ន័រវេស៖  អ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើនកំពុងរកវិធីកាត់បន្ថយពន្លឺព្រះអាទិត្យដោយប្រើផ្សែងអ័ព្ទ ដើម្បីបន្ថយកម្ដៅនៅលើផែនដី ហើយគេក៏សង្ឃឹមដែរថា ការដែលបញ្ចេញសារធាតុគីមីទៅលើបរិយាកាស ដើម្បីបាំងពន្លឺព្រះអាទិត្យនេះ នឹងមានគ្រោះថ្នាក់តិចជាង ការកើនឡើងកម្ដៅនៃពិភពលោក។

រូបតំណាង

ការស្រាវជ្រាវទៅលើរឿងនេះ កំពុងត្រូវបាន​សិក្សានៅក្នុងប្រទេសធំៗជាច្រើនដូចជា សាកលវិទ្យាល័យ Harvard និង Oxford ជាដើម។ ហើយវាត្រូវបានគេដាក់ឈ្មោះថា «Solar Geo-engineering» ដែលគេមានបំណងចង់ត្រាប់តាមផ្សែងអ័ព្ទដូចការផ្ទុះភ្នំភ្លើងដ៏ធំមួយ ដែលអាចបញ្ចុះកម្តៅផែនដីបានដោយគ្របដណ្ដប់វាដោយផ្សែង។

ហើយថ្មីៗនេះមានអ្នកវិទ្យាសាស្ត្រ១២នាក់ មកពីប្រទេសបង់ក្លាដេស ប្រេស៊ីល ចិន ឥណ្ឌា ចាម៉ៃកា និងថៃ បានចេញលិខិតមួយថា ប្រទេសក្រីក្រគឺជាអ្នករងគ្រោះដោយសារការកើនឡើងកម្ដៅពិភពលោកខ្លាំងជាងគេ ហើយគេគួរតែព្យាយាមរកដំណោះស្រាយដោយខ្លួនឯង។

គេបានបន្ថែមថា «ប្រទេសកំពុងអភិវឌ្ឍត្រូវតែធ្វើជាអ្នកដឹកនាំក្នុងការស្រាវជ្រាវពី Solar geo-engineering»។ វិធីដែលគេចង់សម្រេចគោលដៅ រួមមាន ការបញ្ជាយន្តហោះ ឲ្យបាញ់សារធាតុគីមីទៅកាន់បរិយាកាសខាងលើនៃផែនដីជាដើម។

រូបតំណាង

លោក Atiq Rahman ដែលជាអ្នកដឹកនាំនៃក្រុមអ្នកវិទ្យាសាស្ត្រនេះបាននិយាយថា «Solar geo-engineering ជាគំនិតមួយដែលមិនគួរឲ្យជឿ ក៏ប៉ុន្តែវាកំពុងតែទទួលការពេញនិយមយ៉ាងខ្លាំង ពីអ្នកវិទ្យាសាស្ត្រជាច្រើន»។

គេនឹងធ្វើការស្រាវជ្រាវឲ្យបានកាន់តែច្បាស់ថែមទៀតពីផលប៉ះពាល់នៃ Solar geo-engineering ទៅលើអាកាសធាតុដូចជា ភាពរាំងស្ងួត ទឹកជំនន់ និងខ្យល់មូសុងជាដើម។

រូបតំណាង

បើតាមលិខិតមួយដែលបែកធ្លាយពីអង្គការសហប្រជាជាតិបានថ្លែងថា «វាគឺជារឿងដែលមិនអាចទៅរួចទេ ទាំងផ្នែកសេដ្ឋកិច្ច និង សង្គម»។ គេបានបន្តទៀតថា «វាអាចរំខានដល់ដំណើរនៃវដ្តរបស់អាកាសធាតុ ហើយពេលដែលគេចាប់ផ្ដើមធ្វើ Solar geo-engineering រួច គេប្រហែលជាមិនអាចបកក្រោយបានវិញទេ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]