រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​សន្តិសុខ​ឯកជន​ម្នាក់​បាន​រត់​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​រក​យុត្តិ​ធម៌ ក្រោយ​ពី​រូប​នាង​ត្រូវ​ប្រធាន​ក្រុម​ចាប់រំលោភ​រហូត​សម្រេច រួម​គំរាម​សម្លាប់​បើ​នាង​ទម្លាយ​រឿង​នេះ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ មីនា ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ស្ត្រីជន​រង​គ្រោះ​ខាងលើ​មាន​អាយុ​៤៦​ឆ្នាំ មុខរបរ​សន្តិសុខ ចំណែក​ជនសង្ស័យ​ឈ្មោះ សួង សុខ​ឌឿ​ន អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ និង​ប្រធាន​ដឹកនាំ​ក្រុម​សន្តិសុខ​ទូទៅ​នៃ​ក្រុមហ៊ុន​ឯកជន​មួយ ។

ប្រ​ភ​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​០៩ មីនា បុរស​ជា​ប្រធាន​ក្រុម​មក​ពី​ច្រៀង​ខារ៉ាអូខេ​នៅ​ម៉ោង​រំលង​អធ្រាត្រ ហើយ​ចាប់​ស្ត្រី​រង​គ្រោះ​ចូល​បន្ទប់​ខ្លួន​ប៉ុនប៉ង​រំលោភ​តែ​មិន​សម្រេច លុះដល់​យប់​ឈាន​ចូល​ថ្ងៃ​ទី​១១ ជនសង្ស័យ​ត្រឡប់​មក​ពី​ច្រៀង​ក៏​ចាប់​ស្ត្រី​រង​គ្រោះ​ម្តងទៀត ទើបបាន​សម្រេច ក្រោយ​រំលោភ​រួច​ជនសង្ស័យ​បាន​គំរាម​សម្លាប់ ប្រសិនបើ​នាង​និយាយ​រឿង​នេះ​ប្រាប់​នរណា​ផ្សេង​នោះ។

ដោយ​ការ​ភ័យ​ខ្លាច​ស្ត្រី​រង​គ្រោះ​មិន​បាន​ប្រាប់​ឡើយ លុះ​ថ្ងៃ​ទី​១៨ នាង​សម្រេចចិត្ត​ប្រាប់​រឿង​នេះ​ទៅ​អ្នកធ្វើការ​ជាមួយ​គ្នា ក៏​ត្រូវ​ពួក​គេ​ឱ្យ​យោបល់​ទៅ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។ ហើយ​ព្រឹក​ថ្ងៃ​ទី​១៩ នាង​ក៏​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ រៀបរាប់​ពី​ដំណើររឿង​ប្រាប់​សមត្ថកិច្ច ដើម្បី​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

ក្រោយ​ការ​ដាក់​ពាក្យបណ្តឹង​រួចរាល់ សម​ម​ត្ថ​កិច្ច​បាន​ហៅ​សាក្សី​ម្នាក់​មក​បំភ្លឺ​ផង​ដែរ ដែល​ជា​សន្តិសុខ​សម្រាក​នៅផ្ទះ​ជួល​ជាមួយ​គ្នា​ដែល​បានឃើញ និង​លឺ​សូរ​សម្រែក​របស់​ស្ត្រី​រង​គ្រោះ តែ​មិន​ហ៊ាន​ជួយ ព្រោះ​ជនសង្ស័យ​ជា​មេ​កើយ ។

លោក​ណេ​ង សា​មឿ​ន នាយ​ប៉ុស្តិ៍​នគរបាល​ឱ្យ​ដឹង​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង និង​រាយការណ៍​ជូន​ថ្នាក់លើ​រួច​មក នគរបាល​នៃ​នាយកដ្ឋាន​សន្តិសុខ​ឯកជន​ក្រសួងមហាផ្ទៃ​បាន​មក​ទទួល​ពាក្យបណ្តឹង​បន្ត ដើម្បី​យក​ទៅ​បន្ត​នីតិវិធី ព្រោះ​រឿងរ៉ាវ​នេះ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ឯកជន ។ យ៉ាងណាមិញ​ជនសង្ស័យ​ល្មោភកាម​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​សូន្យ​ទៅ​ហើយ ក្រោយ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង ៕

ស្រ្តីរងគ្រោះ
ស្រ្តីរងគ្រោះ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]