ជាធម្មតា ការបរិភោគអាហារ ពិតជារឿងមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់ៗគ្នា មិនថា ក្មេង ឬចាស់ នោះទេ។ ហើយ ការស្វែងរកកន្លែងបរិភោគអាហារឆ្ងាញ់ៗ និងមានតម្លៃសមរម្យ មិនមែនជារឿងងាយស្រួលនោះទេ ក្នុងពេលសព្វថ្ងៃនេះ។

ព្រោះថា បច្ចុប្បន្ននេះ មនុស្សគ្រប់ៗរូប ពិតជាមានការមមាញឹកជាខ្លាំង ចំពោះរឿងរ៉ាវ ការងាររបស់ខ្លួន ជាជាងការចំណាយពេលវេលារបស់ខ្លួន ក្នុងការស្វែងរកកន្លែងថ្មីៗ សម្រាប់ធ្វើការបរិភោគអាហារ។

ហេតុដូច្នោះហើយ ក្នុងថ្ងៃនេះ ក្រុមការងារខាងខ្មែរឡូត នាំប្រិយមិត្តមកស្គាល់ ពីកន្លែងលក់មីតុងយ៉ាំ មួយកន្លែង ដែលមាន ទីតាំងក្នុងរាជធានីភ្នំពេញ។  

ក្នុងនោះខ្មែរឡូត ក៏បានចុះទៅសម្ភាសន៍ផ្ទាល់ ជាមួយនឹងលោក ព្រហ្ម មុន្នី ដែលជាម្ចាស់នៃហាងលក់មីតុងយុំា បាននិយាយឲ្យដឹងថា ហាងរបស់លោក ចាប់ផ្តើមលក់ពីម៉ោង ២រហូតទៅដល់ម៉ោង ៩ យប់ ហើយ ហាងនេះ ក៏បើកលក់ ជារៀងរាល់ថ្ងៃ ផងដែរ លើកលែងតែថ្ងៃបុណ្យជាតិធំៗ មួយចំនួន តែប៉ុណ្ណោះ។ ក្នុងនោះដែរ លោកក៏បានប្រាប់បន្តទៀតថា ជារៀងរាល់ថ្ងៃ ក្នុងហាងរបស់លោក មានចំនួនបុគ្គលិកបម្រើការប្រុសស្រីចំនួន ៥ ទៅ ៦ នាក់ ហើយមិនថា ប្រុស ឬស្រីនោះទេ រមែងតែងតែមាន ការងារ ធ្វើទៅតាមផ្នែករបស់ខ្លួនរៀងៗគ្នា។

លោក ព្រហ្ម មុន្នី ដែលជាម្ចាស់ហាង

ថ្វីបើ នៅក្នុងហាងនេះ ត្រូវបានអតិថិជន ដាក់ឈ្មោះថា «ហាងមីតុងយុំា» ក្តី ប៉ុន្តែទីនេះ មិនមែនមានលក់តែមីតុងយាុំមួយមុខ នោះទេ ដោយក្នុងហាងនេះ ក៏មានលក់នៅស៊ុបឆ្នាំងតូច ឬធំ មានលក់មី គុយទាវថៃ និងមីដុំ ជាច្រើនប្រភេទ ខុសៗគ្នា ផងដែរ។ ជាមួយគ្នានេះដែរ សម្រាប់មុខម្ហូបដែលពេញនិយម សម្រាប់ហាងនេះ គឺមីតុងយុាំចានធំ និងស៊ុបឆ្នាំង។ ព្រោះថា មុខម្ហូបប៉ុន្មានមុខនេះ ត្រូវបានមហាជនជាច្រើន មានការពេញចិត្តជាខ្លាំង មិនថា ទាំងរសជាតិ និងតម្លៃ។ 

លើសពីនោះទៅទៀត លោក ក៏បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងហាងរបស់គាត់ មានតម្លៃទាបបំផុត គឺមានចានមួយ ៧,០០០រៀល និងខ្ពស់បំផុត គឺមួយឆ្នាំងសុ៊ប ២៧,០០០ រៀល។ ប៉ុន្តែ ប្រសិនបើ អតិថិជនមានការបរិភោគបន្ថែមទៀត នូវភេសជ្ជៈនោះ វាក៏អាចមានតម្លៃប្រែប្រួលទៅតាមអតិថិជនម្នាក់ៗ ផងដែរ។ 

មីតុងយុំាមួយចាន

ជាពិសេស តម្លៃនៃមុខម្ហូបនៅក្នុងហាងរបស់គាត់ ក៏ត្រូវបានបង្កើត និងកំណត់ឡើងឲ្យសមស្របទៅតាមលទ្ធភាពរបស់និស្សិត ដែលពុំសូវមានលុយកាក់គ្រប់គ្រាន់ក្នុងការចំណាយទៅលើអ្វីដែលថ្លៃៗសម្រាប់ចំណីអាហារ។ ហេតុនេះហើយ ការកំណត់យកតម្លៃមុខម្ហូបនីមួយៗនៅក្នុងហាងនេះ វាពិតជាមិនមានការប្រែប្រួលអ្វី នោះទេ បើទោះបីជាពេលខ្លះ តម្លៃគ្រឿងផ្សំមួយចំនួន កំពុងតែឡើងថ្លៃក៏ដោយចុះ។ ព្រោះថា ការប្រកបមុខរបរនេះរបស់លោក ក៏ពិតមែនត្រឹមតែស្វែងរកចំណូលសម្រាប់ជីវិតខ្លួនឯង នោះទេ ប៉ុន្តែលោក ក៏មានទឹកចិត្តក្នុងការចែករំលែកនូវរាល់ស្នាដៃល្អៗរបស់លោក ទៅកាន់មហាជនគ្រប់ៗរូប តាមរយៈមុខម្ហូបរបស់គាត់។

លើសពីនេះ ម្ចាស់ហាងរូបនេះ បានបន្តថា ជារៀងរាល់ថ្ងៃ មានបងប្អូន មិនថា ចាស់ក្មេង ចូលមកញ៉ាំ ពេញៗហាងតែម្តង ដែលភាគច្រើន ពួកគេ តែងតែមកនៅពេលល្ងាច។ មូលហេតុដែល ពួកគេ ចូលចិត្តមកញ៉ាំនៅហាងលោក ក៏ព្រោះតែ រសជាតិឆ្ងាញ់ប្លែក ខុសពីហាងដទៃ ហើយជាពិសេស ចានមី ធំៗ ញ៉ាំស្ទើរតែមិនចង់អស់ទៀត។

ដោយឡែក លោក ក៏បានបង្ហាញបន្តទៀតថា ហាងរបស់លោកមានតែ២កន្លែងតែប៉ុណ្ណោះ នៅក្នុងរាជធានីភ្នំពេញនេះ ហើយវាក៏មានទីតាំងនៅក្បែរមន្ទីរពេទ្យកុមារជាតិ ផ្នែកខាងលិច និងមួយផ្សេងទៀត មានទីតាំងនៅផ្លូវជាតិ កម្ពុជាក្រោម ផងដែរ។ ហេតុនេះហើយ ប្រសិនបើ អ្នកទាំងអស់គ្នា ចង់ស្វែងរកហាងរបស់គាត់ សម្រាប់ធ្វើការសាកល្បងអាហារ ឬស៊ុបរសជាតិថ្មីមួយនេះ អ្នកទាំងអស់គ្នា ក៏អាចធ្វើការស្វែងរកវា បានយ៉ាងងាយស្រួល ទៅតាមអាស័យដ្ឋានខាងលើនេះ ផងដែរ។  

ទិដ្ឋភាពក្នុងហាងមីតុងយុំា

ជាចុងក្រោយ ដោយហេតុថា បច្ចុប្បន្ននេះ អាជីវកម្មរបស់លោក កំពុងតែមានសន្ទុះខ្លាំងជាប្រចាំ វាក៏ជាហេតុដែលធ្វើឲ្យលោក មានទឹកចិត្តក្នុងការបង្កើតគម្រោង​បើកហាងបន្តទៅមុខ ទៀតផងដែរ នាពេលអនាគត។ ហើយក៏សង្ឃឹមថា អតិថិជនទាំងថ្មី និងចាស់ ក៏អាចបន្តការគាំទ្រមកកាន់ហាងព្រមទាំងស្នាដៃរបស់លោក ជាបន្តទៅទៀតដែរ៕

ទិដ្ឋភាពក្នុងហាងមីតុងយុំា ​សាខាចាស់
មីតុងយ៉ាំ
គ្រឿងផ្សំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]