ភ្នំពេញៈ សន្ដិសុខក្លឹបអេឡិចត្រូ ប្រើកណ្ដាប់ដៃ ថ្វីជើង វាយទាត់ធាក់លើភ្ញៀវ ដែលចូលផឹកក្នុងក្លឹបរបសខ្លួន់ ឲ្យរបួស រហូត ពិបាកនិងរស់ផងដែរ ហេតុការណ៍ប្រើអំណាច ជាសន្ដិសុខដ៏មហិមា វាយលើភ្ញៀវ ត្រូវគេរាយការណ៍មកថា បណ្ដាលមកពី ជនរងគ្រោះ បានធ្វើឲ្យធ្លាក់កែវពីលើតុបែកអស់បី ក្រោយពីនាំគ្នាផឹកស្រាបៀរ អស់ចំនួន២ថូ រួចមក។ ក្រោយហេតុការណ៍នេះ ជនរងគ្រោះទាំង ២នាក់ ត្រូវគេហៅរថយន្ដ ដឹកយកទៅសង្គ្រោះនៅគ្លីនិក ឃឹម រ៉ានី ទួលគោក ចំណែកសន្ដិសុខជើងខ្លាំង ទាំងបី ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗដែរ បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌ។

 

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បញ្ជាក់ពីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុងក្លឹបរាត្រី អេឡិចត្រូ មានទីតាំងតាមបណ្ដោយ ផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

ជនដៃដល់ ដែលបានប្រើកណ្ដាប់ដៃ ថ្វីជើង និងដំបងឈើ វាយទៅលើជនរងគ្រោះ ទី១.ឈ្មោះ ម៉ឹង ឆៃបូរី អាយុ ២០ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ ១៤៣ ផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជាធានីភ្នំពេញ ទី២.តាត់ ពីទូ ហៅ ធូ ឆេង អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ ២៧៣ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀត ឈ្មោះ រឿន សតវត្ស អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ ២៧៤ ផ្លូវ លេខ១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំណេញ អ្នក ទាំងបីនេះ ជាសន្ដិសុខរបស់ក្លឹបអេឡិចត្រូ ។

 

ចំណែកជនរងគ្រោះ មានឈ្មោះ ម៉ុញ សំណាង ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវរបួសក្បាលចំហៀងខាងស្ដាំ រយះដេរចំនួន១៣ ថ្នេរ ថ្ពាល់ខាងឆ្វេងដេរ១០ថ្នេរ ប្រអប់ជើងខាងឆ្វេង របួសដេរ ៥ថ្នេរ ប្រអប់ជើងខាងស្ដាំដេរ ៥ថ្នេរ និងរបួសប្រអប់ក្បាលជង្គង់ ទាំងពីរ ចំណែកម្នាក់ទៀត ឈ្មោះ គាំ សារ៉េត ភេទប្រុស អាយុ ២៧ឆាំ រងរបួសត្រង់ថ្ងាស ដេរអស់ ៥ថ្នេរ។ ជនរងគ្រោះទាំង ពីរនាក់នេះ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋាន មានទីតាំង នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

 

លោកអធិការបន្ដបញ្ជាក់ទៀតថា ទាំងវត្ថុតាងនិងជនសង្ស័យ កំពុងត្រូវឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅគ្លីនិក ឃឹម រ៉ានី ទួលគោក៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]