គ្រាន់តែលឺថាពាក្យ Unicorn ប្រិយមិត្តមួយចំនួនដែល ជាហ្វេនប្រាកដជាជ្រួលជ្រើម ជាក់ជាមិនខាន។ ព្រោះថា នាពេលបច្ចុប្បន្ន តុក្កតា ឬវត្ថុតុបតែងតាមបែប Unicorn កំពុងតែពេញនិយម និងមានការចូលចិត្តយ៉ាងច្រើនកុះករ នៅលើទីផ្សារមិនថា ប៉ែកខាងបរទេស ឬអាស៊ីនោះទេ។

តួយ៉ាង សព្វថ្ងៃនេះ នៅតាមបណ្តាប្រទេសជិតខាងផ្សេងៗ ដូចជា ចិន ថៃ ក៏មានការ បើកហាង ដោយមានការច្នៃប្រឌិត រចនាដោយតុក្កតា Unicorn ជាច្រើនផងដែរ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ហាងទាំងនេះ ក៏កំពុងតែទទួលការគាំទ្រ យ៉ាងច្រើន លើសលប់ ពីហ្វេនៗដែលជាអ្នកគាំទ្រ តុក្កតា Unicorn ពេញទំហឹង។ 

យ៉ាងណាមិញ នាពេលថ្មីៗនេះនៅក្នុងទីក្រុងភ្នំពេញ មានហាងមួយកន្លែងមានឈ្មោះថា Unicorn Emperium មានការតុបតែងយ៉ាងស្រស់ស្អាត និងប្លែកខុសពីគេ តាមបែប Unicorn ទាំងអស់ស្រដៀងនឹងប្រទេសជិតខាងដែរ មិនថាកន្លែងអង្គុយ ឬតុនោះទេ សូម្បីតែភេសជ្ជៈក៏មានការរចនា ពណ៌គ្រប់ប្រភេទគួរឲ្យទាក់ទាញផងដែរ។ហើយអ្វីដែលពិសេសនោះ នៅទីន្លែងនេះថែមទាំងមាន តុក្កតាUnicorn ច្រើនប្រភេទសម្រាប់ដាក់តាំង តែងលម្អថែមទៀតផង។

ទិដ្ឋភាពក្នុងហាង Unicorn Emperium
ទិដ្ឋភាពក្នុងហាង Unicorn Emperium

ក្នុងនេះដែរ ដោយផ្អែកតាមសម្តីរបស់ ម្ចាស់ហាង Unicorn Emperium នេះ ដែលមានឈ្មោះ សំអឿន បានឲ្យដឹងថា៖ «អំឡុងពេលដែលលោក ចាប់ផ្តើមបើកហាងរបៀប Unicorn នេះគឺមានរយៈពេលជាង២ខែមកហើយ។ 

មូលហេតុចម្បងដែលលោក បើកហាងបែបនេះនៅប្រទេសកម្ពុជា ដោយសារតែលោកយល់ឃើញថា សព្វថ្ងៃនេះ តាមបណ្តាប្រទេសផ្សេងៗ ដូចជាប៉ែកបរទេស និងអាស៊ីមួយចំនួន កំពុងតែមានការពេញនិយម របៀបរៀបចំតាម Unicorn បែបនេះ ដូច្នេះហើយទើបលោក សម្រេចចិត្តបើកហាង ដែលមានការរចនាចម្រុះពណ៌ Unicorn នេះនៅប្រទេសយើង» ។

លោកសំអឿន បានបន្តទៀតថា៖ «ចំពោះចំណុចទាក់ទាញ សម្រាប់ហាងមួយនេះ គឺមានការតុបតែងបែប Unicorn សុទ្ធ ហើយរាល់តុក្កតា Unicorn ទាំងអស់សុទ្ធសឹងតែនាំចូលពីបណ្តាប្រទេសប៉ែកបរទេសទាំងអស់ និងមិនត្រឹមតែប៉ុណ្ណោះ ភេសជ្ជៈមួយចំនួន ក៏មានការតុបតែងពណ៌ដ៏ស្រស់ស្អាតតាមបែប Unicorn ដូចគ្នា»។ 

ម្ចាស់ហាង Unicorn Emperium លោក សំអឿន

ម៉្យាងវិញទៀត ម្ចាស់ហាងវ័យប្រមាណ៣០ឆ្នាំជាងរូបនេះ បានបន្តដោយទឹកមុខញញឹមទៀតថា៖ »ចាប់តាំងពីហាងរបស់លោកដែលរៀបចំឡើងបែប Unicorn នេះផ្តើមដំណើរការភ្លាម គឺមានសន្ទុះនៃការគាំទ្រច្រើនកុះករ ជាពិសេសនារីៗ គឺពិតជាត្រូវចិត្តពួកគេខ្លាំងមែនទែន។ 

យ៉ាងណាមិញ គោលការណ៍របស់លោក ក្នុងការបើកហាងរបៀបនេះ ក៏ព្រោះតែលោកចង់ឲ្យអ្នកដែលស្រលាញ់ Unicorn បាននៅក្នុងកន្លែងដែលខ្លួនស្រលាញ់ ហើយជាពិសេស គោលការណ៍ចម្បងនោះ លោកចង់រៀបចំកន្លែងបែបស្ងប់ស្ងាត់ ស្រស់ស្អាត និងអាហារដែលមានតម្លៃធូរថ្លៃផងដែរ។ ឯចំណែក គម្រោងនាពេលអនាគតវិញ លោកនឹងមានបំណង បើកសាខាហាងតុបតែងបែប Unicorn នេះឲ្យធំទូលាយបន្ថែម និងច្រើនសាខាទៀត បើសិនជាមានអតិថិជន គាំទ្រហាងបែបUnicornនេះកាន់តែច្រើន»

ជាក់ស្តែង សម្រាប់ហាងដ៏គួរឲ្យទាក់ទាញ Unicorn Emperium មួយនេះ មានលក់មុខម្ហូបជាច្រើនមុខ ច្រើនប្រភេទ ដែលមានរសជាតិឆ្ងាញ់ និងប្លែកៗ ប្រមាណជា៣០មុខឯណោះ ហើយចំពោះមុខម្ហូបទាំងនោះវិញ ស្ទើរតែខុសប្លែកពីហាងដទៃ នៅក្នុងស្រុកផងដែរ។ ក្រៅពីនេះ អ្វីដែលកាន់តែពិសេស និងគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ រាល់មុខម្ហូប និងគ្រឿងភេសជ្ជៈនៅទីនោះ គឺមានតម្លៃថោកសមរម្យ ដែលមានតម្លៃចន្លោះពី ១.៥០ ដុល្លារ ទៅ ៨ ដុល្លារតែប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ នៅក្នុងហាងដ៏ស្រស់ស្អាតនេះ ឲ្យភ្ញៀវដែលចូលញ៉ាំ ថតរូបតាមចិត្តនិងលេង Unicorn ដោយសេរីផងដែរ។

ទោះជាយ៉ាងណាក្តី សូមបញ្ជាក់ដល់ប្រិយមិត្ត ដែលជាអ្នកគាំទ្រ Unicorn ទាំងអស់ផងដែរថា តាមរយៈសម្តីម្ចាស់ហាង រាល់តុក្កតា Unicorn គ្រប់ប្រភេទនៅទីនោះ គឺសម្រាប់តែដាក់តាំង និងឲ្យភ្ញៀវថតរូបលេងជាមួយតែប៉ុណ្ណោះ មិនមែនសម្រាប់លក់នោះទេ ព្រោះរាល់តុក្កតា Unicorn ទាំងនោះ សុទ្ធសឹងតែមានតម្លៃថ្លៃ និងនាំចូលពីប្រទេសក្រៅ ដូចជាប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិកជាដើម។ 

ដូច្នេះហើយ សម្រាប់ប្រិយមិត្តអ្នកអាន ដែលជាហ្វេនរបស់ Unicorn ហើយមានចំណាប់អារម្មណ៍ចង់ស្គាល់ និងថតរូបជាមួយ Unicorn ដ៏ស្រស់ស្អាតទាំងនោះ ប្រិយមិត្តអាចស្វែងរកហាងដ៏ស្រស់ស្អាតនេះបាន ដែលមានទីតាំងនៅម្តុំ TK Avenue ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

មុខម្ហូបនៅហាង Unicorn Emperium
មុខម្ហូបនៅហាង Unicorn Emperium
មុខម្ហូបនៅហាង Unicorn Emperium
មុខម្ហូបនៅហាង Unicorn Emperium
ទិដ្ឋភាពក្នុងហាង Unicorn Emperium

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]