នៅលើលោកនេះ មនុស្សគ្រប់រូបពិតណាស់គ្មានអ្នកណាដែលមានចរិតដូចគ្នាទាំងអស់នោះទេ ហើយការរាប់អានក៏ដូចគ្នា ជួនកាលអ្នកខ្លះសំណាង អាចរកបានមនុស្សល្អៗមកធ្វើជាមិត្ត ឯអ្នកខ្លះទៀតបែរជាជួបបញ្ហាដោយសារតែជួបមនុស្សដែលមាន ចរិតមិនល្អ ពុតត្បុត និយាយកុហក ឬអាចហៅមួយទៀតបានថា មនុស្សមុខពីរ ឬមនុស្សចរិតពស់។

យ៉ាងណាមិញ មនុស្សដែលមានមុខពីរ ឬមនុស្សដែលមានមិត្តភាពក្លែងក្លាយ ពេលខ្លះយើងពិបាកនឹងដឹងពីចរិតរបស់ពួកគេណាស់ ព្រោះពួកគេតែងតែរៀបចំខ្លួន រៀបពាក្យសម្តីដើម្បីបោកយើងរួចជាស្រេច ដើម្បីឲ្យយើងជឿងប់លើសម្តីរបស់ពួកគេ។

ជាក់សម្តែង បើសិនជាពេលនេះអ្នកកំពុងតែនៅក្នុងស្ថានភាពមួយ ដែលពិបាកនឹងសម្រេចចិត្ត ក្រោយពេលដឹងថាមនុស្សដែលអ្នកកំពុងរាប់អាន ជាមនុស្សមុខពីរ ធ្វើល្អតែនឹងមុខ តែនៅក្រោយខ្នងនិយាយដើមអ្នក ហើយមិនដឹងថាគួរធ្វើបែបណានោះ វិធីខាងក្រោមនឹងអាចជួយដោះស្រាយបញ្ហារបស់អ្នកខ្លះៗ ដើម្បីទប់ទល់ វាយបកទៅមនុស្សដែលមានចរិតពស់ ឬមុខពីរនេះបាន៖

១. កំណត់ពេលវេលា សម្រាប់នៅជាមួយមនុស្សធន់នេះ

អ្នកមិនត្រូវចំណាយពេលវេលា ឬកម្លាំងរបស់អ្នកជាមួយមនុស្សធន់នេះច្រើនពេកនោះទេ។ អ្នកត្រូវតែប្រាកដខ្លួនឯងថា តើអ្នកអាចទ្រាំទ្រជាមួយពួកគេបានកម្រិតណា បើសិនជាពួកគេនៅតែបន្តធ្វើជាមនុស្សមុខពីរដាក់អ្នកនោះ។ ម្យ៉ាងវិញទៀត អ្នកត្រូវប្រុងប្រយ័ត្នជានិច្ច ជាមួយនឹងទំនាក់ទំនងរបស់អ្នក។ នៅពេលខ្លះ យើងមិនត្រូវបង្ហាញអារម្មណ៍ខ្លាំងពេក ទៅលើពួកគេនោះទេ ព្រោះថានៅពេលដែលពួកគេដឹងពីចិត្តរបស់អ្នកច្បាស់ហើយ នោះពួកគេនឹងកាន់តែគាបសង្កត់អ្នកកាន់តែខ្លាំង ជាមួយចរិតដ៏អាត្មានិយមរបស់ពួកគេ។ 

យ៉ាងណាមិញ ព្យាយាមរៀបចំពេលវេលារបស់អ្នក ថាពេលណាដែលអ្នកគួរជួប ឬមិនគួរជួបមនុស្សបែបនេះ ប៉ុន្តែយកល្អអ្នកគួរតែចំណាយពេលឲ្យបានតិចបំផុតជាមួយពួកគេ។ ហើយអ្វីដែលល្អបំផុត អ្នកគួរតែផ្តាច់ទំនាក់ទំនងជាមួយ មនុស្សធន់នេះទៅ បើសិនជាអ្នកគិតថាពួកគេមិនសំខាន់។ 

រូបតំណាង

២. ព្យាយាមកំណត់ការនិយាយរបស់អ្នកជាមួយពួកគេ

បើសិនជាអាច អ្នកគួរតែកុំនិយាយច្រើន ពេលដែលអ្នកនៅជាមួយមនុស្សបែបនេះ ព្រោះថារឿងសម្ងាត់របស់អ្នក ដែលអ្នកពឹងឲ្យគេជួយលាក់ នឹងអាចល្បីភ្លូកទឹកភ្លូកដី ដោយមិនដឹងខ្លូនក៏ថាបាន។ ព្រោះថា អ្នកគួរតែដឹងស្រាប់ហើយ មនុស្សមុខពីរ គឺនៅមុខនិយាយល្អ ក្រោយខ្នងនិយាយអាក្រក់ ដូច្នេះហើយអ្នកមិនអាចបង្ហើបអ្វីសូម្បីតែមួយម៉ាត់ទៅពួកគេនោះទេ។ 

ម៉្យាងវិញទៀត បើសិនជាអ្នកទាំងនោះ និយាយដើមអ្នកដ៏ទៃអាក្រក់មកប្រាប់អ្នកនោះ អ្នកអាចស្តាប់បាន តែសូមកុំបន្ថែមពាក្យពេចន៍ជាមួយពួកគេឲ្យសោះ ព្រោះថាពេលនេះពួកគេនិយាយដើមអ្នកដទៃប្រាប់អ្នក នៅពេលក្រោយពួកគេច្បាស់ជានិយាយដើមអ្នកប្រាប់គេដូចគ្នា។ 

រូបតំណាង

៣. រៀងចេះសង្កត់ចិត្តខ្លួនឯង

មនុស្សមុខពីរ តែងតែមានពាក្យនិយាយអាក្រក់ៗពីអ្នកដទៃ មកប្រាប់អ្នកជានិច្ច។ ត្រង់ចំណុចនេះ ចង់មានន័យថា នៅពេលខ្លះអ្នកត្រូវចេះទប់អារម្មណ៍របស់ខ្លួនឲ្យបាន ព្រោះពេលខ្លះស្រាប់តែសុខៗ គេមកប្រាប់អ្នកថា អ្នកកំពុងមាននរណាម្នាក់និយាយដើមហើយ ឯខ្លះទៀតគេក៏អាចនិយាយថា ពេលនេះនៅកន្លែងការងារអ្នក គ្មាននរណាម្នាក់ចូលចិត្តអ្នកទេ។ 

ដូច្នេះហើយ បើសិនជាអ្នកលឺពាក្យទាំងនេះ ពីពួកគេ អ្នកត្រូវចេះប្រើប្រាស់អារម្មណ៍របស់ខ្លួន កុំច្រឡោតជាមួយពាក្យសម្តីបែបនេះ។ គ្រាន់តែស្តាប់ទៅបានហើយ ព្រោះថាបើសិនជាអ្នកខឹងសម្បារជាមួយពាក្យសម្តីបែបនេះភ្លាមៗ នោះអ្នកនឹងជួបផលរឿងដល់ខ្លួនឯងជាមិនខាននោះទេ។ សរុបរួម អ្នកគ្រាន់តែស្តាប់ហើយចេះវិភាគខ្លួនឯងថា តើសម្តីរបស់ពួកគេនោះ គួរឲ្យជឿដែលឬទេ? រួចហើយចាំសម្រេចចិត្តតាមក្រោយថា គួរខឹងឬមិនខឹង។ 

រូបតំណាង

៤. និយាយតែរឿងល្អ ពីមនុស្សដែលតែងនិយាយអាក្រក់ពីអ្នក

វិធីសាស្រ្តនេះ អាចហៅបានថាជាវិធីសាស្រ្តបែបធម៌ត្រជាក់ ព្រោះថានៅលើលោកនេះគ្មានអ្នកណា ដែលមិនខឹងនៅពេលដែលមាននរណាម្នាក់ និយាយអាក្រក់អំពីខ្លួន នៅពីក្រោយខ្នងនោះទេ។ ប៉ុន្តែអ្នកត្រូវចាំថាដរាបណា អ្នកនៅតែតបតជាមួយមនុស្សមុខពីរដោយកំហឹងទៅវិញ នោះអ្នកនឹងនៅតែក្តៅក្រហាយគ្មានថ្ងៃឈប់នោះទេ។ ដូច្នេះហើយ បើសិនជាមនុស្សចរិតពស់ទាំងនោះ និយាយអាក្រក់ពីអ្នក អ្នកគួរតែកុំខ្វល់អីបើសិនជាអ្នកមិនបានធ្វើ ដូចសម្តីរបស់ពួកគេមែននោះ។ 

ប៉ុន្តែអ្នកត្រូវតែ និយាយរឿងល្អរបស់ពួកគេវិញ ឬម្យ៉ាងវិញទៀត អ្នកអាចប្រើភាសាថា “មិនខ្វល់ ព្រោះមិនមែនជារឿងពិត តែបើខ្ញុំមិនបានធ្វើដូចដែលគេនិយាយទេនោះ សូមឲ្យបាបកម្មទាំងនោះ ធ្លាប់ទៅលើពួកគេចុះ” សម្តីនេះ បើសិនជាអ្នកដែលនិយាយអាក្រក់ពីអ្នកលឺនោះ គឺពួកគេច្បាស់ជាឈឺចាប់ជាងអ្វី ដែលអ្នកតបសម្តីទៅពួកគេវិញ អាក្រក់ៗទៅទៀត។ 

រូបតំណាង

៥. កុំស្មោះត្រង់ជាមួយមនុស្សធន់នេះ

ភាពស្មោះត្រង់ខ្លាំងពេក អាចនឹងធ្វើឲ្យអ្នកធ្លាក់រណ្តៅបាន។ ត្រូវចាំថា ត្រង់ចំណុចនេះ មិនមែនឲ្យអ្នកដើរតួរជាមនុស្សចិត្តអាក្រក់នោះទេ ប៉ុន្តែអ្នកត្រូវធ្វើជាមនុស្សចិត្តល្អ ឬស្មោះត្រង់តែចំពោះមនុស្សណា ដែលអ្នកអាចទុកចិត្តទៅបានហើយ។ នៅពេលខ្លះ បើសិនជាអ្នកស្មោះត្រង់ចំពោះមនុស្សមុខពីរ នោះថ្ងៃក្រោយអ្នកនឹងជួបភាពអន្តរាយដល់ខ្លួន ជាមិនខាននោះទេ។ 

ត្រូវចាំថា បើសិនជាពួកគេចរិតពស់ដាក់អ្នក អ្នកក៏មិនត្រូវធ្វើចរិតពស់ដាក់គេវិញនោះដែរ ប៉ុន្តែគ្រាន់តែកុំស្មោះត្រង់ជាមួយមនុស្សប្រភេទហ្នឹង ចំពោះរឿងដែលមិនគួរប្រាប់ មិនបាច់ប្រាប់ទេ ហើយរឿងខ្លះអាចកុហកបាន ក៏កុហកខ្លះទៅ កុំតាំងខ្លួនជាមនុស្សចិត្តបុណ្យ ស្មោះត្រង់គ្រប់ពេលវេលានោះទេ។ 

រូបតំណាង

៦. គិតតែរឿងរបស់អ្នកបានហើយ

ដែលលឺពាក្យចាស់និយាយអត់? មនុស្សមុខពីរ ឬមនុស្សតាមឈ្នានីសអ្នកដទៃ ភាគច្រើនពូកគេនៅមិនសុខ គេងមិនលក់នោះទេ បើសិនជាមិនបាននិយាយអាក្រក់​ពីនរណាម្នាក់ ឬ ពួកគេឃើញម្នាក់នោះ ជោគជ័យជាងខ្លួននោះ។ យ៉ាងណាមិញ ត្រង់ចំណុចនេះ ដើម្បីទប់ទល់ជាមួយពួកគេបាន អ្នកគួរតែកុំខ្វល់ច្រើន ហើយព្យាយាមធ្វើអ្វី ដែលខ្លួនចង់ធ្វើទៅបានហើយ។ 

ម៉្យាងវិញទៀត ខណៈពេលដែលអ្នកមិនខ្វល់ពីពាក្យសម្តីរបស់ពួកគេ នោះពួកគេនឹងខំរិះរកអ្វីផ្សេងដើម្បីបំបាក់អ្នក។ ដូច្នេះហើយ បើអ្នកនៅតែមិនខ្វល់ ហើយនៅតែព្យាយាមធ្វើអ្វី សម្រេចអ្វី ដែលអ្នកចង់បាន នោះពួកគេនឹងកាន់តែក្តៅក្រហាយ ច្រណែនអ្នកកាន់តែខ្លាំងឡើងៗ។ជាក់ស្តែងត្រូវចាំថា ដរ៉ាបណាអ្នកកំពុងតែជោគជ័យក្នុងការធ្វើអ្វីមួយ នោះមនុស្សដែលមានមុខពីរ នឹងមិនសប្បាយចិត្ត គេងមិនលក់ នោះទេ។ 

រូបតំណាង

៧. ហាមភ្លេចខ្លួន និយាយដើមរបស់អ្នកទាំងនោះវិញ

ត្រង់ចំណុចនេះ ហាក់ស្រដៀងនឹងចំណុចទី៤បន្តិច ប៉ុន្តែគ្រាន់តែចំណុចនេះ ចង់ដាស់តឿនដល់អ្នកថា នៅពេលដែលឃើញគេនិយាយអាក្រក់ពីអ្នកហើយ អ្នកមិនត្រូវនិយាយអាក្រក់ពីគេវិញនោះទេ។ ព្រោះថាអ្នកនឹងអាចក្លាយខ្លួនជាមនុស្សមុខពីរវិញ ដោយមិនដឹងខ្លួននៅពេលដែលអ្នកនិយាយដើម របស់អ្នកដទៃ។ 

ព្រោះថាការនិយាយដើមគេ អាក្រក់ៗ មិនមែនជារឿងល្អនោះទេ ដូច្នេះហើយអ្នកត្រូវតែហាមចិត្តខ្លួនឲ្យបានថា មិនត្រូវនិយាយបកដើមអាក្រក់ៗរបស់អ្នកទាំងនោះ ចែកចាយបន្តទៅអ្នកផ្សេងនោះទេ។ ព្រោះថានៅពេលខ្លះ អ្នកដែលស្តាប់យើងនិយាយដើមគេអាក្រក់ៗ មិនប្រាកដថាពួកគេ មិនដើរនិយាយថាអ្នកពូកែនិយាយដើមគេនោះដែរ។ ដូច្នេះហើយ វិធីដែលល្អ គឺកុំខ្វល់នឹងរឿងអត់ប្រយោជន៍ទាំងនេះ។ 

រូបតំណាង

៨. ហាមចែករំលែករឿងទុក្ខលំបាករបស់អ្នក ជាមួយមនុស្សមុខពីរ

អ្នកគួរតែដឹងស្រាប់ហើយ នៅពេលដែលអ្នកលំបាក គឺជាពេលវេលាដែលពួកគេសប្បាយចិត្តបំផុត។ ព្រោះថាអ្នកទាំងនោះ គ្មានថ្ងៃចង់ឃើញអ្នករីកចម្រើន ឬជោគជ័យនោះទេ។ ម៉្យាងវិញទៀត បើសិនជាអ្នកចែករំលែករឿង ដែលអ្នកលំបាកទៅពួកគេនោះ អ្វីដែលអ្នកទទួលបានមកវិញ គឺច្បាស់ជាគ្រាំចិត្តលើសដើមជាមិនខាន ព្រោះពួកគេនឹងបន្ថែមមតិមិនល្អជាច្រើន ហើយពេលខ្លះអាចនឹងបន្ថែមសម្តី​លេបខាយ ឲ្យអ្នកកាន់តែឈឺចាប់ក៏មានដែរ។

ដូច្នេះហើយ ពេលដែលអ្នកពិបាកចិត្ត ឬជួបទុក្ខលំបាក គួរតែស្វែងរកនរណាម្នាក់ដែលអ្នកអាចទុកចិត្តបាន ហើយនិយាយជាមួយ។ ហើយត្រូវចាំថា ហាមដាច់ខាតចែករំលែករឿងលំបាក ជាមួយមនុស្សមុខពីរ ព្រោះថាពាក្យសម្តីលួងលោមរបស់ពួកគេ អាចនឹងធ្វើឲ្យអ្នកកាន់តែឈឺចាប់លើសដើម ជាមិនខាននោះទេ។ 

រូបតំណាង

៩. ព្យាយាមទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន

ទាំងនេះគឺជាវិធីដ៏ល្អបំផុត សម្រាប់អ្នក ព្រោះថានៅពេលដែលអ្នក មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនហើយ នោះមនុស្សដែលមានចរិតពស់ទាំងនោះនឹងមិនអាចធ្វើអ្វី អ្នកបាននោះទេ។ ត្រង់ចំណុចនេះ មានន័យថា បើទោះជាពួកគេខំនិយាយអាក្រក់ពីអ្នក ឬព្យាយាមឲ្យអ្នកដទៃស្អប់អ្នក ក៏គ្មាននរណាម្នាក់ជឿសម្តីគេនោះដែរ ព្រោះថាអ្នកកំពុងតែមានទំនាក់ទំនងល្អជាមួយ មនុស្សជុំវិញខ្លួនរួចទៅហើយ។ 

ម៉្យាងវិញទៀត អ្នកនឹងអាចឆាប់ដឹងដំណឹងបានរហ័ស បើសិនជាពួកគេនិយាយអាក្រក់ពីអ្នក ប្រាប់អ្នកដទៃ ព្រោះមនុស្សដែលចូលចិត្តអ្នក គេប្រាកដជាប្រាប់អ្នកគ្រប់យ៉ាងនៅពេល ដែលមានមនុស្សនិយាយអាក្រក់ៗពីអ្នក។ ត្រង់ចំណុចនេះ បើសិនជាអ្នកអាចធ្វើបាន អ្នកគឺប្រៀបដូចមនុស្សម្នាក់ ដែលមានអង្គរក្សចាំការពារយ៉ាងដូច្នេះដែរ ព្រោះថាបើសិនមានមនុស្សនិយាយអាក្រក់ពីអ្នក នោះអ្នកនឹងដឹងភ្លាមៗតែម្តង។ 

រូបតំណាង

១០. ត្រូវចាំថាលើលោកនេះ គ្មានយុត្តិធម៌រហូតនោះទេ

ត្រង់ចំណុចនេះ អាចនឹងប្រឆាំងនឹងចំណុចខាងលើទាំងអស់ ព្រោះថាមនុស្សភាគច្រើន គ្មានអ្នកណាអាចទ្រាំបាន នៅពេលដែលមានមនុស្សនិយាយអាក្រក់ពីខ្លួន ដែលទាំងខ្លួនមិនបានធ្វើអ្វីនោះទេ។ ដូច្នេះហើយបើសិនជាអាច អ្នកគួរតែផ្តល់មេរៀនខ្លះឲ្យពួកគេទើបបាន។ យ៉ាងណាមិញ ចំណុចនេះមិនមែនឲ្យអ្នកទៅស្តីឲ្យ ពួកគេវិញបន្ទាប់ពីដឹងថាពួកគេនិយាយអាក្រក់ពីអ្នកនោះទេ ព្រោះបើសិនជាអ្នកធ្វើដូច្នេះ ពួកគេច្បាស់ជាធ្វើមុខមិនដឹងហើយប្រាប់អ្នកថាពួកគេមិនបានធ្វើនោះទេ។

យ៉ាងណាមិញ វិធីដ៏ល្អបំផុតអ្នកត្រូវរកភស្តុតាងឲ្យបានច្បាស់ ពេលដែលពួកគេនិយាយអាក្រក់ពីអ្នក ដូចជា វីដេអូ ឬក៏សម្លេងរបស់ពួកគេក៏បាន។ ដូច្នេះហើយ ពួកគេនឹងមិនអាចប្រកែកបានទេ ព្រោះភស្តុតាងនៅនឹងភ្នែកស្រស់ៗបែបនេះទៅហើយ។ ម៉្យាងវិញទៀត មេរៀនដ៏ល្អបំផុតដែលអ្នកគួរផ្តល់ឲ្យពួកគេនោះគឺ បើសិនជាអាចឈប់ទាក់ទងជាមួយមនុស្សធន់នេះទៅ ព្រោះដើម្បីជាសេចក្តីសុខសម្រាប់អ្នកនៅថ្ងៃខាងមុខ៕ 

ប្រភព៖ wikihow | insidermasr | theglobeandmail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]