បច្ចុប្បន្ននេះ ជាសម័យជឿងលឿន ដូច្នេះហើយអ្វីៗក៏រហ័ស ផ្សព្វផ្សាយព័ត៌មានក៏លឿនទាន់ចិត្ត ចង់បង្ហោះបង្អួតអ្វីទៅកាន់់អ្នកដទៃ ក៏អាចល្បីសុះសាយបានដល់គ្រប់ទីកន្លែង ដោយមិនបាច់ចំណាយថវិកាអស់ច្រើនហើយ ថែមទាំងឆាប់ល្បីទៀត។

តួយ៉ាង មកដល់បច្ចុប្បន្ននេះ យើងសង្កេតឃើញថា មានមិត្តៗយុវវ័យជាច្រើន ពួកគេនិយមចូលចិត្តបង្ហោះរូបស្វីតរ៉ូមែនទិកជាមួយនឹងគូស្នេហ៍ នៅពេលពួកគេ ដើរលេងកម្សាន្តម្តងៗ។

ជាការពិតណាស់ ភាគច្រើនគូស្នេហ៍ដែលទើបតែស្រលាញ់គ្នាថ្មីថ្មោង ពួកគេតែងតែមានអារម្មណ៍រំភើបប្រៀបដូចសួនផ្កាកំពុងរីកពេញបេះដូង ដែលធ្វើឲ្យពួកគេអត់មិនបាន នឹងបង្ហោះរូបថតស្វីតៗ ជាមួយនឹងពាក្យផ្អែមល្ហែមវាចាស្នេហ៍យ៉ាងវែងអន្លាយនៅលើបណ្តាញសង្គម បង្ហាញគេឯងបានឃើញ និងមានមោទនៈភាពចំពោះស្នេហាខ្លួនដូចគ្នា។ ប៉ុន្តែមិនថាយ៉ាងណា គូស្នេហ៍ដែលនិយមចូលចិត្តបង្ហោះរឿងផ្ទាល់ខ្លួន ឲ្យអ្នកដទៃបានឃើញបានដឹង ដូចជាពេលដែលឈ្លោះគ្នាមិនយល់ចិត្តគ្នាក៏បង្ហោះ ពេលត្រូវរ៉ូវគ្នាវិញក៏បង្ហោះ មានរឿងអ្វីនឹងគ្នាក៏បង្ហោះ ភាគច្រើនគេសង្កេតឃើញថា គូស្នេហ៍ទាំងនេះស្រលាញ់គ្នាមិនសូវបានយូរឡើយ។

ខាងក្រោមនេះ ជាកត្តាទាំង១០ ដែលជាហេតុនាំឲ្យគូស្នេហ៍ដែលចូលចិត្តបង្ហោះរឿងស្នេហា ឆាប់បែកបាក់់គ្នា៖

១. បោកប្រាស់ខ្លួនឯង

គូស្នេហ៍មួយចំនួនចូលចិត្តបង្ហោះរូបថតស្វីតជាមួយគ្នា បង្ហាញពីស្នាមញញឹម បង្ហោះសារប្រលោមស្នេហ៍ជាមួយគ្នាស្ទើរតែរៀងរាល់ថ្ងៃ ដើម្បីបង្ហាញឲ្យអ្នកជុំវិញបានឃើញ និងច្រណែនពីសុភមង្គលក្នុងសេចក្តីស្នេហារបស់ខ្លួន ព្រមទាំងទទួលបានការ Like  Comment និង Share ច្រើននៅលើគណនីសង្គមរបស់ខ្លួនផងដែរ។

ប៉ុន្តែដោយតាមពិតទៅ ស្នេហាពួកគេមិនបានមានភាពល្អឥតខ្ចោះអ្វី ដូចដែលពួកគេបង្ហោះទាំងស្រុងនោះទេ ពីព្រោះតែគូស្នេហ៍ទាំងនេះជាមនុស្សDrama យកបណ្តាញសង្គមជាធំ ដោយហេតុនេះស្នេហាពួកគេតែងតែទទួលបានឥទ្ធិពលខ្លាំងពីមជ្ឈដ្ឋានខាងក្រៅ ដោយស្តាប់ពាក្យអ្នកដទៃច្រើនជាងគូស្នេហ៍របស់ខ្លួន។ ជាហេតុដែលធ្វើឲ្យស្នេហារបស់ពួកគេ មានភាពរកាំរកូស ឈ្លោះទាស់ទែងជាប្រចាំ រហូតឈានដល់ការចែកផ្លូវគ្នាថែមទៀតផង។

២. ធ្វើឲ្យអ្នកដទៃសើចយំចំពោះស្នេហាខ្លួន

មនុស្សមួយចំនួនគិតថា ការដែលបង្ហោះរឿងរបស់់ខ្លួននៅលើបណ្តាញ វាធ្វើឲ្យអារម្មណ៍របស់ពួកគេធូរស្រាលជាងមុន ជាពិសេសគឺបានបង្ហោះពីបញ្ហាផ្ទាល់ខ្លួនដែលកំពុងតែប្រឈមតែម្តង។ ពួកគេអាចទទួលបានមតិ Comment ជាច្រើនពីបណ្តាមិត្តភក្តិ ដោយខ្លះក៏បានសរសេរជាសារលើកទឹកចិត្តទៅ រីឯអ្នកខ្លះទៀតក៏ធ្វើជាសួរនាំបែបព្រួយបារម្ភទៅ ដោយតាមពិតទៅចង់ដឹងរឿងផ្ទៃក្នុងរបស់អ្នកដទៃសោះ។ បន្ថែមពីនេះ ជួនជាពួកគេជាអ្នកពូកែ Dramaស្រាប់ផង ក៏មិនកំណាញ់នឹងទម្លាយរឿងខ្លួនឯងប្រាប់ដទៃខ្ទេចគ្មានសល់។

ជាការពិតណាស់ ពេលដែលស្នេហាត្រូវរ៉ូវគ្នា បង្ហោះប្រាប់គេឯងថា គូស្នេហ៍ខ្លួនជាមនុស្សល្អណាស់ល្អនេះល្អនោះស្រលាញ់ស្ទើរលេប ដល់ពេលឈ្លោះគ្នា ក៏បង្ហោះប្រាប់គេថា សង្សារខ្លួនជាមនុស្សមិនល្អបែបនេះ អាក្រក់បែបនោះជាដើម ដោយទាំងនេះសុទ្ធសឹងតែជា រឿងដ៏ល្ងង់ខ្លៅ ដែលធ្វើឲ្យអ្នកដទៃសើចយំពីស្នេហារបស់អ្នកជាទីបំផុត។

៣. ជ្រួលជ្រើមតាមគេតាមឯង

នៅពេលដែលឃើញអ្នកដទៃបង្ហោះរូបផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ អ្នកក៏ចង់បង្ហោះដូចជាគេដែរ ដោយចង់ធ្វើតាមគេ ដូចពាក្យមួយម៉ាត់គេនិយាយថា «ជ្រួលជ្រើម» រហូតធ្វើឲ្យអ្នកភ្លេចគិតដល់អារម្មណ៍សង្សាររបស់អ្នក ថាគេចង់បានអ្វី? គេចង់បានស្នេហាដូចដែលអ្នកចង់ធ្វើតាមអ្នកដទៃ ដែលមិនមែនជាខ្លួនឯងដែរឬទេ?។ ដោយទាំងនេះហើយ ជាចន្លោះប្រហោងនៃស្នេហាសម័យទំនើបរបស់អ្នក។

ចូរធ្វើអ្វីដែលជាខ្លួនឯង ដោយមិនត្រាប់តាមអ្នកដទៃ ត្រូវស្វែងយល់ពីគ្នា កុំព្យាយាមបង្ហាញពីសកម្មភាពស្នេហារបស់ខ្លួន នៅលើបណ្តាញសង្គមច្រើនពេក ព្រោះវានឹងធ្វើឲ្យប៉ះពាល់ជះដល់ស្នេហាអ្នក នឹងធ្វើឲ្យអ្នកស្តាយក្រោយនៅថ្ងៃណាមួយក៏ថាបានដែរ។

៤. ស្រលាញ់គ្នាហេតុអ្វីចាំបាច់លាក់បាំង?

មនុស្សមួយចំនួន តែងគិតថា បើស្រលាញ់គ្នាស្មោះពិតហេតុអ្វីចាំបាច់លាក់បាំងមិនឲ្យអ្នកដទៃដឹង? ឬក៏ដៃគូរបស់គេកំពុងតែលួចលាក់ស្រលាញ់អ្នកផ្សេងទៀត ទើបបានជាមិនព្រមបង្ហាញពីទំនាក់ទំនងស្នេហារបស់ខ្លួន នៅលើបណ្តាញសង្គមអ្វីបែបនេះ។ តាមពិតទៅ ការដែលជ្រើសរើសមនុស្សម្នាក់ដើម្បីចូលមកគ្រប់គ្រងបេះដូងឲ្យបានយូរអង្វែង និងពោរពេញទៅដោយភាពជឿជាក់ គួរគប្បីណាតែមើលចិត្តស្គាល់ពីគ្នាឲ្យបានច្រើនសិន ថាតើគេជាមនុស្សបែបណា គេមាននិស្ស័យបែបណា? ហើយគួរឲ្យទុកចិត្តបានដល់កម្រិតណាដែរ?

ចូរកុំជ្រើសស្រលាញ់គេតែពីសំបកក្រៅ ត្រូវមើលចិត្តខាងក្នុងផង បើមិនដូច្នោះអ្នកនឹងជួបស្នេហ៍ខកបំណងម្តងហើយម្តងទៀត ដោយសារតែជ្រើសរើសមនុស្សខុស សាវា ខិលខូច មិនស្មោះត្រង់រកទុកចិត្តមិនបាន។ តួយ៉ាង បើគេស្រលាញ់យើងពិត បើទោះបីជាមិនបង្ហោះរូបផ្សព្វផ្សាយឲ្យអ្នកដទៃបានដឹង ក៏គេមិនរត់ទៅណាចោលអ្នកដែរ គេនៅតែស្រលាញ់នឹងស្មោះត្រង់នឹងអ្នក។

៥. ងប់ងល់ភ្លេចគិតពីគូស្នេហ៍

យុវវ័យសម័យបច្ចុប្បន្នស្ទើរតែ៨០ភាគរយ ទៅហើយ ងប់ងល់នឹងទូរស័ព្ទ កុំព្យូទ័រ វក់ជាមួយនឹងការលេងបណ្តាញសង្គម និងហ្គេមរហូតភ្លេចដល់ សង្សារខ្លួនឯង។ គូស្នេហ៍យុវវ័យសម័យនេះ ភាគច្រើនចែកផ្លូវគ្នា ដោយសារតែគ្មានពេលគ្រប់គ្រាន់សម្រាប់គ្នា ដោយសារតែ ភាពអាក់អន់ចិត្ត និងមិនចេះបែងចែកពេលវេលាសម្រាប់គ្នាឲ្យច្បាស់លាស់។

ឬម៉្យាងទៀត អាចថាពួកគេនៅមានចរិតក្មេងខ្ចីនៅឡើយ ដូចនេះ រាល់ទង្វើនិងការសម្រេចចិត្តភាគច្រើន ពួកគេយកអារម្មណ៍មកប្រើប្រាស់ និងចូលចិត្តDrama ច្រំដែរៗ ជាពិសេសគឹបង្ហោះសារនិយាយពីអារម្មណ៍ពិតរបស់ខ្លួនយ៉ាងវែងអន្លាយ នៅលើបណ្តាញសង្គម ស្ទើរតែរាល់ថ្ងៃ ដែលមិនត្រឹមតែធ្វើឲ្យគូស្នេហ៍ធុញទ្រាន់នោះទេ សូម្បីតែអ្នកអាន និង ចុចLike និងComment ក៏ធុញជម្រេញស្ទើរតែចង់ Unfriend ដែរ។

៦. សេបគប់គ្នាគ្រាន់តែបំពេញការអផ្សុក និងចង់បញ្ឈឺសង្សារចាស់

ដោយសារតែនៅឯកាយូរពេក ឬក៏ឈឺចាប់ដោយសារតែការបាត់បង់ស្នេហា ទើបចង់រកមនុស្សម្នាក់មកកំដរអារម្មណ៍ គ្រាន់បានបង្ហោះរូបថតស្វីតៗនឹងគេ។

ឧទាហរណ៍ ជាក់ស្តែង ដូចជាបច្ចុប្បន្ននេះ យុវវ័យមួយចំនួន ចូលចិត្តធ្វើរឿងមួយដើម្បីបញ្ឈឺសង្សារចាស់របស់ពួកគេ នោះគឺ ពួកគេបាននឹងទៅសេពគប់ជាមួយនឹងសង្សារថ្មីម្នាក់ទៀត ដើម្បីតែបានបង្ហោះរូបថតផ្អែមល្ហែម ក៏ដូចជាសរសេរសារស្នេហារ៉ូមែនទិក ដើម្បីបញ្ឈឺសង្សារចាស់របស់ពួកគេផងដែរ។ ប៉ុន្តែមិនថាយ៉ាងណា គេសម្គាល់ឃើញថាស្នេហាបែបនេះគឺនៅជួបជុំគ្នាមិនបានយូរឡើយ។

៧. គូស្នេហ៍ចួលចិត្តបង្ហោះរូបស្វីត ភាគច្រើនពូកែឈ្លោះគ្នា

គូស្នេហ៍Show Off ដែលចូលចិត្តបង្ហោះរូបនិងសារស្នេហានៅបណ្តាញសង្គម ភាគច្រើនជាគូស្នេហ៍ដែលពូកែឈ្លោះគ្នាបំផុត។ ដោយតាមរយៈការស្រាវជ្រាវទៅលើគូស្នេហ៍ចំនួន១០០គូ បានឲ្យឃើញថា គូស្នេហ៍ដែលចូលចិត្តបង្ហាញគេឯងនៅលើបណ្តាញសង្គម គឺពូកែឈ្លោះគ្នាខ្លាំង ផ្ទុយពីគូស្នេហ៍ដែលគេមិនចូលចិត្តបង្អួតនៅលើបណ្តាញសង្គម ដែលគេមានសុភមង្គលនិងកម្រឈ្លោះណាស់ ដូចពាក្យមួយឃ្លាគេនិយាយថា « Happy couple They don’t post much on Social Media »។

គូស្នេហ៍ចូលចិត្ត Show Off សម្បូររឿងឈ្លោះគ្នាជាប្រចាំណាស់ ដោយភាគច្រើនទាក់ទងទៅលើរឿងប្រច័ណ្ឌច្រណែន ដោយសារតែសង្សារខ្លួន ទៅ Like និង Comment លើរូបថតអ្នកផ្សេង ឬក៏ខឹងគ្នាដោយសារតែភាគីម្ខាងទៀត មិនសូវចូលចិត្តការបង្ហោះរូបគូ ឬក៏សារផ្អែមល្ហែមដាក់ជាមួយគ្នាជាដើម ដោយគិតថាគេប្រែចិត្តឈប់ស្រលាញ់់ខ្លួនជាដើម។

៨. ឧបសគ្គស្នេហ៍

ជារឿងធម្មតាទៅហើយ ដែលយុវវ័យជំទង់ៗមួយចំនួន ត្រូវបានខាងក្រុមគ្រួសារហាមឃាត់មិនឲ្យពួកគេបានសេពគប់មានស្នេហាឡើយ ដោយសារតែខ្លាចថា នឹងធ្វើឲ្យប៉ះពាល់ដល់ការសិក្សា និងអនាគតរបស់ពួកគេ លើសពីនេះទៅទៀត ក៏ខ្លាចថាពួកគេអាចនឹង លង់ចិត្តគំនិតដើរផ្លូវខុស ប្រព្រឹត្តខុសក្នុងប្រការណាមួយក៏ថាបានដែរ។

ដោយសារហេតុនេះ ស្របពេលដែលស្រលាញ់គ្នាខ្លាំងពេក រហូតដល់ភ្លេចខ្លួនក៏ទៅបង្ហោះរូបស្វីតៗនៅលើបណ្តាញសង្គម ដែលធ្វើឲ្យខាងក្រុមគ្រួសារឪពុកម្តាយ ឃើញហើយមិនពេញចិត្ត និងត្រូវបង្ខំឲ្យពួកគេចែកផ្លូវគ្នាក៏មានដែរ។

៩. គុណវិបត្តិក្រោយបែកគ្នា

យ៉ាងណាមិញ ក៏សូមលើកយកនូវគុណវិបត្តិមួយចំនួន ទាក់ទងទៅនឹងការដែលបង្ហោះរូបជាមួយនឹងសង្សារនៅលើបណ្តាញសង្គមបែបនេះ។ ដោយយើងមាន២​សំណួរចង់សួរទៅកាន់អ្នក ដោយចង់សួរថា តើអ្នកមានភាពប្រាកដប្រជានិងជឿជាក់ចំពោះស្នេហាអ្នកដល់កម្រិតណាដែរ? ចុះបើពេលបែកគ្នាទៅ តើអ្នកនឹងធ្វើយ៉ាងណា?

បើសិនជាអ្នកមិនមានភាពប្រាកដប្រជា ឬក៏មិនទាន់មើលឃើញផ្លូវទៅអនាគតជាមួយនឹងគ្នានៅឡើយទេ ចូរកុំសូវចូលចិត្តបង្ហោះរូបនៅលើបណ្តាញសង្គមច្រើនពេក ព្រោះវានឹងធ្វើឲ្យអ្នកស្តាយក្រោយនៅថ្ងៃណាមួយជាមិនខាន។ ពីព្រោះបើសិនជា ថ្ងៃណាមួយអ្នកនឹងត្រូវចែកផ្លូវគ្នា នោះអ្នកនឹងពិបាកក្នុងការលុបរូបភាពឡើងវិញ និងមានអារម្មណ៍ស្តាយក្រោយដែលធ្វើបែបនេះជាខ្លាំង។

១០.គុណវិបត្តិត្រូវគេនិយាយដើម

សួរថាការដែលបង្ហោះរូបឱបថើបគ្នាឲ្យអ្នកដទៃឃើញ តើគេនឹងវាយតម្លៃអ្នកយ៉ាងណា?

យល់ហើយពាក្យដែលថា បើស្រលាញ់គ្នាចាំបាច់លាក់បាំងគេធ្វើអ្វីនោះ ប៉ុន្តែការដែលបញ្ចេញសម្ងែងខ្លាំងពេក គេហៅថា លើសទៅវិញហើយ។ ជាក់ស្តែង ឃើញមានមនុស្សមួយចំនួន ហ៊ានទម្លាយពីរូបថតឱបថើបគ្នាយ៉ាងស្អិតរមួតនៅលើបណ្តាញសង្គម បង្អួតគេឯងពីសេចក្តីសុខស្នេហារបស់ខ្លួន ដោយភ្លេចគិតមាត់និងចិត្តគំនិតរបស់ អ្នកដទៃវាយតម្លៃចំពោះខ្លួន។ 

ជាការពិតណាស់ ជាពិសេសគឺខាងនារីៗត្រូវរងការប៉ះពាល់ខ្លាំងជាងបុរស ដោយអាចត្រូវគេវាយតម្លៃ ពីទំនាក់ទំនងស្នេហារបស់អ្នក ថាវាអាចមានភាពស៊ីជម្រៅខ្លាំង លើសពីគូស្នេហ៍ធម្មតាគេធ្លាប់ធ្វើ និងត្រូវបានគេគិតថាអ្នកជាមនុស្សស្រីបែបនេះបែបនោះថែមទៀតផង៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

ប្រភពពី៖ Inc Independent | Thisisinsider | Brainfodder

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]