អង់គ្លេស៖ គ្រូបង្វឹករបស់ Swansea លោក Carlos Carvalhal បានលើកសរសើរគ្រូបង្វឹករបស់ក្រុម Manchester United ថា លោក Jose Mourinho ជាស្តេចបាល់ទាត់នៃប្រទេសព័រទុយហ្គាល់។

ថ្លែងប្រាប់សារព័ត៌មាន Carlos Carvalhal បាននិយាយថា Mourinho គឺជាមនុស្សដ៏សំខាន់ម្នាក់ប្រចាំប្រទេសព័រទុយហ្គាល់ ហើយគាត់បានស្តារមុខមាត់ប្រទេសជាតិច្រើនណាស់ ជាពិសេស គឺផ្នែកបាល់ទាត់នេះតែម្តង។

Carvalhal បានបន្តថា ពេលដែលលោក Mourinho នៅជាគ្រូបង្វឹកក្រុម Porto គាត់បានផ្តល់នូវឱកាសឲ្យកីឡាករយុវជន របស់ព័រទុយហ្គាល់ជាច្រើននាក់ បានបញ្ចេញសមត្ថភាពទៅកាន់ពិភពលោក ធ្វើឲ្យកីឡាករជំនាន់ក្រោយៗ ខំប្រឹងហ្វឹកហាត់កាន់តែខ្លាំងជាមុនទៅទៀត។

គ្រូបង្វឹកក្រុម Swansea រូបនេះ បានបន្ថែមទៀតថា លោក Mourinho ក៏បានស្តារមុខមាត់គ្រូបង្វឹក ដែលមានសញ្ជាតិព័រទុយហ្គាល់ផងដែរ។ ហើយលោកជឿជាក់ថា បើមិនមានលោក Mourinho ទេ ប្រហែលបាល់ទាត់របស់ព័រទុយហ្គាល់មិនឈានមុខ និងជោគជ័យដល់ថ្នាក់នេះនោះឡើយ។

គួរឲ្យដឹងថា ក្រុម Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុម Swansea នៅយប់ថ្ងៃទី៣១ ខែមីនា ខាងមុខនេះ ៕ 

លោក Carlos Carvalhal
លោក​ Mourinho កាលនៅបង្វឹកក្រុម​ Porto

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]