អគ្គិភ័យត្រូវបានគេចាត់ទុកជាហេតុការណ៍ដ៏កាចសាហាវមួយ ដែលមនុស្សគ្រប់គ្នាតែងតែមានការប្រុងប្រយ័ត្នខ្ពស់  និងមិនដែលប្រាថ្នាចង់ឲ្យវាកើតឡើងមកលើសាច់ញាតិ  ឬក្រុមគ្រួសាររបស់ខ្លួនឡើយ  ព្រោះវាជះផលប៉ះពាល់យ៉ាងអាក្រក់  ដូចជា ការខាតបង់ទ្រព្យសម្បត្តិ  ការទទួលរងនូវរបួស  ការបាត់បង់នូវអាយុជីវិត ប្រសិនបើក្នុងករណីដែលធ្ងន់ធ្ងរ និងជះផលប៉ះពាល់ដល់អ្នកជិតខាងផងដែរ ប្រសិនបើអគ្គិភ័យមានទ្រង់ទ្រាយធំ។

បើទោះបីជាគ្រប់គ្នាមានការប្រុងប្រយ័ត្ន វាក៏នៅតែមានករណីនេះកើតឡើងជារឿយៗ ព្រោះពេលខ្លះ វាកើតឡើងដោយមិនបានដឹងមុនទេ ពោលគឺការកើតឡើងដោយចៃដន្យតែម្តង។

ថ្ងៃនេះយើងសូមលើកយកនូវចំណេះខ្លះៗ ដើម្បីទុកប្រើប្រាស់នៅពេលដែលមានអគ្គិភ័យកើតឡើង។ តោះអានទាំងអស់គ្នា៖

១. ធ្វើការពន្លត់អគ្គិភ័យដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យប្រសិនបើអាចធ្វើបាន

ក្នុងករណីដែលអគ្គិភ័យកើតឡើងមានទ្រង់ទ្រាយតូចដូចជា ភ្លើងឆាបឆេះចេញពីជើងក្រាន ដោយការឆេះក្រដាស  ឬក៏ការឆាបឆេះ បណ្តាលមកពីសម្ភារៈណាមួយ អ្នកគួរតែស្វែងរកបំពង់ពន្លត់អគ្គិភ័យដើម្បីពន្លត់វា។ តែអ្នកត្រូវចាំថា ក្នុងពេលដែលអ្នកកំពុងប្រើប្រាស់ឧស្ម័នពន្លត់អគ្គិភ័យ វាក៏មានផលប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ ដូចជាធ្វើឲ្យអ្នកពុល និងបាត់បង់ស្មារតីជាដើម។ ដូច្នេះដើម្បីឲ្យអ្នកមានសុវត្ថិភាពនៅពេលប្រើប្រាស់ឧស្ម័នពន្លត់អគ្គិភ័យ  អ្នកគប្បីគួរតែលូនទៅរកច្រកចេញ ឬតាមបង្អួចដែលមានសុវត្ថិភាព ព្រោះការលូននៅក្នុងតំបន់ទាប វាអាចជួយអ្នកឲ្យគេចផុតពីការសាយភាយនៃឧស្ម័នពន្លត់អគ្គិភ័យ។

រូបភាពតំណាង

២. ជូនដំណឹងប្រាប់គ្រប់គ្នាដែលនៅក្នុងហេតុការណ៍ឲ្យបានដឹង

ក្នុងករណីដែលអគ្គិភ័យមានការឆាប់ឆេះខ្លាំងពេក ពោលគឺមិនអាចពន្លត់ដោយខ្លួនឯងបាន អ្នកត្រូវធ្វើការជូនដំណឹងទៅកាន់មនុស្សគ្រប់គ្នាឲ្យបានដឹងអំពីហេតុការណ៍នេះ ដើម្បីឲ្យពួកគេមានការរៀបចំ  មានការប្រុងប្រយ័ត្ន  និងដើម្បីជួយស្វែងរកដំណោះស្រាយផងដែរ។

រូបភាពតំណាង

៣. ប្រមូលរបស់ដែលមានតម្លៃ និងស្រាលៗ

នៅក្នុងដំណាក់កាលដែលអ្នកមិនអាចពន្លត់អគ្គិភ័យដោយខ្លួនអ្នកបានទេ អ្វីដែលអ្នកគួរធ្វើ គឺការប្រមូលយករបស់មានតម្លៃ និងមានភាពងាយស្រួលក្នុងការយកតាមខ្លួនប៉ុណ្ណោះ។ ព្រោះប្រសិនបើអ្នកយករបស់មានតម្លៃដែលមានទម្ងន់ធ្ងន់ៗ អ្នកនឹងមានភាពលំបាក់ក្នុងការរំដោះខ្លួនអ្នកចេញពីអគ្គិភ័យ  ស្រួលមិនស្រួល  អ្នកអាចនឹងជាប់ក្នុងអគ្គិភ័យដោយសាររបស់របរមានតម្លៃទាំងអស់នោះក៏ថាបាន។

រូបភាពតំណាង

៤. ធ្វើការទំនាក់ទំនងទៅកាន់ភ្នាក់ងារពន្លត់អគ្គិភ័យ

ក្នុងដំណាក់កាលនេះ អ្នកត្រូវធ្វើការទំនាក់ទំនងទៅកាន់ភ្នាក់ងារពន្លត់អគ្គិភ័យដើម្បីសុំជំនួយ ដោយធ្វើការផ្តល់ព័ត៌មានអំពីអាស័យដ្ឋានរស់នៅរបស់អ្នក និងហេតុការណ៍លម្អិត។  ម្យ៉ាងវិញទៀត អ្នកត្រូវធ្វើការភ្ជាប់ទូរស័ព្ទជាមួយភ្នាក់ងារពន្លត់អគ្គិភ័យរហូត ព្រោះដើម្បីការពារក្នុងករណីដែលពួកគេត្រូវការសាកសួរព័ត៌មានបន្ថែមអំពីទីកន្លែងកើតហេតុ។

រូបភាពតំណាង

៥. ធ្វើការស្វែករក និងត្រួតពិនិត្យមើលច្រកចេញ

នៅពេលអ្នកកំពុងស្ថិតក្នុងអគ្គិភ័យកំពុងឆាបឆេះ អ្នកត្រូវស្វែងរកច្រកចេញដែលមានសុវត្ថិភាពបំផុត។  ហើយអ្នកត្រូវធ្វើការត្រួតពិនិត្យថា តើច្រកចេញនោះមានសុវត្ថិភាពឬទេ?  ប្រសិនបើវាកំពុងមានភ្លើងឆាបឆេះខ្លាំង ចូរអ្នកស្វែករងច្រកចេញផ្សេង ឬក៏ធ្វើការបើកបង្អួច ឬវាយបំបែក ដើម្បីចេញ ក្នុងករណីដែលអ្នកមិនអាចបើកវាបាន។

តែបើក្នុងករណីដែលអ្នកមិនអាចស្វែងរកច្រកចេញបានទេ អ្នកត្រូវអនុវត្តន៍តាមវិធីសាស្រ្តទី ៦។

រូបភាពតំណាង

៦. ករណីដែលអ្នកមិនអាចចេញតាមច្រកចេញបាន

ក្នុងករណីដែលអ្នកមិនអាចស្វែងរកច្រកចេញបាន អ្នកត្រូវអនុវត្តន៍តាមការណែនាំខាងក្រោមនេះ

ក. ត្រូវស្វែងរកបន្ទប់ណាដែលមានសុវត្ថិភាពបំផុត

រូបភាពតំណាង

ខ. ធ្វើការជះទឹកនៅជុំវិញបន្ទប់នោះ ដើម្បីការពារមិនឲ្យអគ្គិភ័យងាយឆាបឆេះរាលដាលចូលមក

រូបភាពតំណាង

គ. ប្រមូលគ្រប់គ្នាឲ្យចូលនៅក្នុងបន្ទប់នោះ

រូបភាពតំណាង

ឃ. ធ្វើការយកកន្សែងពោះគោ ខ្នើយ ពូក ដើម្បីបិទប្រហោងតាមមាត់ទ្វារ ការពារមិនឲ្យផ្សែងហុយចូល ព្រោះផ្សែងមានសារធាតុពុល ដែលអាចបណ្តាលឲ្យអ្នកស្លាប់បាន។

រូបភាពតំណាង

ង. ត្រូវធ្វើការបើកបង្អួចដើម្បីឲ្យមានខ្យល់ចេញចូល និងធ្វើការស្រែកហៅអ្នកជិតខាងឲ្យជួយ

រូបភាពតំណាង

ច. កុំលោតចុះប្រសិនបើអ្នកស្ថិតនៅក្នុងទីតាំងខ្ពស់ ព្រោះវាអាចបណ្តាលឲ្យអ្នកស្លាប់

រូបភាពតំណាង

៧. ប្រសិនបើខោអាវរបស់អ្នកត្រូវភ្លើងឆាបឆេះ

ក្នុងករណីដែលអគ្គិភ័យឆាបឆេះសម្លៀកបំពាក់របស់អ្នក អ្នកត្រូវអនុវត្តន៍តាមវិធីសាស្ត្រនេះ

ក. អ្នកត្រូវបញ្ឈប់នូវសកម្មភាពរបស់អ្នក ព្រោះប្រសិនបើអ្នករត់ វារឹតតែធ្វើឲ្យអគ្គិភ័យមានការឆាបឆេះកាន់តែខ្លាំងឡើង

ខ. អ្នកត្រូវផ្តួលខ្លួនទៅនឹងកម្រាល ហើយយកដៃគ្របមុខ ដើម្បីការពារការឆាបឆេះ

គ. អ្នកត្រូវរមៀលខ្លួនរបស់អ្នកជាមួយនឹងកម្រាល ដើម្បីឲ្យអគ្គិភ័យរលត់។

រូបភាពតំណាង

៨. នាំគ្រប់គ្នាចេញរកកន្លែងសុវត្ថិភាព

ក្នុងករណីដែលអ្នកអាចស្វែងរកច្រកចេញបាន អ្នកត្រូវតែនាំគ្រប់គ្នាទៅកាន់កន្លែងដែលមានសុវត្ថិភាពបំផុត ដែលមានចម្ងាយឆ្ងាយពីទីតាំងភ្លើងឆេះ។ ព្រោះប្រសិនបើអ្នកនៅជិតទីកន្លែងឆាបឆេះពេក វាអាចធ្វើឲ្យអ្នកទទួលរងគ្រោះថ្នាក់ដោយចៃដន្យ ពោលគឺការធ្លាក់សម្ភារៈលើខ្លួន ឬការបាក់វត្ថុអ្វីមួយសង្កត់អ្នកជាដើម។

រូបភាពតំណាង

៩. កុំត្រលប់មកកន្លែងកើតហេតុវិញ

ពេលដែលអ្នកអាចចាកចេញពីទីកន្លែងភ្លើងឆេះហើយ ចូរអ្នកកុំត្រលប់មកវិញ ក្រោមហេតុផលថា អ្នកភ្លេចយកទូរស័ព្ទ ភ្លេចយកសោរឡាន ភ្លេចគ្រឿងអលង្ការ។ល។ ព្រោះនៅពេលដែលអ្នកវិលត្រលប់ទៅវិញដើម្បីយករបស់ទាំងនោះ អ្នកអាចប្រឈមនឹងការបាត់បង់ជីវិតដោយសារភ្លើងក៏ថាបានដែរ។

សុភាសិតខ្មែរពោលថា៖ ទ្រព្យសម្បត្តិយើងអាចរកបាន តែជីវិតមិនអាចរកបានឡើយ៕

រូបភាពតំណាង

ប្រភព៖ Nidirect | Ready | Safewise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]