ហុងកុង៖ លោក Lam Ching Ying ដែលបងប្អូនខ្មែរយើងស្គាល់ច្បាស់ថាជា “គ្រូម៉ៅចាប់ខ្មោច” គឺជាតារាសម្តែងដ៏ល្បីល្បាញមួយរូប ក្នុងវិស័យភាពយន្តហុងកុង ក្នុងទស្សវត្សរ៍ទី ៩០។ លោកបានកើតនាទីក្រុងហុងកុង នាខែធ្នូ ឆ្នាំ១៩៥២ ជាកូនទី៣ ក្នុងគ្រួសារមានកូនចំនួន ៦ នាក់។

លោកបានកសាងភាពល្បីល្បាញខ្លាំង ក្រោយពីបានដើរតួជាគ្រូចាប់ខ្មោច ក្នុងខ្សែភាពយន្តខ្មោចឆៅ មានដូចរឿង Mr. Vampire និង Vampire Expert ជាដើម។ ជាអកុសល លោក Lam Ching Ying បានទទួលមរណភាពនាថ្ងៃទី ៨ វិច្ឆិកា ១៩៩៧ ក្នុងអាយុ ៤៤ ឆ្នាំ ដោយសារជំងឺមហារីក។

មរណភាពរបស់លោក កើតឡើងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងតារាស្រីនាង Kingdom Yeun ដែលធ្លាប់សម្តែងរួមគ្នាក្នុងភាពយន្តរឿង Vampire Expert វគ្គ ១។ 

តារាស្រីនាង Kingdom Yeun

អ្វីគួរឲ្យកត់សម្គាល់នោះ រយៈពេលប្រហែល ២០ ឆ្នាំមកហើយ ក្រោយការស្លាប់របស់លោក Lam Ching Ying យើងសង្កេតឃើញថា តួអង្គកូនសិស្ស ដែលធ្លាប់សម្តែងជា​មួយ​គ្រូខ្មោចរូបនេះ មានវ័យកាន់តែចាស់ផងដែរ។

ចង់ដឹងថាតើ ពួកគេមានការប្រែប្រួលយ៉ាងណាខ្លះហើយ សូមតាមដានទាំងអស់គ្នា៖

១. លោក Collin Chou ដើរតួជាកូនសិស្សច្បងគ្រូម៉ៅ ក្នុងភាពយន្តរឿង Exorcist Master

កើតនាថ្ងៃទី៖ ១១ សីហា ១៩៦៧ (៥០ ឆ្នាំ)

ទីកន្លែងកំណើត៖ តៃវ៉ាន់ 

ជីវប្រវត្តិ៖ លោក Collin Chou មិនត្រឹម​តែធ្លាប់​សម្តែងជាមួយលោក Lam Ching Ying ប៉ុណ្ណោះទេ តារាប្រុសរូបនេះ ធ្លាប់បាន​សហការសម្តែង​ជាមួយកំពូលតារាភាព​យន្តល្បីៗដូចជា​ Jet Li (លីលានជា), Sammo Hung (អាម៉ាប់) និង​ Donnie Yen (កុំកុំ) ផងដែរ ក្នុងភាពយន្តវាយតប់​គ្នា​ដូចជារឿង Sha Po Lang (2005), Fearless (2006), និង Flash Point (2007) ជាដើម។

លោក Collin Chou
លោក Collin Chou និងក្រុមគ្រួសារ

២. លោក Chin Siu-ho ដើរតួជាកូនសិស្ស (ហៅ Chau-sang) របស់គ្រូម៉ៅ ក្នុងភាពយន្តរឿង Mr. Vampire

កើតនាថ្ងៃទី៖ ២៦ មករា ១៩៦៣ (៥៥ ឆ្នាំ)

ទីកន្លែងកំណើត៖ ហុងកុង 

ជីវប្រវត្តិ៖ តារាសម្តែងរូបនេះ បាន​ប្រឡូកចូលវិស័យភាព​យន្តតាំងពី​ឆ្នាំ ១៩៧៨ រហូត​មកទល់សព្វថ្ងៃ និងទទួល​ការប្រជាប្រិយ​ភាពលើកដំបូង ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។

លោកកសាង​ភាព​ល្បីល្បាញខ្លាំងក្នុងភាពយន្តរឿង Tai Chi Master និង Fist of Legend ដោយបានសម្តែងរួមគ្នាជាមួយកំពូលតារាភាពយន្ត Jet Li។ ចុងក្រោយនេះ លោក Chin Siu-ho  បានសម្តែងក្នុងភាពយន្ត Vampire Cleanup Department (២០១៧) ជាភាពយន្តខ្មោចឆៅបែបកំប្លែង ផលិតឡើងដើម្បីរំលឹកដល់ គ្រូចាប់ខ្មោច Lam Ching Ying ដែលបាន​ស្លាប់ទៅ អស់រយៈពេល២០ កន្លងមកនេះ។

លោក Chin Siu –ho

៣. លោក Ricky Hui ដើរតួជា Man-choi ក្នុងភាពយន្តរឿង Mr. Vampire

កើតនាថ្ងៃទី៖ ០៣ សីហា ១៩៤៦ (ស្លាប់ក្នុងឆ្នាំ ២០១១ អាយុ ៦៥)

ទីកន្លែងកំណើត៖ ខេត្តក្វាងទុង 

ជីវប្រវត្តិ៖ លោកកើតក្នុងគ្រួសារមួយ មាន​ឪពុកជាអ្នក​លេងវីយ៉ូឡុង និងម្តាយជាអ្នកស្រលាញ់គាំទ្រសិល្បៈល្ខោន។  លោក Ricky Hui  មានបងប្អូនប្រុស ២ នាក់ គឺ Michael Hui និង Samuel Hui ដែល​ប្រឡូកចូល​វិស័យសិល្បៈដូចគ្នា។ បងប្អូន​ទាំង​បី ធ្លាប់សម្តែង​រួមគ្នា ក្នុងភាព​បែបកំប្លុកកំប្លែងជាច្រើនខ្សែផងដែរ។

លោក​បានទទួល​មរណភាពនាថ្ងៃទី ០៨ វិច្ឆិកា ២០១១ ក្នុងអាយុ ៦៥ ឆ្នាំ ដោយសារជំងឺគាំងបេះដូង។

លោក Ricky Hui

៤. លោក Billy Lau ក្នុងភាពយន្តរឿង Mr. Vampire និង Mr. Vampire 3

កើតនាថ្ងៃទី៖ ៣ មេសា ១៩៥៤ (៦៣ ឆ្នាំ)

ទីកន្លែងកំណើត៖ ហុងកុង 

លោកត្រូវ​បាន​មហាជនស្គាល់ច្បាស់ ក្រោយពីបានដើរ​តួជានាយប៉ូលិស​ក្នុងភាពយន្ត Mr. Vampire។ ក្រៅពីនេះ  លោក Billy Lau ក៏ធ្លាប់បានដើរតួជាកូនសិស្ស​របស់​គ្រូចាប់ខ្មោច Lam Ching Ying ផងដែរ ក្នុងភាពយន្ត​រឿង Mr. Vampire​ វគ្គ៣។ 

ប៉ុន្មាន​ឆ្នាំកន្លងមកនេះ លោក Billy Lau ហាក់ដូចជាពុំ​បាន​បង្ហាញខ្លួន ក្នុងវិស័យភាព​យន្តទៀតឡើយ។

លោក Billy Lau

៥. លោក Frankie Lam ក្នុងភាពយន្តរឿង Vampire Expert 2

កើតនាថ្ងៃទី៖ ១៩ ធ្នូ ១៩៦៧ (៥០ឆ្នាំ)

ទីកន្លែងកំណើត៖ ហុងកុង 

ជីវប្រវត្តិ៖ លោក Frankie Lam បាន​ប្រឡូកចូល​វិស័យភាពយន្តហុងកុង តាំងពី ១៩៨៩ រហូត​មកទល់សព្វថ្ងៃ និងបានរៀបការក្នុងឆ្នាំ ២០០៤​ ជាមួយនឹងតារាស្រីនាង Kenix Kwok និងទទួល​បាន​ចំណង​ដៃកូនស្រីម្នាក់ផងដែរ។

លោក Frankie Lam នៅបន្តអាជីពជាតារាសម្តែង​ដដែល ដោយភាពយន្តចុងក្រោយរបស់លោក គឺរឿង My Unfair Lady (2017) ចាប់គូជាមួយតារាស្រី Jessica Hsuan។

លោក Frankie Lam

៦. លោក Mang Hoi ដើរតួជាកូនសិស្សច្បងគ្រូម៉ៅ ក្នុងភាពយន្តរឿង Vampire Expert វគ្គ ២

កើតក្នុងឆ្នាំ ១៩៥៥

ទីកន្លែងកំណើត៖ ហុងកុង

ជីវប្រវត្តិ៖ លោកបានសហការសម្តែងជាមួយលោក Lam Ching Ying ក្នុងភាព​យន្តរឿង Vampire Expert វគ្គ ២ មានសរុប ៥០ ភាគ តែអ្វីគួរឲ្យសោកស្តាយ វគ្គ ៣ នៃភាពយន្តនេះ​ ត្រូវ​បាន​រំសាយ ក្រោយលោក Lam Ching Ying បាន​ទទួល​មរណភាព។

លោកត្រូវ​បា​នគេ​ដឹងថា ហាក់ដូចជា ឃ្លាត​ឆ្ងាយពីវិស័យភាព​យន្តតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មកម៉្លេះ ពោល​គឺបង្ហាញ​ខ្លួន​តិចតួចបំផុតនាពេលបច្ចុប្បន្ន។

លោក Mang Hoi

៧. លោក Michael Miu ដើរតួជាប៉ូលិស ក្នុងភាពយន្តរឿង Magic Cop

កើតនាថ្ងៃទី៖ ១៨ មិថុនា ១៩៥៨ (៥៩ ឆ្នាំ)

ទីកន្លែងកំណើត៖ ខេត្តចេជាំង 

តារាសម្តែងកំពស់ ១.៧៩ ម៉ែត្ររូបនេះ មុនពេលចាប់ដៃគូសម្តែង​ជាមួយលោក Lam Ching Ying ធ្លាប់កសាងភាព​ល្បីល្បាញរួចមក​ហើយ​ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ក្នុងចំណោមតារាល្បីៗដូចជា Tony Leung, Andy Lau,និង Felix Wong ជាដើម។ លោក​បាន​រៀប​អាពាពិពាហ៍ជាមួយតារាសម្តែងស្រីនាង Jaime Chik និងមានចំណងដៃកូនពីរនាក់។

លោក Michael Miu

៨. លោក Wilson Lam Chun Yin ដើរតួជាប៉ូលិស ក្នុងភាពយន្តរឿង Magic Cop

កើតនាថ្ងៃទី៖ ២៣ តុលា ១៩៦០ (៥៧ ឆ្នាំ)

ទីកន្លែងកំណើត៖ ខេត្តក្វាងទុង 

តារាសម្តែងរូបសង្ហាលោក Wilson Lam ធ្លាប់សម្តែងក្នុងភាពយន្តរឿង Magic Cop ដើរតួជាប៉ូលិសសើុបអង្កេតលើករណីជួញដូរគ្រឿងញៀន ជាមួយ​លោក Lam Ching Ying (ហៅលោកពូ/លោកគ្រូ) និងតារាសម្តែង Michael Miu (ដើរតួជាប៉ូលិសដូចគ្នា)។ ក្នុងភាព​យន្តនេះ ក៏មានការចូលរួមសម្តែងពីតារាស្រីជប៉ុន Michiko Nishiwaki ដើរតួជាបិសាច។

បច្ចុប្បន្ន លោក Wilson Lam ហាក់ពុំសូវ​បង្ហាញ​ខ្លួនទេ ក្នុងវិស័យភាព​យន្តហុងកុងទៀតឡើយ។

លោក Wilson Lam Chun Yi

ប្រភព៖ Wikipedia | Lam Ching-ying | Chin Siu-ho Billy​ Lau | ​MyDramaList | ​IMDb | ​HKCINEMAGIC 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]