភាពត្រឹមត្រូវដែលសង្គមបែងចែក ជាពិសេសគឺនៅប៉ែកខាងអាស៊ីយើងនេះតែម្តង ក្មេងត្រូវតែគោរពចាស់ មនុស្សចាស់មានសិទ្ធិសម្រេចចិត្តមុន និងជាអ្នកចាត់ចែង ចំណែកឯក្មេងៗចាំតែស្តាប់បញ្ជា និងឲ្យយោបល់តិចតួចទៅបានហើយ។

ដោយឡែក នៅក្នុងនោះក៏មានមនុស្សមួយចំនួន មានការមិនពេញចិត្តចំពោះការបែងចែកឋានៈបែបនេះផងដែរ ដោយពួកគេយល់ថា មនុស្សអាចមានសិទ្ធិស្មើគ្នា មិនសំខាន់ទៅលើអាយុទាំងស្រុងនោះទេ ប៉ុន្តែក៏សំខាន់ទៅលើការយល់ដឹងនិងភាពឆ្លាតវៃជាងផងដែរ។

មិនថាអ្នកណាៗនោះទេ សុទ្ធតែចង់បានសិទ្ធផ្ទាល់ខ្លួន និងចង់ឲ្យអ្នកដទៃគោរនិងឲ្យតម្លៃ ចំពោះខ្លួន។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាគន្លឹះទាំង១០ ដែលជួយឲ្យអ្នកនៅក្មេង ប៉ុន្តែទទួលបានការគោរពនឹងឲ្យតម្លៃពីមនុស្សជុំវិញខ្លួន ជាពិសេសគឺមនុស្សដែលមានវ័យច្រើនជាងអ្នក។

១. មានភាពសកម្ម

កុំចាំតែឲ្យអ្នកដទៃណែនាំឬបញ្ជា គួរតែប្រើជំនាញដែលខ្លួនមានដោះស្រាយបញ្ហាឬការងារឲ្យអស់ពីសមត្ថភាព កុំទម្លាប់ខ្ជិលច្រអូសបង្អូសពេលវេលា ចាំថ្ងៃនេះចាំធ្វើ ចាំថ្ងៃនោះចាំធ្វើ នោះអ្នកនឹងធ្វើឲ្យអ្នកដទៃមើលស្រាលចំពោះ កិច្ចការងារនិងអត្តចរិតរបស់អ្នកជាក់ជាមិនខាន។

ដូចនេះកាលដែលអាយុនៅក្មេង ប៉ុន្តែចង់ឲ្យគេគោរព អ្នកគួរតែមានម្ចាស់ការលើខ្លួនឯង ធ្វើជាមនុស្សដែលរឹងមាំ គួរឲ្យពឹងពាក់បាន និងមិនដើរចេញ ចំពោះឧបសគ្គឡើយ។

២. ការរក្សាសន្យា និងទំនួលខុសត្រូវ

ការរក្សាសន្យាគឺជាកត្តាមួយដែលសំខាន់បំផុត ដើម្បីទទួលបានការគោរពនិងការឲ្យតម្លៃពីមនុស្សជុំវិញខ្លួន។ បើសិនជាអ្នកធ្លាប់ជាមនុស្សដែលមិនសូវ ជាយកចិត្តទុកដាក់ចំពោះអ្នកដទៃ សូមព្យាយាមបញ្ឈប់ទង្វើនេះ។ កាលដែលអ្នកមានអត្តចរិតរួសរាយរាក់ទាក់ មានភាពយកចិត្តដាក់ចំពោះអ្នកដទៃ ចេះយកអាសារ គោរពពេលវេលាច្បាស់លាស់ និងមានភាពទំនួលខុសត្រួវល្អ នោះអ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលមានគេគោរពកោតខ្លាចច្រើន លើសពីនេះទៅទៀត មនុស្សដែលមានវ័យច្រើនជាងអ្នក គេនឹងគិតថាអ្នកជាមនុស្សដែលចាស់ទុំ គួរឲ្យទុកចិត្តបានផងដែរ។

រូបតំណាង

៣. បញ្ឈប់ការប្រើពាក្យ«សុំទោស»

មនុស្សដែលចូលចិត្តនិយាយពាក្យថា «សុំទោស» ទៅកាន់អ្នកដទៃ ដែលគិតថាវាជារឿងធម្មតា និងជាពាក្យទូទៅដែលគួរតែនិយាយពេលដែលធ្វើខុសអ្វីមួយសូម្បីតែរឿងតូចៗក៏ដោយនោះ អ្នកគួរតែកាត់បន្ថយការនិយាយពាក្យនេះខ្លះក៏បាន។

មិនមែនថាមិនឲ្យអ្នកនិយាយពាក្យសុំទោសទៅកាន់អ្នកដទៃទាំងអស់នោះទេ ពីព្រោះអ្នកណាៗក៏ធ្លាប់ធ្វើខុស អាចនឹងចំពោះគ្រួសារ ឬក៏មិត្តភក្តិជាដើម។ អ្នកអាចនិយាយពាក្យសុំទោសទៅកាន់ពួកគេ។ ប៉ុន្តែអ្នកត្រូវតែឈប់ប្រើពាក្យ «សុំទោស» ច្រំដែរ ឬគេហៅថា ស៊ាំញុំា ១ម៉ោងនិយាយចង់មួយរយដងទៅហើយ មិនថាតែរឿងតូចធំ ជាពិសេសគឺនៅកន្លែងធ្វើការងារ ព្រោះអ្នកនឹងត្រូវបានអ្នកដទៃមិនឲ្យតម្លៃ ថែមទាំងគេគិតថាអ្នកជាមនុស្សដែលមានវ័យក្មេងហើយ យកជាការមិនបានថែមទៀតផង។

៤. កុំខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍

ប្រសិនជាអ្នកគោរពពេលវេលារបស់អ្នកដទៃ នោះគេនឹងគោរពវេលារបស់អ្នកដូចគ្នា។ កុំចូលចិត្តចំណាយពេលវេលាឥតប្រយោជន៍ ទៅលើការលេងកម្សាន្តច្រើនពេកអី ជាពិសេសគឺនៅពេលដែលអ្នកចូលក្នុងសង្គមការងារ គេឲ្យតម្លៃទៅលើកិច្ចការងារ និងការខិតខំប្រឹងប្រែងរបស់អ្នក។ យើងជាមនុស្សដែលមានវ័យក្មេងជាងគេ នៅក្នុងកន្លែងការងារ ដូចនេះមិត្តរួមការងារគេចាំតែមើលពីសកម្មភាពការងាររបស់យើងនោះទេ ចង់ដឹងថាអ្នកនៅវ័យក្មេងបែបនេះ អាចនឹងធ្វើការងារបានល្អយ៉ាងណាដែរ? ហើយមានការខិតខំនិងអាចទ្រាំទ្របានយូរប៉ុណ្ណាទៅ?

ដូចនេះ អ្នកគួរតែចំណាយពេលឲ្យច្រើន ក្នុងការដោះស្រាយបញ្ហាការងារ ឬក៏បណ្តុះភាពខ្លាំងរបស់ខ្លួនបន្ថែមទៀតឲ្យកាន់តែល្អប្រសើរ ចៀសជាងយកពេលទំនេរដើរលេង ឥតប្រយោជន៍ផងដែរ។

រូបតំណាង

៥. បញ្ឈប់ការនិយាយដើមគេ

វាគឺជារឿងដែលពេញនិយមបំផុតមួយទៅហើយ សម្រាប់មនុស្សគ្រប់គ្នា ដោយរាល់ពេលដែលទំនេរជុំគ្នាម្តងៗ គឺចៀសមិនផុតឡើយពីការជជែកគ្នាបែកផ្សែងពីនេះពីនោះ ជាពិសេសគឺការនិយាយដើមរបស់អ្នកដទៃ គឺជារឿងដែលនិយាយនិងស្តាប់ហើយជក់ចិត្តបំផុត ជាងការមើលរឿងកុនទៅទៀត។

ប៉ុន្តែបើសិនជាអ្នកមានវ័យក្មេងជាងគេនៅក្នុងក្រុម ហើយចង់ឲ្យគេគោរពកោតក្រែងដូចជាមេក្រុមគេនោះ ចូរកុំប្រព្រឹត្តទង្វើនេះជាមួយគេ កុំចេះតែនិយាយចាក់បណ្តោយលិចកើត ដូចគេនិយាយថា តែៗស្ករៗ ជាពិសេសអ្នកមានអាយុក្មេងជាងទៀត នោះគេនឹងគិតថាអ្នកជាមនុស្ស មិនគួរឲ្យទុកចិត្តបាន ឬជាមនុស្សមាត់គ្មានគម្រប់ជាដើម។ អ្នកគួរតែរក្សាភាពស្ងៀមស្ងាត់ច្រើនជាងគេ នៅពេលដែលកំពុងនៅក្នុងក្រុមដែលកំពុងតែនិយាយដើមគេ។

៦. ជាមនុស្សដែលគួរឲ្យរាប់អាន

ជាមនុស្សដែលមានវ័យក្មេងជាងគេនៅក្នុងក្រុម ត្រូវបានគេចាត់ទុកថាជា«Energy ប្រចាំក្រុម» ពីព្រោះតែអ្នកនៅក្មេងមានចរិតចូលចិត្តលេងច្រើនជាងគេ នាំការសប្បាយៗធ្វើឲ្យដទៃសើច រហូតដល់់ថ្នាក់ពេលខ្លះទៅដើរលេងទាំងក្រុម បាត់តែអ្នកម្នាក់ ក៏គេគិតថាស្ងាត់មិនទម្លាប់ថែមទៀតផង។

មិនថាយ៉ាងណា បើទោះបីជាចូលចិត្តនិយាយលេងសើចច្រើន ប៉ុន្តែចំពោះការងារគឺម៉ត់ចត់ រហូតធ្វើឲ្យអ្នកជុំវិញខ្លួនកោតសរសើរចំពោះអ្នកថា ជាមនុស្សម្នាក់ដែលចេះបែងចែកបានល្អ រវាងរឿងការងារនឹងរឿងផ្ទាល់ខ្លួន។ ពេលនោះហើយអ្នកនឹងទទួលបានការស្រលាញ់រាប់អាន ពីមនុស្សគ្រប់វ័យគ្រប់ឋានៈ មិនថាថ្នាក់់លើ ឬក៏មិត្តរួមការងារដទៃផ្សេងទៀតផងដែរ។

រូបតំណាង

៧.ឆ្ងល់ចេះសួរ ឃើញនិយាយត្រង់

យើងនៅក្មេងបទពិសោធន៍នៅខ្ចី មានតែការខិតខំព្យាយាមស្វែងយល់ ទើបអាចតាមទាន់គេឈានទៅដល់ការជោគជ័យបាន។ ដោយហេតុនេះហើយ កុំខ្លាចនឹងការសួរណែនាំ ដូចពាក្យគេថា «ថោកអ្វីនឹងដៃថ្លៃអ្វីនឹងមាត់» បើសួរហើយធ្វើឲ្យចេះ ដឹង យល់ និងស្ទាត់ជំនាញជាមួយការងារ គ្មានអ្វីនឹងត្រូវខ្មាសគេនោះ។

ម៉្យាងវិញទៀត បើសិនជាអ្នកគឺជាអ្នកដឹកនាំមួយរូប ដែលមានវ័យក្មេងជាងគេនៅក្នុងកន្លែងការងារ នោះអ្នករឹតតែត្រូវព្យាយាមពង្រឹងសមត្ថភាពខ្លួនឲ្យកាន់តែខ្លាំង ដើម្បីទទួលបានការគោរពនិងឲ្យតម្លៃ ពីបុគ្គលិកថ្នាក់ក្រោមដែលមានវ័យច្រើនជាងអ្នក។ សុខចិត្តធ្វើជាមនុស្សសម្តីត្រង់ឃើញអ្វីថាបែបនោះថាហើយគឺចប់ មិនចេះគុំគួន គ្រាន់បើជាងធ្វើជាមនុស្សដែលសម្តីផ្អែមមុខញញឹម ប៉ុន្តែលាក់ពុតនិងពូកែគុំគួន។

៨. បំផុសគំនិតប៉ុន្តែមិនអំនួត

ជាក់ស្តែង វាគឺជាការពិត មនុស្សដែលមានវ័យកាន់តែក្មេង ភាគច្រើនគំនិតរបស់ពួកគេមានភាពជឿនលឿនជាង មនុស្សដែលមានវ័យច្រើនជាង។ កុំខ្លាចនឹងនិយាយពីគំនិតថ្មីៗរបស់អ្នកទៅកាន់អ្នកដទៃ ជួនកាលវាជាអ្វីដែលធ្វើឲ្យអ្នកគ្រប់គ្នា ស្មានមិនដល់ពីគំនិតច្នៃប្រឌិត និងភាពប៉ិនប្រសប់របស់អ្នកក៏ថាបានដែរ។

បើទោះបីជានៅក្មេងជាងគេ ទទួលបានការសរសើរច្រើនពីអ្នកជុំវិញខ្លួន ប៉ុន្តែចូរកុំសម្តែងអាកប្បកិរិយាបែបនេះចេញមកក្រៅឲ្យសោះ គឺភាពអំនួត។ ភាពអំនួតធ្វើឲ្យអ្នកបាត់បង់គ្រប់យ៉ាងដោយមិនដឹងខ្លួន។ ធ្វើជាមនុស្សដែលចេះអោនលំទោន ដាក់ខ្លួន គោរពចាស់ទុំ មិនសម្ញែងអួតអាង គឺជាអ្វីដែលអ្នកគួរធ្វើ ហើយកត្តានេះនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ ដែលគេឲ្យតម្លៃ។

រូបតំណាង

៩. មានទឹកចិត្ត

ដូចពាក្យគេតែងនិយាយថា មនុស្សមានទឹកចិត្ត ទោះទៅដល់ទីណាក៏មិនដាច់ពោះស្លាប់ដែរ។ កាលដែលចេះជួយយកអាសារអ្នកដទៃឲ្យអស់ពីចិត្ត គឺជារឿងដ៏ល្អមួយ ដែលធ្វើឲ្យអ្នកគ្រប់គ្នាចាត់ទុក អ្នកជាមនុស្សដែលមានទឹកចិត្តល្អ និងជាបុគ្គលដ៏គំរូម្នាក់ គួរឲ្យរាប់អានផងដែរ។

លើសពីនេះ ទោះបីជាពេលខ្លះអ្នកមិនចង់ចេះដឹងរឿងគេក៏ដោយ ប៉ុន្តែដោយសារតែមិនអាចឈរទ្រាំមើល នឹងភាពអយុត្តិធម៌បាន អ្នកក៏អាចធ្វើជាអ្នកសម្របសម្រួលម្នាក់ ជួយដោះស្រាយបញ្ហាដែលគេកំពុងជួបប្រទះផងដែរ។

១០. ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង

យើងតែម្នាក់មិនអាចផ្គាប់ចិត្តបានមនុស្សគ្រប់គ្នានោះទេ បើទោះបីជាមានគេមកច្រណែន ឈ្លាននីសអ្នកយ៉ាងណាក្តី ក៏ត្រូវព្យាយាមសម្រួលអារម្មណ៍ កុំខ្វល់ខ្វាយនឹងសម្តីរបស់អ្នកដទៃ ធ្វើអ្វីដែលជាខ្លួនឯង កុំឈ្លោះប្រកែកតបតនាំតែឲ្យអ្នកដទៃ វាយតម្លៃចំពោះអត្តចរិករបស់អ្នក។ 

គួរគប្បីធ្វើខ្លួនឲ្យរឹងមាំ គេកាន់តែឈ្នានីសប៉ុណ្ណា អ្នកកាន់តែព្យាយាមធ្វើកិច្ចការអ្នកឲ្យបានល្អបំផុតលើសនឹងទៅទៀត និងបង្ហាញឲ្យពួកគេដឹងថា ពួកគេមើលងាយខុសមនុស្សហើយ ដូចពាក្យមួយឃ្លាគេថា« Work In Silence And Let Success Be Your Noise» ៕

ប្រភព៖ Lifehack | Fastcompany | Forbes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]