ជំងឺអាល្លែកហ្ស៊ីតាមរដូវកាល ឬគេហៅថាចាញ់អាកាសធាតុ គឺជាបញ្ហាដែលអ្នកតែងតែឧស្សាហ៍ជួបប្រទះ រាល់ពេលអាកាសធាតុផ្លាស់ប្តូរម្តងៗ ជាពិសេស គឺនៅរដូវធ្លាក់ខ្យល់ និងរដូវរងាតែម្តង។ ដោយអាការនេះ អាចធ្វើឱ្យអ្នកងាយនឹងកើតមានបញ្ហាមួយចំនួនដូចជា៖ ក្អក កណ្តាស់ ផ្តាសាយ ហៀរសម្បោរ ស្បែកឡើងកន្ទួល រមាស់ ភ្នែកឡើងក្រហម ឬហៀរទឹកភ្នែកជាដើម។

ថ្ងៃនេះយើងនឹងលើកយកពីបញ្ហា ជំងឺអាល្លែកហ្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុ មកជម្រាបមិត្តអ្នកអាន រួមទាំងវិធីការពារ និងព្យាបាលផងដែរ ដូចខាងក្រោម៖

ជំងឺអាល្លែកក្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុ

# មួលហេតុបណ្តាលឱ្យកើតជំងឺអាល្លែកហ្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុ

ចំពោះមូលហេតុដែលធ្វើឱ្យអ្នក កើតមានអាការជំងឺបែបនេះ គឺបណ្តាលមកពីការបង្ករោគពី បាក់តេរី និងផ្សិតដែលហើរមកតាមខ្យល់ លម្អងផ្កា និងធូលីផ្សេងៗជាដើម មកប៉ះនឹងច្រមុះរបស់យើង ហើយក៏ចូលទៅក្នុងរាងកាយ បង្កជាបញ្ហាសុខភាពបាន។

ជាពិសេស សម្រាប់អ្នកដែលងាយប្រតិកម្ម ឬប្រព័ន្ធរាងកាយចុះខ្សោយមិនអាចប្រឆាំងនឹងមេរោគបាក់តេរីទាំងនេះ។

# រោគសញ្ញានៃជំងឺអាល្លែកក្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុ

អ្នកអាចសង្កេតឃើញបានថា ជំងឺអាល្លែកហ្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុមិនមែនចេះតែកើតមាន ចំពោះមនុស្សរាល់គ្នាទេ គឺអាស្រ័យលើបញ្ហាសុខភាពមនុស្សរៀងៗខ្លួន។ ហើយអ្នកដែលមានសុខភាពខ្សោយ ឬមានប្រព័ន្ធការពារមិនរឹងមាំ ងាយនឹងជួបប្រទះនឹងជំងឺនេះណាស់ ដោយវាបង្ហាញរោគសញ្ញាជំងឺមួយចំនួនដូចជា៖

- ហៀរសម្បោរ តឹងច្រមុះ ឬស្ទះរន្ធច្រមុះ (Nasal Congestion)

- ក្អក និងកណ្តាស់ញឹកញាប់

- រមាស់ភ្នែក ភ្នែកឡើងហើមប៉ោង ឬក្រហមភ្នែក និងអាចហៀរទឹកភ្នែក

- រមាស់ និងមានបញ្ហាសើស្បែក

- ឈឺក្បាល អស់កម្លាំង ល្ហិតល្ហៃ និងរលាក ឬឈឺបំពង់-ក រួមទាំងរោគសញ្ញាជាច្រើនទៀត។

ជំងឺអាល្លែកក្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុ

# វិធីព្យាបាល

ជាធម្មតាជំងឺអាល្លែកហ្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុ អាចធ្វើការព្យាបាលឱ្យជាសះស្បើយបាន ដោយការប្រើពពួកថ្នាំ អង់ទីអីុស្តាមីន (Antihistamines) ប៉ុន្តែការប្រើប្រាស់ថ្នាំប្រភេទនេះ អាចធ្វើឱ្យអ្នកមានអារម្មណ៍ថា ខ្ជិលច្រអូស ងងុយគេង ដោកងុយ ថែមទាំងធ្វើឱ្យមានអាការឈឺក្បាល ស្រវាំងភ្នែក ឈឺឬធ្វើទុក្ខដល់ក្រពះ និងពោះវៀនជាដើម។

ចំណែកពពួកថ្នាំ Steroid ដែលអាចធ្វើការព្យាបាលជំងឺ អាល្លែកហ្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុបានដែរនោះ ក៏អាចធ្វើឱ្យមានផលប៉ះពាល់ ដល់សុខភាពជាច្រើនដូចជា៖ ធ្វើឱ្យអ្នកឡើងទម្ងន់ កើតជំងឺទឹកនោមផ្អែម ហើមរាមរាងកាយ សាច់ដុំខ្សោយ និងមានជំងពុកឆ្អឹងជាដើម។

ដូច្នេះ ដូចដែលអ្នកបានដឹងហើយថា ការប្រើថ្នាំជាអាវុធមុខពីរ បើទោះបីជាអាចព្យាបាលជំងឺបានមែន តែវាបែរជាធ្វើឱ្យមាន បញ្ហានៃផ្នែកផ្សេងៗទៀត ជាច្រើននៅតាមរាងកាយ ហើយប្រសិនជាប្រើប្រាស់ថ្នាំ ច្រើនលើសកំណត់ទៀតរឹងតែមានផលប៉ះពាល់ច្រើនឡើង។

វិធីល្អបំផុត គឺថែរក្សាសុខភាពដោយខ្លួនឯង ព្យាយាមផ្លាស់ប្តូរចំណីអាហារ និងរបៀបរស់នៅប្រចាំថ្ងៃឱ្យល្អជាងមុន រួមទាំងការព្យាបាលតាមវិធីធម្មជាតិ ទើបជាការប្រសើរ។

ជំងឺអាល្លែកក្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុ

ខាងក្រោមនេះ ជាវិធីព្យាបាល និងការពារជំងឺអាល្លែកហ្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុ ដែលអ្នកគួរតែអនុវត្ត ជាជាងការប្រើប្រាស់ពពួកថ្នាំពេទ្យ៖

១. ប្រើប្រាស់ប្រដាប់ឆ្ពុងច្រមុះ (Neti-Pot)

នៅតាមបណ្តាប្រទេសត្រជាក់ និងធ្លាក់ខ្យល់ជាច្រើន សម្បូរអ្នកដែលកើតមានបញ្ហានេះ បានជាគេបង្កើតឧបករណ៍ឆ្ពុងច្រមុះ (Neti-Pot) មួយនេះឡើង។ 

យើងក៏អាចរកទិញវា មកប្រើប្រាស់បានដែរ នៅតាមបណ្តាហាងលក់របស់ពេទ្យនានា។ ដោយវាត្រូវមានគ្រឿងផ្សំ ពីទឹកចម្រោះ លាយជាមួយអំបិល ដើម្បីលាងច្រមុះរបស់អ្នក សម្រាលពីជំងឺអាល្លែកហ្ស៊ី (ដើម្បីឱ្យច្បាស់ រាល់ពេលទិញឧបករណ៍នេះអ្នកលក់នឹងប្រាប់លម្អិតពីវិធីប្រើប្រាស់)។

ប្រដាប់ឆ្ពុងច្រមុះ (Neti-Pot)

២. រមៀត

រមៀតមានធាតុផ្សំសំខាន់ ដែលល្អចំពោះសុខភាព បានជាច្រើនមុខ ជាពិសេស វាថែមទាំងអាចមានប្រសិទ្ធភាព ការពារ និងព្យាបាលជំងឺអាល្លែកហ្ស៊ី តាមរដូវកាល ឬចាញ់អាកាសធាតុបានផងដែរ តាមវិធីងាយៗដូចខាងក្រោម៖

- យកម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្តៅឧណ្ហៗមួយកែវ រួចកូរចូលគ្នាឱ្យសព្វ។

- អ្នកអាចទទួលទានទឹករមៀតនេះ ដើម្បីព្យាបាលជំងឺអាល្លែកហ្ស៊ី តាមរដូវកាល ឬចាញ់អាកាសធាតុ។ ហើយដើម្បីការពារ ជំងឺអាល្លែកហ្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុ អ្នកត្រូវទទួលទានទឹករមៀតនេះ ១ថ្ងៃ ១កែវមុននឹងអាកាសធាតុផ្លាស់ប្តូរ។

ទឹកតែ រមៀត

៣. ទឹកតែជីរអង្កាម

ជីរអង្កាម មានសារធាតុដែលអាចបំបាត់អាការតឹងច្រមុះ ប្រឆាំងមេរោគបាក់តេរី និងការរលាកផ្សេងៗ ជាពិសេស គឺអាការជំងឺអាល្លែកហ្ស៊ី តាមរដូវកាល ឬចាញ់អាកាសធាតុ តាមវិធីដូចខាងក្រោម៖

- វិធីទី១៖ អាចយកកញ្ចប់តែជីរអង្កាម ឬស្លឹកជីរអង្កាមក្រៀម ទៅត្រាំក្នុងទឹកក្តៅឧណ្ហៗ ១៥នាទី រួចទទួលទានជាការស្រេច។

- វិធីទី២៖ យកស្លឹកជីរអង្កាមស្រស់ៗ ទៅដាំនៅក្នុងទឹកឱ្យពុះ រួចទទួលទានក៏បាន។

ទឹកតែជីរអង្កាម

៤. ខ្ទឹមស

ខ្ទឹមស មានប្រសិទ្ធភាពអាច ប្រឆាំងនឹងមេរោគអាល្លែកហ្ស៊ី ថែមទាំងអាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ អាចទប់ទល់នឹងមេរោគបាក់តេរីបានល្អ ដូចជាពពួកថ្នាំ អង់ទីអីុស្តាមីន (Anti-Histamine) ដែរ។

ដោយគ្រាន់តែទទួលទាន ខ្ទឹមស ជារៀងរាល់ថ្ងៃ រយៈពេល១ខែ មុនអាកាសធាតុផ្លាស់ប្តូរ អាចជួយការពារអ្នក ពីជំងឺអាល្លែកហ្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុបាន។ ហើយការទទួលទានខ្ទឹមស មួយថ្ងៃ ២ ទៅ៣កំពិស អាចជួយព្យាបាល និងកាត់បន្ថយអាការជំងឺអាល្លែកហ្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុបានផងដែរ។

ខ្ទឹមស

៥. ក្រូចឆ្មារសម្បកលឿង (Lemon) ឬក្រូចឆ្មារធម្មតា (Lime)

ក្រូចឆ្មារសម្បកលឿង (Lemon) និងក្រូចឆ្មារធម្មតា (Lime) សុទ្ធតែសម្បូរទៅដោយវីតាមីន C និងសារធាតុអង់ទីអ៊ីស្តាមីន (Anti-Histamine) ដែលអ្នកជួយការពារ និងព្យាបាលជំងឺអាល្លែកហ្ស៊ីបានផងដែរ។

អ្នកអាចទទួលទានទឹកក្រូចឆ្មារ មួយថ្ងៃមួយកែវជារៀងរាល់ព្រឹក ពេលអាកាសធាតុផ្លាស់ប្តូរ ដោយច្របាច់ក្រូចឆ្មារមួយចំណិត ទៅក្នុងទឹកក្តៅឧណ្ហៗ មួយកែវហើយទទួលទានតែម្តងជាការស្រេច។  

ក្រូចឆ្មារសម្បកលឿង (Lemon) ឬក្រូចឆ្មារធម្មតា (Lime)

៦. ទឹកខ្មេះប៉ោម (Apple Cider Vinegar)

ទឹកខ្មេះប៉ោម (Apple Cider Vinegar) ដែលអ្នកអាចរកទិញនៅបណ្តាផ្សារទំនើប ត្រូវបានគេរកឃើញថា អាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ និងអាចទប់ស្កាត់ការពារការប្រតិកម្ម ព្រមទាំងបញ្ហាអាល្លែកហ្ស៊ីផ្សេងៗផងដែរ ដោយអនុវត្តវិធីងាយៗដូចខាងក្រោម៖

- លាយទឹកខ្មេះប៉ោម (Apple Cider Vinegar) កូរចូលទៅក្នុងទឹកក្តៅឧណ្ហៗមួយកែវ ដោយអាចបន្ថែមជាមួយនឹងទឹកឃ្មុំ ១កូនស្លាបព្រាកាហ្វេទៀតក៏បានដែរ។

- អ្នកអាចទទួលទានទឹកនេះ ជារៀងរាល់ថ្ងៃ រយៈពេលមុនអាកាសធាតុផ្លាស់ប្តូរមួយខែ ដើម្បីការពារជំងឺអាល្លែកហ្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុ។ ឬអាចទទួលទានវា នៅពេលដែលអ្នកកើតមានជំងឺនេះ ដើម្បីឱ្យអាការឆាប់ជាសះស្បើយ។

ទឹកខ្មេះប៉ោម (Apple Cider Vinegar)

ក្រៅពីវិធីសាស្រ្តធម្មជាតិខាងលើ អ្នកអាចរកវិធីការពារ និងបង្ការ ជំងឺអាល្លែកក្ស៊ីតាមរដូវកាល ឬចាញ់អាកាសធាតុដូចជា៖

- បិទទ្វារ កញ្ចក់ បង្អួចផ្ទះ និងឡានឱ្យបានល្អ ចៀសវាងខ្យល់អាកាស ឬមេរោគប៉ះពាល់នឹងរាងកាយរបស់អ្នក

- អ្នកអាចប្រើប្រាស់ម៉ាសការពារផ្ទៃមុខ រាល់ពេលចេញទៅខាងក្រៅ

- ងូតទឹកសម្អាតខ្លួនឱ្យបានយ់ាងហោច ២ដងក្នុងមួយថ្ងៃ ពេលព្រឹក និងពេលយប់មុនពេលចូលគេង

- បោសជូតសម្អាតផ្ទះ កម្រាលព្រំ កម្រាលពូក ស្រោមខ្នើយ សំលៀកបំពាក់ ឱ្យបានស្អាត និងមានអនាម័យ

- ទទួលទានទឹកឱ្យបានគ្រប់គ្រាន់

- មិនត្រូវទទួលទានអាហារដែលមានជាតិកាហ្វេអ៊ីន ផលិតផលទឹកដោះគោ សូកូឡា ផ្លែភីណាត់ ស្ករស គ្រឿងស្រវឹង សណ្តែក ផ្លែត្រសក់ អាហារធ្វើពីម្សៅ និងអាហារកែច្នៃនោះទេ

- គូរតែទទួលទានអាហារដែលមានប្រយោជន៍ដូចជា៖ ទឹកដោះគោជូរ ទឹកឃ្មុំ អាហារដែលមានជាតិវីតាមីន C និងស៊ុបរំងាស់ឆ្អឹងនៅក្នុងរបបអាហារប្រចាំថ្ងៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]