អាហ្សង់ទីន៖ សុនកដ៏កំសត់មួយក្បាល ហេតុតែស្រលាញ់ស្ម័គ្រស្មោះចំពោះម្ចាស់ សុខចិត្តដេកព្យាមផ្នូរម្ចាស់ ដែលបានស្លាប់ទៅ អស់រយៈពេលជាង ១១ឆ្នាំ រហូតទាល់តែងាប់ខ្លួន។

សុនក រោមខ្មៅលាយ.សតិចៗ ប្រភេទពូជឆ្កែ Alsatian ខាងលើនេះ ត្រូវបានម្ចាស់របស់វា ដាក់ឈ្មោះឲ្យយ៉ាងពីរោះថា Capitan

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កូនឆ្កែ Capitan ត្រូវបានលោក Miguel Guzman បានទិញវាដើម្បីធ្វើជាកាដូក្នុងថ្ងៃគំរប់ខួប ឈានចូលវ័យ១៣ឆ្នាំ របស់កូនប្រុសលោក ឈ្មោះថា Damian កាលពីឆ្នាំ២០០៥ កន្លងទៅ ដែលកាលនោះកូនឆ្កែ Capitan មានអាយុប្រហែលជា ៤ឆ្នាំ អីតែប៉ុណ្ណោះ។

រូបភាព៖ សុនកកំសត់ Capitan

រំលងបានមួយឆ្នាំក្រោយមក ពោលគឺក្នុងកំឡុងឆ្នាំ ២០០៦ លោក Miguel Guzman ក៏បានទទួលមរណៈភាព ក្នុងទីក្រុង Villa Carlos Paz ភាគខាងលិចក្បែរទីក្រុង Cordoba នៃប្រទេសអាហ្សង់ទីន ហើយក៏ត្រូវបានក្រុមគ្រួសារ និងកូនចៅរបស់លោកយកទៅបញ្ចុះ (ផ្នូរ) ផងដែរ។

ចំណែកឯកូនឆ្កែ Capitan វិញ ចាប់តាំងពីថ្ងៃនោះមក ក៏ស្រាប់តែបាត់ខ្លួនឈឹង អស់រយៈពេលជាយូរខែ ខណៈឯក្រុមគ្រួសាររបស់លោក Guzman ក៏មិនសូវជាបានយកចិត្តទុកដាក់ ហើយគិតថា ប្រហែលជាវាអាចងាប់បាត់ នៅកន្លែងណាមួយដែលពួកគេមិនបានដឹងហើយ។

ប៉ុន្តែជារឿងនឹកស្មានមិនដល់ រយៈពេលប៉ុន្មានខែក្រោយមក ពោលគឺនៅក្នុងឆ្នាំ២០០៧ នៅពេលដែលម្នាក់ ក្នុងចំណោមសមាជិកគ្រួសាររបស់លោក Guzman បានទៅមើលផ្នូរលោក ដើម្បីបំពាក់កម្រងផ្កាអីនោះ ក៏ស្រាប់តែប្រទះឃើញ Capitan នៅទីនោះតែម្តង។

បើយោងតាមសេចក្តីរាយការណ៍ ពីសំណាក់បុក្គលិកដែលបម្រើការ និងយាមកាមនៅទីកន្លែងបញ្ចុះសព (ផ្នូរ) រួមទាំងអ្នកជិតខាងដែលរស់នៅតំបន់ក្បែរនោះ បានរៀបរាប់ប្រាប់ថា ពួកគេតែងតែជួយផ្តល់ចំណីអាហារដើម្បីចិញ្ចឹម Capitan ជារៀងរាល់ថ្ងៃ។ ហើយ Capitan វាតែងតែមកដេកកំដរផ្នូរម្ចាស់របស់វានេះ ជារៀងរាល់យប់មិនដែលខានតែម្តង។

រូបភាព៖ សុនកកំសត់ Capitan

Capitan ត្រូវបានគេរាយការណ៍ឲ្យដឹងទៀតថា បើទោះបីជាម្ចាស់របស់វា ខំប្រឹងព្យាយាមនាំវា ត្រលប់ទៅផ្ទះវិញយ៉ាងណាក្តី ក៏វានៅតែមិនព្រមចាកចេញពីទីនោះដែរ។ រហូតមានថ្ងៃមួយ Capitan វាថែមទាំងស្ទុះទាំងកំរោល ចង់រកខាំម្ចាស់របស់វា និងព្រុសខ្លាំងៗ រួមជាមួយនឹងសម្លេងថ្ងួរខ្សឹកខ្សួល ប្រៀបបីដូចជាវាកំពុងតែយំ ដើម្បីបណ្ដេញម្ចាស់វាឲ្យត្រលប់ទៅវិញផងដែរ។

តែទោះបីជាយ៉ាងណា ម្ចាស់របស់វាដែលជាកូនៗរបស់លោក Guzman នៅតែឧស្សាហ៍ទៅទីនោះ រហូតមានថ្ងៃមួយនោះ Capitan ក៏បានសម្រេចចិត្តត្រលប់មកផ្ទះវិញ ជាមួយនឹងពួកគេ តែបានចំណាយពេលនៅជាមួយគ្នា ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ស្រាប់តែមេឃរាងចាប់ផ្តើមងងឹត Capitan ជាឆ្កែដ៏ស្ម័គ្រស្មោះនឹងម្ចាស់នេះ ក៏បានត្រលប់ទៅផ្នូរវិញដដែល។

លោក Damian ជាកូនប្រុសរបស់លោក Guzman ក៏បាននិយាយដែរថា លោកបានព្យាយាមនាំ Capitan ឲ្យត្រលប់មកផ្ទះវិញ ជាច្រើនលើកច្រើសាហើយ ប៉ុន្តែវានៅតែមិនព្រមស្តាប់តាមលោក ហើយរត់បកក្រោយ ទៅរកផ្នូរឪពុករបស់លោកវិញរហូត។

លោកបានបន្ថែមថា «ចំពោះរឿងនេះ ខ្ញុំគិតថាប្រហែលជាវាចង់នៅទីនោះ (ផ្នូរ) រហូតដល់វាងាប់ដែលហើយ ដើម្បីបានមើលថែទាំប៉ារបស់ខ្ញុំ»

គួរឲ្យដឹងផងដែរថា មកទល់ពេលនេះ Capitan មានអាយុ ១៥ឆ្នាំហើយ។ ចំណែកទាក់ទងទៅនឹងការងាប់របស់ Capitan គេក៏មិនដឹងច្បាស់ទេថា មកពីមូលហេតុអ្វីឲ្យប្រាកដនោះឡើយ ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាព៖ សុនកកំសត់ Capitan
រូបភាព៖ សុនកកំសត់ Capitan
រូបភាព៖ សុនកកំសត់ Capitan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]