ចិន៖ សត្វតោមួយក្បាលនៅក្នុងសួនសត្វ Taiyuan ដែលស្ថិតនៅក្នុងខេត្ត Shanxi ប្រទេសចិន បានធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកន្ទុយ ដែលកំពុងរងរបួសរបស់វា។

ការព្រួយបារម្ភពីសំណាក់អ្នកទស្សនានេះ បានកើតឡើងអំឡុងពេលបុណ្យចូលឆ្នាំចិន ដែលជារដូវកាលឈប់សម្រាក និងដំណើរកម្សាន្តដ៏ធំនៅក្នុងប្រទេសនេះ ហើយពួកគេក៏សុំឲ្យមានការបកស្រាយពីអ្នកគ្រប់គ្រងនៅក្នុងសួនសត្វផងដែរ។

សត្វតោមួយក្បាល ធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ ដោយសារកន្ទុយមានរបួស

យោងទៅតាមអ្នកតំណាងពីសួនសត្វមួយរូបបានឲ្យដឹងថា សត្វតោដ៏គួរឲ្យអាណិតនោះ បានខាំផ្តាច់កន្ទុយរបស់វា បន្ទាប់ពីកន្ទុយនោះ បានកកជាប់នៅក្នុងរន្ធទឹកសិប្បនិម្មិតមួយ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំងពេក។

អ្នកនាំពាក្យរូបនោះ បានអះអាងថា វាបានខាំផ្តាច់កន្ទុយរបស់វា ដោយសារតែកន្ទុយនោះ បានហូរឈាម ហើយជាលិការរបស់វា ក៏បានងាប់ទៅហើយដែរ ហើយវាត្រូវបានគេយកទៅព្យាបាលភ្លាមៗ បន្ទាប់ពីគេបានរកឃើញថាវាមានរបួស។

ទោះជាយ៉ាងណា អ្នកទស្សនាបានចាប់អារម្មណ៍ឃើញថា តោមួយក្បាលដែលរងរបួស និងគ្នាវាមួយក្បាលទៀត មើលទៅដូចជាខ្វះអាហាររូបត្ថម្ភខ្លាំងណាស់។ ទោះជាយ៉ាងណា ខាងសួនសត្វមិនបានពន្យល់ពីមូលហេតុដែលធ្វើឲ្យពួកគេទន់ខ្សោយខ្លាំងបែបនេះទេ។

មើលទៅពួកវា ដូចជាខ្វះអាហាររូបត្ថម្ភខ្លាំងណាស់

វីដេអូមួយ ត្រូវបានគេបង្ហោះចូលទៅក្នុងបណ្តាញសង្គម ហើយក៏បានក្លាយជាប្រធានបទដ៏ក្តៅគគុកផងដែរ។

ក្រៅពីមានរបួសកន្ទុយ និងទន់ខ្សោយខុសធម្មតានោះ មនុស្សជាច្រើនបានចាប់អារម្មណ៍ឃើញតោទាំងពីរ គិតតែពីដើរទៅដើរមក ដូចជាវង្វេងវង្វាន់ គ្មានទិសដៅយ៉ាងអ៊ីចឹង។

ជាទូទៅ ឥរិយាបថបែបនេះ គេសង្កេតឃើញថា បានកើតឡើងទៅលើពពួកសត្វ នៅក្នុងសួនសត្វ ដែលប្រឈមមុខនឹងបញ្ហាស្ត្រេស។ ពួកវាប្រហែលជាខកចិត្តខ្លាំង ដោយសារតែវាត្រូវបានគេឃុំឃាំង និងមិនអាចចេញទៅប្រមាញ់ចំណីអាហារតាមធម្មជាតិដោយខ្លួនវាបាន៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]