រឿងអនាគតគ្មាននរណាម្នាក់អាចស្មានដឹងបានឡើយថា ជីវិតរបស់ខ្លួននឹងត្រូវជួបរឿងអ្វីខ្លះទៅថ្ងៃមុខ? នឹងអាចមានសេចក្តីសុខ ឬសេចក្តីទុក្ខយ៉ាងណានោះ សុទ្ធតែគ្មានបុគ្គលណាម្នាក់អាចដឹងទុកជាមុន ឬអាចកំណត់ទុកជាមុនបាននោះឡើយ។

ប៉ុន្តែចាស់ៗបុរាណ និងបច្ចុប្បន្ននេះ ក៏នៅមានជំនឿថា លក្ខណៈសម្គាល់របស់មនុស្សស្រីដែលមាននៅលើផ្ទៃមុខទាំងនេះ សុទ្ធតែអាចបញ្ជាក់ពីរឿងអនាគតរបស់ពួកគេ បានគឺជាមនុស្សស្រីដែលមានតែសំណាងល្អ បានក្លាយទៅជាថៅកែស្រី។

ក្នុងនោះដែររួមមានដូចជា ថ្ងាស ថ្ពាល់ ចង្កា ចិញ្ចើម ច្រមុះ មាត់ ឬរួមទាំងត្រចៀកជាដើមផងដែរ សុទ្ធតែអាចឱ្យគេចំណាំមើលដឹង។

ជាក់ស្តែង លក្ខណៈសម្គាល់នៅលើផ្ទៃមុខរបស់មនុស្សស្រីទាំង ៨ ចំណុចនេះ គេតែងសម្គាល់មើលថាទៅថ្ងៃអនាគតនឹងក្លាយទៅជាស្រ្តីអ្នកមានទ្រព្យសម្បត្តិ មាន លុយចាយសម្បូរពេញៗដៃ។

ចុះអ្នកទាំងអស់គ្នាវិញ មានចំណុចសម្គាល់ទាំងអស់នេះនៅលើផ្ទៃមុខដែរឬទេ? តោះយើងមកតាមឆែកមើល នៅក្នុងអត្ថបទដូចខាងក្រោមនេះជាមួយគ្នា៖

១) ថ្ងាស៖ ថ្ងាសជាកន្លែងមួយ ដែលអាចបង្ហាញពីភាពឆ្លាត និងសតិបញ្ញា។ ហើយរូបរាងរបស់ថ្ងាស ត្រូវបានគេសង្កេតឃើញទូទៅមានដូចជា ថ្ងាសចង្អៀត និងទូលាយ។ តួយ៉ាងមនុស្សដែលមានថ្ងាសធំ ឬដែលយើងហៅថាថ្ងាសទូលាយនេះ គឺ ភាគច្រើនជាមនុស្សដែលមានចរិត សុភាពមានសតិបញ្ញាល្អ និងឆ្លាត។ ចំណែកមនុស្សដែលមានថ្ងាសចង្អៀត គឺជាអ្នកដែលចូលចិត្តប្រើប្រាស់អារម្មណ៍ ការគ្រប់គ្រងអារម្មណ៍មានបញ្ហា ប្រៀបដូចជាមនុស្សមានចិត្តកាចសាហាវឃោរឃៅ។

ហើយនារីដែលមានជោគវាសនាល្អ ទៅថ្ងៃអនាគតអាចក្លាយជាថៅកែស្រី ឬបានស្វាមីអ្នកមាននោះ គឺជានារីដែលមានថ្ងាសធំទូលាយ ព្រោះតាមការកត់ចំណាំទុកមកថា មនុស្សស្រីដែលមានទម្រង់ថ្ងាសបែបនេះ ភាគច្រើនច្រើនតែបានស្វាមីសម្បូរទ្រព្យសម្បតិ្ត មានប្រាក់កាសចាយច្រើន ព្រោះនាងជាមនុស្សមានប្រាជ្ញា ថែមទាំងទទួលបាននូវការមើលថែទាំ ពីស្វាមីរបស់នាងបានយ៉ាងល្អផងដែរ។  

រូបតំណាង

២) ផ្ទៃមុខ និងថ្ពាល់៖ អាចបង្ហាញឱ្យគេឃើញបានពីសេចក្តីសប្បុរស និងនិស្ស័យរបស់អ្នក ដោយនៅក្នុងនោះផងដែរ នារីដែលមានថ្ពាល់រាងខ្ពស់ គឺជាអ្នកដែលមានការប្តេជ្ញាចិត្តដ៏រឹងមាំមួយ តែងតែជឿលើទៅការគិតរបស់ខ្លួនឯងជានិច្ច និងមានភាពក្លាហានខ្លាំង។ ចំណែកឯមនុស្សដែលមានថ្ពាល់ទាប ជាមនុស្សដែលមានភាពអៀនច្រើន ទាល់តែមានអ្នកដឹកនាំ ទើបអាចស្វែងរកជោគជ័យបានល្អ។ 

ស្របជាមួយគ្នានេះ អ្នកដែលមានទម្រង់មុខរាងការ៉េ គឺជាមនុស្សដែលច្រើនតែមានភាពស្ងប់ស្ងាត់ រឹងមាំ មានភាពជឿជាក់លើការគិតឃើញរបស់ពួកគេ។ ចំណែកអ្នកដែលមានទម្រង់មុខមូល ច្រើនជាមនុស្សមានភាពឆេវឆាវបន្តិច ឯរាងកាយមាំទាំ ច្រើនជាអ្នកមានទ្រព្យសន្ធឹកសន្ធាប់។  ចុងក្រោយអ្នកដែលមានមុខរាងបួនជ្រុងជាមនុស្សដែលមានខួរក្បាល មាននិស្ស័យល្អគួរជាទីទុកចិត្តបាន។  

ហើយនារីដែលមានវាសនាល្អ អនាគតអាចក្លាយទៅជាថៅកែស្រីបាននោះគឺជាច្រើនតែមានថ្ពាល់ពេញ មិនមានសាច់ធ្លាក់យារចុះមកដល់ថ្គាមខាងក្រោមនោះទេ។ មនុស្សស្រីដែលមានថ្ពាល់បែបនេះ ក្នុងតម្រាចាស់ពីជំនាន់ដើម តែងកត់ចំណាំបន្តៗប្រាប់គ្នាថា នឹងបានជាថៅកែស្រី លោកស្រី មានលាភច្រើន និងមានឋានៈល្អខ្ពង់ខ្ពស់នៅក្នុងសង្គមមនុស្សផងដែរ។ 

រូបតំណាង

៣) ចង្កា៖ អាចកំណត់បុគ្គលិកលក្ខណៈខាងចំណេះដឹង សមត្ថភាពរបស់អ្នកបានយ៉ាងងាយ។ ប្រសិនបើមនុស្សស្រីណាដែលមានចង្កាវែង ត្រូវបានគេមើលឃើញថាជាមនុស្សមានភាពរញ៉េរញ៉ៃបន្តិច ប៉ុន្តែមានគំនិតចេះគិតច្រើន និងមានសមត្ថភាពខ្ពស់។ តែបើអ្នកមានចង្កាសុទ្ធតែឆ្អឹង ជាមនុស្សដែលច្រើនមាន ភាពមានៈ ចូលចិត្តជំទាស់គេឯង។ ចំពោះអ្នកមានចង្កាខ្លី អាចមើលទៅជាមនុស្សខ្ជិលបន្តិច ចូលចិត្តគេចកែច្រើនជាង ការទទួលខុសត្រូវលើអំពើរបស់ខ្លួន។

ចំណែកឯអ្នកដែលមានបុណ្យវាសនា ច្រើនតែមានចង្កាមូល គឺទឹកចិត្តច្រើនប្រកបទៅដោយសេចក្ដីសប្បុរស ពេញចិត្តនឹងជួយអ្នកដែលមានការលំបាក ហើយជីវិតតែងតែមានភាពភ្ញាក់ផ្អើលជានិច្ចមិនឈប់ឈរ អ្នកដទៃសេពគប់ហើយតែងតែមានភាពចម្រុងចម្រើន។ 

រូបតំណាង

៤) ចិញ្ចើម៖ ចិញ្ចើម ក៏ជាសញ្ញាមួយដែលបានបង្ហាញពីចរិតរបស់បុគ្គលបានដែរ។ ប្រសិនបើសម្គាល់ឃើញមនុស្សណា ដែលមានចិញ្ចើមជាប់គ្នា គឺបង្ហាញភាពក្រអឺតក្រទម មានអំណាចថាមពល មិនព្រមចាញ់នរណាងាយៗឡើយ។ 

ចិញ្ចើមរាងធ្លាក់ចុះក្រោមខ្លាំង គឺជាអ្នកដែលចូលចិត្តបង្ហាញការអាណិតអាសូរដល់អ្នកដទៃ ចូលចិត្តចេះដឹងរឿងអ្នកដទៃច្រើនជាងរឿងខ្លួនឯងទៅទៀត ប៉ុន្តែពេលខ្លះដោយសារតែអំពើបែបនេះហើយ ចុងក្រោយវានឹងក្លាយជាសំណាងនៅក្នុងឆាកជីវិតរបស់គេទៅវិញ។ 

ចំពោះអ្នកដែលមានចិញ្ចើមរាងត្រង់ ច្រើនជាមនុស្សដែលតែងតែមានទំនុកចិត្តលើការគិតរបស់ខ្លួនឯងជានិច្ច ឆេវឆាវបន្តិច មិនចូលចិត្តតាមយកចិត្តអ្នកដទៃងាយទេ រហូតពេលខ្លះដល់ថ្នាក់អ្នកនៅជុំវិញខ្លួនមើលមកថា ជាមនុស្សគ្មានទឹកចិត្តបន្តិចផងដែរ។

ហើយមនុស្សដែលជោគជ័យក្នុងជីវិត ច្រើនជាមនុស្សមានចិញ្ចើមស្មើស្អាត ពីកំណើត។ អ្នកមានទម្រង់ចិញ្ចើមបែបនេះ ជាអ្នកដែលពូកែរៀបចំកិច្ចការបានយ៉ាងល្អ មានការបង្ហាញពីទស្សនៈវិស័យនៃការគិតបានវែងឆ្ងាយ និងពេញទៅដោយសេចក្តីស្រលាញ់។ ហើយធ្វើអ្វីតែងតែមានគេតាមជួយគាំទ្រជានិច្ច ព្រមទាំងទទួលបាននូវការទាក់ទាញ រួមទាំងមានប្រជាប្រិយភាពជាមួយមនុស្សនៅជុំវិញយ៉ាងខ្លាំងទៀតផង។ 

រូបតំណាង

៥) ភ្នែក៖ ភ្នែក អាចបញ្ជាក់បង្ហាញពីនិស្ស័យ ដួងចិត្ត និងអារម្មណ៍ពិតៗរបស់មនុស្សទាំងប្រុសទាំងស្រី ចេញមកពីខាងក្នុងបានយ៉ាងជាក់ច្បាស់ ដោយមិនអាចបន្លំបានឡើយ។ ប្រសិនបើសង្កេតឃើញថាភ្នែកទាំងសងខាងរបស់នរណាម្នាក់មានគម្លាតឆ្ងាយពីគ្នាខ្លាំងលើសពីធម្មតា ម្នាក់នោះគឺជាមនុស្សមានហេតុផលល្អ ចេះគិត ប៉ុន្តែ ខ្វះចន្លោះនៅក្នុងការស្វែងរកដំណោះស្រាយបន្តិច។

ហើយជារឿយៗ ចំពោះអ្នកដែលមានភ្នែកកាចៗដូចជាសត្វស្លាប គឺជាមនុស្សដែលតែងតែមានភាពស្ងប់ស្ងាត់ ចូលចិត្តធ្វើសកម្មភាពអ្វីមួយផ្អែកទៅលើអារម្មណ៍ និងមិនចូលចិត្តសម្របទៅតាមនរណាម្នាក់ឡើយ តែក៏ជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម ហ៊ានគិតហ៊ានធ្វើ ហ៊ានសម្រេចចិត្ត ជាហេតុនាំឱ្យតែងតែរកឃើញនូវការផ្លាស់ប្តូរល្អៗជានិច្ច។ 

ចំណែកឯអ្នកដែលមានភ្នែកតូចៗវិញ រមែងតែងតែមានគំនិតប្រាជ្ញាឈ្លាសវៃ មិនចាញ់គេប៉ុន្មាននោះទេ។ មួយទៀតគឺមនុស្សដែលមានភ្នែកធ្លាក់ខ្លាំង រមែងជាមនុស្សដែលមានភាពសោកសៅ និងមានចរិកសុភាព មិនសូវឆេវឆាវ ព្រមទាំងជាមនុស្សងាយចិត្តទន់ចំពោះអ្នកដទៃដែលនៅជុំវិញខ្លួនផងដែរ។

ហើយប្រសិនបើនារីៗដែលមានវាសនាល្អវិញ គឺជានារីដែលមានកែវភ្នែកតូចៗនេះហើយ ដោយភ្នែកក៏តែងមានពន្លឺភ្លឺថ្លាជានិច្ច គ្រាន់តែក្រឡេកមើលចំទៅលើភ្នែកនាង គឺអាចឱ្យអ្នកដឹងថានាងជាមនុស្សមានចំណេះដឹងខ្ពស់ និងមានភាពឆ្លាតវៃខ្លាំង។

សម្រាប់ស្ត្រីដែលមានភ្នែកធំៗដូចជាត្រី ក៏អាចកែខៃជោគវាសនារបស់ខ្លួនបានដែរ ដោយអាចរៀបការបានក្រោយពេលអាយុ ៣០ ឆ្នាំ ឬរៀបការជាមួយពោះម៉ាយ មានអាយុឃ្លាតពីគ្នាប្រហេលពី ១២ ឆ្នាំផងដែរ ដើម្បីកែប្រែខ្លួនឱ្យមានជោគវាសនាល្អខ្លះៗឡើងវិញ។  

រូបតំណាង

៦) ច្រមុះ៖ ច្រមុះ ក៏អាចបង្ហាញពីចរិតរបស់មនុស្សបានយ៉ាងប្រសើរ មិនខុសពីភ្នែក ឬចិញ្ចើមនោះទេ។ ប្រសិនបើកត់សម្គាល់ឃើញ មនុស្សណាដែលមានច្រមុះធំ ឬគេហៅម្យ៉ាងទៀតថាច្រមុះរីក ច្រើនជាមនុស្សដែលមានភាពក្លាហាន ជឿជាក់លើខ្លួនឯង ចូលចិត្តធ្វើអ្វីតែម្នាក់ឯង មានជីវិតរស់នៅប្រកបដោយភាពរីករាយច្រើន។ ចំណែកឯមនុស្សដែលមានច្រមុះតូច ច្រើនជាបុគ្គល ដែលមានអារម្មណ៍មិននឹងនរ ម្តងល្អ ម្តងអាក្រក់ ចូលចិត្តតាមចាប់កំហុសរបស់អ្នកដទៃគ្រប់ពេលវេលា ច្រើនជាងការមើលឃើញពីកំហុសរបស់ខ្លួនឯង។

ក្នុងនោះដែរនារី ដែលមានជោគវាសនាល្អ គឺច្រើនជាមនុស្សស្រីដែលមានក្តោងច្រមុះរីកធំ ហើយចុងច្រមុះទូលាយ។ តាមតម្រាប្រាប់ថា ស្ត្រីមានច្រមុះបែបនេះច្រើនតែជាគូនឹងអ្នកមានទ្រព្យសម្បត្តិច្រើន មានមុខមាត់នៅក្នុងសង្គមលើសមនុស្សផងទាំងពួង។  

រូបតំណាង

៧) បបូរមាត់៖ បបូរមាត់អាចបង្ហាញពីអារម្មណ៍ ក្នុងនោះដែរគេសង្កេតឃើញថាអ្នកដែលមានបបូរមាត់ខាងលើក្រាស់ និងខាងក្រោមស្តើង គឺជាអ្នកដែលពូកែអន់ចិត្ត ពេលចូលចិត្តនិយាយស្តីបញ្ចេញមតិយោបល់ខុសទំនង និងជាមនុស្សដែលចូលចិត្តរអ៊ូរទាំផងដែរ។ 

រីឯអ្នកដែលមានបបូរមាត់ក្រាស់ទាំងលើទាំងក្រោមវិញ អាចមើលទៅជាមនុស្សមានមាត់មិនសូវល្អបន្តិច ប៉ុន្តែមានភាពស្មោះត្រង់ និងមានចិត្តក្តៅ។ អ្នកដែលមានបបូរមាត់ស្តើងទាំងលើទាំងក្រោមនោះ គឺជាមនុស្សដែលមើលទៅដូចជាមានចិត្តត្រជាក់ ប៉ុន្តែពាក្យសម្តីមិនសូវពិរោះប៉ុន្មានទេ ពេលខ្លះអាចត្រូវបានគេមើលឃើញថាជាមនុស្សអាក្រក់ផងដែរពេលនិិយាយស្តីម្តងៗ។

ហើយចំណាំមើលស្រ្តីណា ដែលមានបបូរមាត់ខាងលើ និងខាងក្រោមស្មើគ្នាស្អាត(មិនក្រាស់ពេកមិនស្តើងពេក មានទំហំស្មើរគ្នាល្អទាំងបួនជ្រុង) ទៅអនាគតនឹងមានមាសមានប្រាក់ មានសំណាងល្អច្រើន។

ពិសេសស្រីៗដែលមានបបូរមាត់បែបនេះ ច្រើនតែទទួលបាននូវលទ្ធផលល្អជានិច្ចក្នុងការនិយាយចរចា ដូចជាការរកលុយជាដើម គឺដូចពាក្យគេតែងនិយាយថានិយាយចេញមាសចេញប្រាក់។ ជាក់ស្តែងគឺពូកែ នៅក្នុងការនិយាយបញ្ចុះបញ្ចូលឱ្យមនុស្សជឿជាក់បានយ៉ាងងាយទៅលើខ្លួន។ បន្ថែមពីលើនេះក៏អាចនិយាយជម្រុញឱ្យមនុស្សប្រុសមានភាពក្លាហាន ហ៊ានពុះពារឧបសគ្គ ដែលកំពុងតែប្រឈមនៅខាងមុខបានទៀតផង។ បើបាននាងធ្វើជាប្រពន្ធមិនសូវខុសប៉ុន្មាននោះទេ។

រូបតំណាង

៨) ត្រចៀក៖ ទម្រង់ត្រចៀកក៏អាចបង្ហាញពីនៃគំនិត បញ្ញា និងផ្លូវនៃជីវិតរបស់មនុស្សម្នាក់ៗបានដែរ។ ក្នុងនោះមនុស្សដែលមានត្រចៀកស្តើង ជាមនុស្សងាយនឹងសម្របខ្លួននឹងអ្នកដទៃ មានភាពទន់ខ្សោយច្រើន តែជាមនុស្សពូកែយកចិត្តគេណាស់ និងចូលចិត្តសម្តែងភាពទន់ខ្សោយឱ្យអ្នកដទៃបានឃើញ។

ចំណែកមនុស្សដែលមានស្លឹកត្រចៀកក្រាស់ ជាអ្នកដែលមានការជឿជាក់ខ្លាំងទៅលើការយល់ឃើញរបស់ខ្លួនឯង មិនងាយជឿទុកចិត្តទៅលើនរណាម្នាក់ងាយៗនោះទេ។ រីឯអ្នកដែលស្លឹកត្រចៀកធំៗវិញ ច្រើនតែជាមនុស្សដែលមានបុណ្យវាសនា មានភ័ព្វសំណាងខ្ពស់ពីដើមមកប្រកបការងារអ្វីតែងតែទទួលបាននូវជោគជ័យ។ 

ចុងក្រោយអ្នកដែលមានត្រចៀកតូចៗច្រើនជាមនុស្សដែលតែងជួបការលំបាកក្នុងជីវិត ត្រូវតស៊ូក្នុងជីវិតច្រើន សម្បូររឿងច្រើន និងងាយជួបរឿងតក់ស្លុតជាញឹកញាប់។

ចំពោះនារីដែលមានវាសនាខ្ពស់ និងជួបតែរឿងល្អៗនៅក្នុងជីវិតនោះ គឺបានដល់អ្នកដែលមានស្លឹកត្រចៀកធំៗ រីឯទងត្រចៀកវិញ មានសាច់យារធ្លាក់ចុះមកក្រោមបន្តិចដូចជាត្រចៀករបស់ព្រះពុទ្ធដូច្នោះដែរ នេះជាការបង្ហាញថាទៅថ្ងៃខាងមុខអ្នកនឹងជាអ្នកមានទ្រព្យសម្បតិ្តសម្បូរ។  

រូបតំណាង

សរុបមកវិញទាំងនេះគឺសុទ្ធតែជាកត់សម្គាល់ឃើញតៗគ្នាមក ប៉ុន្តែមិនមានន័យថាគ្រប់ចំណុចទាំងនេះត្រឹមត្រូវទាំងអស់ឡើយនៅក្នុងសង្គមមនុស្សយើងបច្ចុប្បន្ន។ បើផ្អែកតាមទ្រឹស្តីព្រះពុទ្ធសាសនា គឺអាចនិយាយបានថាគឺអាស្រ័យទៅលើព្រេងសំណាងរបស់មនុស្សម្នាក់ៗតាំងពីកំណើតមក ជាពិសេសនោះគឺបើផ្អែកទៅលើទស្សនៈកម្មផលថា សាងល្អបានល្អ សាងអាក្រក់បានអាក្រក់ ស្រេចទៅលើអំពើរបស់បុគ្គលផងដែរ៕

ប្រភព៖ Gangbeauty / Undubzapp / Sanook 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]