ខេត្តព្រះសីហនុ ៖ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក់បានបុកពីក្រោយម៉ូតូមួយគ្រឿង បណ្តាលឲ្យក្មេងស្រីម្នាក់ដែលជិះម៉ូតូនោះស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១០ព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចជិតកន្លែងលក់ផ្លែឈើ ខាងលិចផ្លូវបំបែកស្រែអំបិល ចន្លោះគីឡូម៉ែត្រលេខ១៤២-១៤៣ លើផ្លូវជាតិលេខ៤ ក្នុងភូមិចម្ការហ្លួង ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ក្មេងស្រីរងគ្រោះវ័យមានឈ្មោះ ឌឿន ឡាវីហ្សា បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មានអាយុ១៦ឆ្នាំ ។ ឯម៉ូតូដែលក្មេងស្រីរងគ្រោះជិះម៉ាក វ៉េវ ពាក់ស្លាកលេខ កោះកុង 1A-0089 ទិសដៅទៅភ្នំពេញ ខណៈមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្ត (មិនស្គាល់អត្តសញ្ញាណ) បុកពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។
ក្រោយកើតហេតុភាគីខាងរថយន្តបានបើករត់គេច ទិសដៅទៅភ្នំពេញ ។ ពាក់ព័ន្ធ និងករណីនេះ តាមសេចក្តីរាយការណ៍ពីពលរដ្ឋនៅក្បែរនោះប្រាប់បណ្តាញព័ត៌មានថា មុនស្លាប់ក្មេងស្រីរងគ្រោះបានកំពុងរត់ធ្វើការងារផ្សេងៗ ជួយក្នុងពិធីបុណ្យសព អ្នកភូមិមួយគ្រួសារមានចំនួន៤នាក់ ដែលជាបុណ្យគម្រប់៧ថ្ងៃ ដែលបានស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ នៅឯខេត្តបន្ទាយមានជ័យ កាលពីសប្តាហ៍មុន ដែលមានរោងបុណ្យនៅកន្លែងលក់ផ្លែឈើជាប់ផ្លូវជាតិ ប្រហែល១០០ម៉ែត្រ ពីកន្លែងកើតហេតុ និងក្មេងរងគ្រោះក៏ត្រូវជាសាច់ញាតិជាមួយក្រុមគ្រួសារសព អ្នកភូមិ៤នាក់នោះផងដែរ ។ ដោយឡែករថយន្តក្រោយកើតហេតុ បានបន្តបើកទៅមុខបាត់ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]