កំពត ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈចេញពីផ្ទះជាមួយមិត្តភក្តិម្នាក់ទៀត ទៅលេងរាំកម្សាន្ត ក្នុងពិធីមង្គលការ ចាក់ធុងបាសរាំ ពេលចប់កម្មវិធី បានជិះកង់ត្រឡប់មកផ្ទះវិញ ក៏ត្រូវជនមិន ស្គាល់មុខស្ទាក់វាយកណ្តាលផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍ខាងលើននេះ កើតឡើងនៅវេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ នៅត្រង់ចំណុចផ្លូវលំ ភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា ខ្លួនមានឈ្មោះ អ៊ុក ម៉ិញអង្គារិទ្ធ អាយុ២៨ឆ្នាំ មុខរបរ ជាកម្មករស៊ីឈ្នួលជ្រូតស្មៅចំការឲ្យគេ បច្ចុប្បន្នរស់នៅភូមិអណ្តូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹក ឈូ ខេត្តកំពត ។

ជនរងគ្រោះបានរៀបរាប់ទៀតថា ខ្លួន និងមិត្តភក្តិរួមការងារម្នាក់ទៀត ឈ្មោះ អ៊ូ ពៅ នៅវេលាម៉ោង ៧យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ បានបបួលគ្នាជិះកង់ម្នាក់មួយ ទៅរាំលេងធុង បាស ក្នុងពិធីមង្គលការរបស់គេ រហូតដល់ចប់កម្មវិធី ហើយក៏ត្រឡប់មកផ្ទះវិញ លុះចេញត្រឡប់ មកដល់ចម្ងាយប្រហែល ៧០០ម៉ែត្រពីផ្ទះការ ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តងទៅ ។ ប៉ុន្តែមុនពេលកើតហេតុ ខ្លួន និងមិត្តភក្តិ បានឈានចូលលេងផ្ទះ ម៉ែសារាយ ដែលឈ្មោះ អ៊ូ ពៅ ស្គាល់រាប់អានគ្នាដូចម្តាយ និងកូន តែមិនបានចូលដល់ក្នុងផ្ទះទេ គ្រាន់តែហៅពីខាងក្រៅផ្ទះ ប៉ុណ្ណោះ ដោយសារម្ចាស់ផ្ទះ ឈ្មោះ ម៉ែសារាយ នោះមិនទាន់ដេកនៅឡើយ ស្របពេលនោះ កូនស្រី អាយុ៣០ឆ្នាំ បានចេញមកសួររកខ្ចីដែកកេះ ដើម្បីបង្កាត់ភ្លើងដាំបាយដំណើប ពេល បង្កាត់ភ្លើងហើយ ក៏ឲ្យដែកកេះទៅឈ្មោះ អ៊ូ ពៅ វិញ ហើយខ្លួន និងមិត្តភក្តិមិនបានចូលលេងទេ ក៏ជិះកង់បន្តដំណើរទៅទៀត ដោយឈ្មោះ អ៊ូ ពៅ ជាអ្នកជិះកង់មុន ខ្លួនជិះយឺតៗតាមក្រោយ ចៃដន្យចេញពីផ្ទះម៉ែសារាយ បានប្រហែល ២០ម៉ែត្រ ស្រាប់តែមាន បុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ ឃាត់ឲ្យឈប់កង់ ដោយមិនបានសួរនាំអ្វីទាំងអស់ ក៏វាយទៅ លើខ្លួនយ៉ាងដំណំ បណ្តាលឲ្យហូរឈាមជោកខ្លួន ដួលនៅនឹងកន្លែង ពេលនោះខ្លួនក៏ស្រែកឲ្យ ឈ្មោះ អ៊ូ ពៅ ដែលជិះពីមុខជួយ បន្ទាប់មកក៏បាននាំយកទៅផ្ទះ អ៊ូ ពៅ ដើម្បីសង្គ្រោះតាមវិធីព្យាបាលខ្មែរ តែឈាមនៅតែហូរ រហូតមកដល់ព្រឹកថ្ងៃទី១១ ខែមីនា ទើប នាំមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តម្តង ។

លោក ស៊ឹង ភិន នាយប៉ុស្តិ៍រដ្ឋបាល ឃុំម៉ាក់ប្រាង្គ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា ក្រោយពីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅព្រឹកថ្ងៃទី១១ ខែមីនា នេះ នគរបាលបានចុះ ទៅស្រាវជ្រាវដល់ផ្ទះ ម៉ែសារាយ ផងដែរ តែម្ចាស់ផ្ទះពុំបាននៅផ្ទះរបស់ខ្លួននោះទេ គឺចេញពីផ្ទះ ទៅធ្វើចំការទាំងពីព្រឹកម៉្លេះ ។ ទោះជាយ៉ាងណាក៏ដោយ លោកនឹងខំប្រឹងស្រាវជ្រាវវែកមុខជន ដៃដល់មកផ្តន្ទាទោសឲ្យសមនឹងអំពើដែលបានប្រព្រឹត្ត៕

ដោយ ៖ វ៉ាន់ ឌឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]