ចិន៖ ស្រ្តីជាម្តាយជនជាតិចិនម្នាក់ សុខចិត្តតស៊ូអៀវកូនស្រីពិការ ទៅសាលាជារៀងរាល់ថ្ងៃ ព្រោះចង់ឃើញកូនស្រីបានរៀនចេះដឹងនឹងគេ ក៏ដូចជាបំពេញនូវក្តីស្រមៃដ៏ធំធេងមួយរបស់នាង។

ម្តាយរបស់កុមារីខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា អ្នកស្រី Fu Yuantao មានកូនស្រីឈ្មោះថា Peng Haixin បច្ចុប្បន្ននាងមានអាយុ ១២ឆ្នាំ ជាក្មេងស្រីដ៏អភ័ព្វម្នាក់ កើតមានជំងឺពិការខួរក្បាលពីកំណើត (អសមត្ថភាពខាងផ្នែកបញ្ញា ស្មារតី) ឬហៅថា «Cerebral Palsy» ។ វាក៏ជាជំងឺមួយប្រភេទ ដែលធ្វើឲ្យអ្នកជំងឺ ពិបាក ឬមិនអាចសូម្បីតែ លូន វារ អង្គុយ ឬឈរជាដើម។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នកស្រី Fu Yuantao តែងតែអៀវកូនស្រីរបស់គាត់ ទៅមន្ទីរពេទ្យ ទៅសាលារៀន កាត់ព្យុះភ្លៀងក្តៅរងាជារៀងរាល់ថ្ងៃ បើគិតមកទល់ពេលនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ក្នុងតំបន់ Yuanling ខេត្ត Hunan ប្រទេសចិន។

កុមារី Peng ត្រូវបានគេដឹងថា មិនអាចដើរបានឡើយ ដោយការរស់នៅប្រចាំថ្ងៃរបស់នាង គឺត្រូវពឹងផ្អែកលើអ្នកដទៃ ស្ទើរតែទាំងស្រុង។ កន្លងមក នាងក៏ធ្លាប់ហាត់រៀនដើរដោយខ្លួនឯងដែរ ប៉ុន្តែនៅតែមិនអាចដើរបាន (ដួល)។

នាកំឡុងឆ្នាំ២០០៦ ឪពុកម្តាយរបស់នាង បាននាំនាងទៅជួបគ្រូពេទ្យជាច្រើន ប៉ុន្តែនៅតែមិនអាចមានលទ្ធភាពជួយនាងបាន ទាំងដើរបុលខ្ចីលុយគេគ្រប់ទិស រហូតមានពេលខ្លះ សឹងតែអត់អាហារសម្រាប់បរិភោគទៀតផង។

ប្រភពដដែលបន្តថា គ្រួសាររបស់កុមារី Peng បានចំណាយប្រាក់អស់ជាង ៥០០,០០០យ័ន (ប្រហែលជា ៧៨,៨៩៥ដុល្លារអាមេរិក) មកហើយ ទៅលើថ្លៃព្យាបាលនាង។

ប៉ុន្តែបើទោះបីជាយ៉ាងណា គ្រួសាររបស់នាងនៅតែរីករាយ និងតែងតែលើកទឹកចិត្តដល់នាងជានិច្ច តាមរយៈការសិក្សានៅឯសាលា ដើម្បីជួយដុះខាត់សមត្ថភាពខួរក្បាលរបស់នាង ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក្តី។

កុមារី Peng ត្រូវបានគេរាយការណ៍ ឲ្យដឹងទៀតថា នាងជាសិស្សដែលមានវិន័យល្អម្នាក់នៅក្នុងថ្នាក់ មិនដែលខកខាននូវរាល់លំហាត់ (កិច្ចការសាលា) ឬ រាល់ការប្រលងណាមួយឡើយ។ ពោលគឺ នាងបំពេញបានខ្ជាប់ខ្ជួនជានិច្ច។

ក្មេងតូចដែលមានក្តីស្រមៃដ៏ធំធេងរូបនេះ បាននិយាយថា៖

រូបភាព កុមារី Peng និងម្តាយ
«ប្រសិនណាបើខ្ញុំខំប្រឹងប្រែងរៀនសូត្រ ខ្ញុំនឹងអាចទទួលបានការងារមួយធ្វើ ដ៏ល្អសម្រាប់ខ្លួនឯង ហើយក៏មានប្រាក់ដើម្បីទិញផ្ទះមួយខ្នង ឲ្យប៉ាម៉ាក់របស់ខ្ញុំដែរ។ ម្យ៉ាងវិញទៀត នៅពេលដែលប៉ាម៉ាក់ខ្ញុំចាស់ទៅ ប្រសិនណាជាខ្ញុំមិនអាច មើលថែទាំពួកគាត់បាន ខ្ញុំនឹងស្វែងរកអ្នកបម្រើម្នាក់ ដើម្បីឲ្យជួយមើលថែទាំងពួកគាត់ទាំងពីរផងដែរ» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]