(ភ្នំពេញ)៖ តារាសម្តែងកញ្ញា សុខ ស្រីម៉ុច កាលពីពេលថ្មីៗកន្លងមកនេះ ធ្លាប់បង្ហើបប្រាប់ពីគម្រោង ចេញទៅសម្តែង-ច្រៀង នៅលើទឹកដីប្រទេសអូស្រ្តាលី មានរយៈពេលប្រមាណ៣ខែ តាមការអញ្ជើញ របស់ប្រធានសមាគមសិល្បៈខ្មែរ នៅទីនោះ។ ប៉ុន្តែគម្រោងត្រូវចេញទៅកើបប្រាក់ដុល្លារ នៅពេលនេះ ត្រូវបានខកខានវិញ ព្រោះតែនាងសម្ភាសន៍មិនជាប់ ពោលគឺមិនបានទទួលការអនុញ្ញាត ពីស្ថានទូតអូស្រ្តាលី នៅក្នុងប្រទេសកម្ពុជាឲ្យទៅសម្ដែងនៅទីនោះឡើយ។

បើតាមគម្រោង ដែលធ្លាប់ត្រូវបានស្រីស្រស់ សុខ ស្រីម៉ុច បង្ហើបកាលពីកន្លងមក គឺនាងត្រៀមនឹងចេញទៅទឹកដីប្រទេសអូស្រ្តាលី នាដើមឆ្នាំ២០១៨នេះ។ ប៉ុន្តែកាលនោះ នាងពុំបានបញ្ជាក់ច្បាស់ពីវេលា ដែលនឹងត្រូវចេញទៅឲ្យប្រាកដនោះឡើយ ពោលគឺគ្រាន់តែនិយាយថា ចាំជិតដល់ថ្ងៃចេញទៅ នាងនឹងប្រាប់។

ខណៈដែលឱកាស នៃការចេញទៅកើបលុយ នៅលើទឹកដីប្រទេសអូស្រ្តាលី កាន់តែខិតកៀកចូលមកដល់នេះដែរ ក៏ស្រាប់តែមានការទម្លាយមកថា ស្រីម៉ុច ត្រូវបានលុបចោលគ្រោងនេះវិញហើយ ដោយសារតែនាងធ្លាក់ការសម្ភាសន៍។ ដូច្នេះតារាសម្តែងស្រីរូបនេះ ត្រូវពន្យាពេល រហូតដល់ឱកាស ក្រោយៗទៀត។

ឆ្លើយតបនឹងដំណឹង នៃការខកខានគម្រោងចេញទៅ ប្រទេសអូស្រ្តាលីនេះ តារាស្រីកញ្ញា សុខ ស្រីម៉ុច បានប្រាប់ Khmertalking ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះថា ដំបូងឡើយនាងពិតជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចេញទៅសម្តែង និងច្រៀងនៅលើទឹកដីប្រទេសអូស្ត្រាលី តាមការកត់របស់ប្រធានសមាគមខ្មែរ ដែលនៅទីនោះ ។ ប៉ុន្តែគួឲ្យស្តាយ ជិតដល់ចេញថ្ងៃទៅ បែរជាធ្លាក់ការសម្ភាសន៍ ទៅវិញ។

ថ្លែងប្រាប់ Khmertalking កញ្ញា សុខ ស្រីម៉ុច បានបន្តថា «ខ្ញុំពិតជាមានការសោកស្តាយ ឱកាសនេះណាស់ ព្រោះថាគោលបំណងរបស់ខ្ញុំ គឺចង់ទៅច្រៀង-សម្តែង ឲ្យបងប្អូនខ្មែរនៅទីនោះ បានសប្បាយ។ ខ្ញុំសង្ឃឹមថា នឹងអាចមានឱកាសចេញទៅ ពេលក្រោយជាថ្មី!»។

យ៉ាងណាមិញ សុខ ស្រីម៉ុច បានប្រកាសថា បន្ទាប់ពីនាងបានផ្អាកសិល្បៈមួយរយៈនេះ ដើម្បីធ្វើការងារខាងក្រៅនោះ ឥឡូវនាងបានវិលចូលសម្តែងជាថ្មីឡើងវិញ ក្នុងនោះក៏មានការទាក់ទង ហៅសម្តែងខ្លះៗ ផងដែរ!៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]