បញ្ហាកើតមានអង្គែស្បែកក្បាល ជារឿងធម្មតា និងកើតមានញឹកញាប់ទៅហើយ មិនថាចំពោះក្មេង ឬមនុស្សពេញវ័យនោះទេ។ ម្យ៉ាងទៀតបញ្ហានេះពិតជាគួរឲ្យធុញទ្រាន់ខ្លាំងបំផុត ព្រោះវាធ្វើឲ្យស្បែកក្បាល ឬសក់កង្វក់ និងធ្វើឲ្យសក់ខូច ហើយថែមទាំងពិបាកធ្វើម៉ូតសក់ទៀត ព្រោះវាមើលទៅអាក្រក់មើល។ ទន្ទឹមនឹងនេះផងដែរ អង្គែស្បែកក្បាលក៏អាចជារឿងមួយ ដែលគួរឲ្យខ្មាសអៀនសម្រាប់មនុស្សវ័យជំទង់ផងដែរ។

រូបភាពតំណាង

ដូច្នេះអ្នកកុំបារម្ភទៀតអី ខាងក្រោមនេះ ជារូបមន្តធម្មជាតិ ដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់អង្គែស្បែកក្បាល ហើយមានគ្រឿងផ្សំងាយស្រួលរក និងងាយស្រួលអនុវត្តន៍ទៀតផង។

១/ ខ្ទឹមសហ្មត់

របៀបអនុវត្តន៍៖

• ជាមួយនឹងវិធីមួយនេះ អ្នកត្រូវយកខ្ទឹមសចំនួន ៦ ឬ ៧កំពឹស ដាក់ក្រឡុក ឬបុកឲ្យហ្មត់ ដើម្បីឲ្យវាខាប់

• បន្ទាប់មកយកវាទៅលាបនៅលើស្បែកក្បាល រួចទុកចោលរយៈពេល ៣០នាទី ទើបលាងសម្អាតចេញ។ ទន្ទឹមនឹងនេះផងដែរ អ្នកអាចយកទឹកក្រូចឆ្មារសម្បកលឿង (Lemon) ឬទឹកខ្មេះប៉ោម (Apple Cider Vinegar) ក៏បាន ចាក់លាយនៅក្នុងទឹក ក្នុងការលាងជម្រះសក់ក្រោយពេលលាបល្បាយរួច ដើម្បីបំបាត់ក្លិនខ្ទឹមដែលជាប់នៅនឹងសក់។ 

រូបភាពតំណាង

២/ ខ្ទឹមស និង ទឹកឃ្មុំ

នៅពេលដែលអ្នកលាយផ្សំខ្ទឹមសជាមួយនឹងទឹកឃ្មុំនោះរួច វានឹងក្លាយទៅជាល្បាយដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់អង្គែស្បែកក្បាល។

របៀបអនុវត្តន៍៖

• ជាមួយនឹងវិធីនេះ អ្នកចាំបាច់ត្រូវយកខ្ទឹមសចំនួន ៦ ឬ៧កំពឹស និងទឹកឃ្មុំចំនួន ៦ស្លាបព្រា ហើយចាក់លាយគ្រឿងផ្សំទាំងពីរបញ្ចូលគ្នា ដោយធ្វើការក្រឡុក ឬបុកឲ្យសព្វល្អក្លាយជាល្បាយតែមួយ។

• បន្ទាប់មកយកល្បាយនេះលាបនៅលើស្បែកក្បាល ដោយធ្វើការម៉ាស្សាដើម្បីឲ្យវាជ្រាបដល់ស្បែកក្បាលបានល្អ រួចទុកចោលរយៈពេល ១០ ទៅ១៥នាទី ទើបលាងសម្អាតចេញជាការស្រេច។

• អ្នកអាចអនុវត្តន៍របៀបនេះ ពីរដងក្នុងមួយសប្តាហ៍។ 

រូបភាពតំណាង

៣/ ខ្ទឹមស និង ប្រេងដូង ឬប្រេងអូលីវ

របៀបអនុវត្តន៍៖

• របៀបមួយនេះ អ្នកត្រូវយកខ្ទឹមសចំនួន ៨កំពឹស និង ប្រេងដូងសមល្មម ឬប្រេងអូលីវក៏បាន។

• ជំហានដំបូង បុកខ្ទឹមសឲ្យហ្មត់ រួចចាក់ប្រេងដូង ឬប្រេងអូលីវចូល ហើយត្រាំទុកល្បាយនេះរយៈពេល ១ម៉ោង ហើយយកវាទៅដាក់ដាំឲ្យពុះ បន្ទាប់មកទុកវាឲ្យត្រជាក់។

• ក្រោយពីត្រជាក់ហើយ យកវាមកម៉ាស្សានៅលើស្បែកក្បាល ដើម្បីឲ្យវាជ្រាបចូលសព្វល្អជាការស្រេច។ អ្នកអាចអនុវត្តន៍បីដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលល្អ។ 

រូបភាពតំណាង

៤/ ខ្ទឹមស និង ក្រូចឆ្មារសម្បកលឿង

របៀបអនុវត្តន៍៖

• វិធីនេះ ត្រូវយកខ្ទឹមសចំនួន ៣ ទៅ ៤កំពឹស និង ក្រូចឆ្មារសម្បកលឿង ១ផ្លែ

• ជាដំបូង អ្នកត្រូវច្របាច់ក្រូចឆ្មារសម្បកលឿងយកទឹក និង កិនខ្ទឹមសឲ្យហ្មត់ហើយយកតែទឹករបស់វា រួចលាយទឹកទាំងពីរចូលគ្នាឲ្យសព្វ

• បន្ទាប់មកយកល្បាយនេះលាបនៅលើស្បែកក្បាល ហើយទុកចោលរយៈពេល ១០ ទៅ១៥នាទី រហូតវាស្ងួត ទើបលាងសម្អាតចេញ។ អ្នកអាចអនុវត្តន៍ពីរ ឬបីដងក្នុងមួយសប្តាហ៍៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]