ភ្នំពេញ៖ អ្នកគ្រប់គ្រង មជ្ឈមណ្ឌលកោះពេជ្រ បានឲ្យដឹងថា ស្ពានពេជ្រ ដែលមនុស្ស៣៥៣នាក់ បានស្លាប់នៅទៅនោះ ក្នុងឧបទ្ទេវហេតុរត់ជាន់គ្នា កាលពីឆ្នាំ២០១០ ត្រូវបានធ្វើការរុះរើចេញហើយ ជាអ្វី ដែលខ្លួនចាត់ទុកថា មានស្ពានពីរសម្រាប់ឆ្លងកាត់ទៅវិញ ទៅមក គ្រប់គ្រាន់ហើយ មិនចាំបាច់មានស្ពានពេជ្រទៀតទេ។

អ្នកគ្រប់គ្រងមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ  លោក ទូច សំណាង មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១ថា ការចាប់ផ្តើមរុះរើស្ពានពេជ្រនេះជាងកន្លះខែមកហើយ រហូតមកទល់ពេលនេះ មិនទាន់បញ្ចប់ការរុះរើទាំងស្រុងនោះទេ ទើបតែបានជិតពាក់កណ្តាលតែប៉ុណ្ណោះ ដោយត្រូវចំណាយពេលវេលាប្រហែលជា២ខែទៀតដើម្បីបញ្ចប់នូវការរុះរើទាំងអស់នេះ។

លោកថា មូលហេតុដែលនាំឲ្យមានការរុះរើស្ពាននេះចោល ដោយសារមជ្ឈមណ្ឌលបានស្ថាបនាស្ពានថ្មី២  ដើម្បីបង្កការងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក ហើយស្ពានពេជ្រនេះក៏មិនចាំបាច់ទៀតដែរ ព្រោះស្ពានពីរបានធ្វើឡើងនេះ វាគ្រប់គ្រាន់ហើយសម្រាប់អ្នកដំណើរនោះ។

លោកបន្តថា«ការរុះរើស្ពាននេះចេញក៏ខាងយើង នឹងរកទៅតាំងថ្មីមួយទៀត ដើម្បីស្ថាបនាស្ពានថ្មីមួយទៀតនៅកន្លែងផ្សេង ប្រហែលជានៅខាងក្រោមពីព្រោះកន្លែងហ្នឹង មើលទៅវាជាប់ៗគ្នាពេក វាអត់តម្រូវការឲ្យមានស្ពានរហូតទៅដល់បីនោះទេ យើងត្រូវការតែស្ពានពីរនេះឲ្យចំផ្លូវ»

មានការកត់សម្គាល់ស្ពានពេជ្រ ត្រូវបានអ្នកធ្វើដំណើរទៅកាន់កោះពេជ្រ មិនសូវធ្វើដំណើរឆ្លងកាត់នោះទេ ចាប់តាំងពីឧបទ្ទេវហេតុនោះរួចមក ដោយសារអារម្មណ៍នឹកដល់ព្រឹត្តិការណ៍ដ៏រន្ធត់នោះ។

គួររំលឹកថា កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលជាថ្ងៃចុងបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនោះ មានកើតភាពជ្រួលច្របល់ដ៏ធំមួយ នៅលើស្ពានពេជ្រ នៃមណ្ឌលកំសាន្តទីក្រុងកោះពេជ្រ បណ្តាល្យមនុស្សចំនួន៣៥៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម និងរន្ធត់បំផុត និងជាមនុស្សជាច្រើនទៀតរងរបួស៕

ដកស្រង់ពីគេហរទំព័រ ដើមអម្ពិល 

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]