រាជធានី​ភ្នំពេញ ៖ ស្រី​ស្រស់​សោភា​ស្រវឹងស្រា​ធ្លាក់​ភ្នែក​បើកបរ​រថយន្ត​បោះពួយ​យ៉ាង​លឿន​រេ​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​ប្រមូល​ស៊ី​ន​ទ្រី​មួយ​គ្រឿង ដែល​កំពុង​ឈប់​ចត​យក​សំរាម​បណ្ដាល​ឲ្យ​កម្មករ​ម្នាក់​រង​របួស​បាក់ជើង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងត្បូង​អង់​តែ​ន​ទួល​គោក ប្រមាណ​១០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

ទីកន្លែងកើតហេតុ

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​វ័យ​ប្រមាណ​៣០​ឆ្នាំ​ម្នាក់​ស្រវឹង​ជោកជាំ បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២U-៨៣១៥ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៨៩ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ 

លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ខាងលើ​ក៏​បាន​រេ​ចង្កូត​ទៅ​ខាងស្តាំ​ទៅ​បុក​បុរស​ម្នាក់ ដែល​ជា​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ដែល​កំពុង​ឈរ​លើក​សំរាម​ដាក់​ចូល​រថយន្ត បណ្ដាល​ឲ្យ​រង​របួស​បាក់ជើង​ខាងឆ្វេង ហើយ​រថយន្ត​បង្ក​ក៏​បន្ត​ទៅ​បុក​គូទ​រថយន្ត​ស៊ី​ន​ទ្រី ដែល​កំពុង​ឈប់​ចត​យក​សំរាម​នៅ​លើ​ចិញ្ចើម​ផ្លូវ ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ស៊ី​ន​ទ្រី រង​ការ​ខូចខាត​វាច​ផ្នែក​ខាងក្រោយ ចំណែកឯ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ។ 

ឡានបង្កហេតុ

ភ្លាម​ៗ​នេះ​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ចុះ​ពីលើ​រថយន្ត​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នោះ​ទេ​គឺ​អង្គុយ​ស​ង្ងំ​នៅ​តែ​ក្នុង​រថយន្ត​របស់​ខ្លួន បន្ទាប់​មក​ក៌​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AU-៣៣៨៩ បាន​បើក​មក​យក​ស្ត្រី​ដែល​ជា​អ្នកបើកបរ​រថយន្ត​បង្ក​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ បុរស​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយឡែក​រថយន្ត​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕|

ឡានបង្កហេតុ
ឡានបង្កហេតុ
ឡានដឹកសម្រាមដែលត្រូវគេបុក
រថយន្តបង្កហេតុ
រថយន្តបង្កហេតុ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]