(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ សព្វថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចំណាយថវិកា ក្នុងការខាតបង់ក្នុងមួយខែៗប្រមាណ១៥ម៉ឺនដុល្លារ ដើម្បីបម្រើសេវាដឹកជញ្ជូនសាធារណៈ ជូនប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កម្មករ និងសិស្សានុសិស្សជាដើម។

ការបញ្ជាក់របស់លោកអភិបាលរាជធានីភ្នំពេញ ខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់ ស្មៀនទាំងអស់នៅក្នុងមូលដ្ឋាន រាជធានី នៅសាលារាជធានីភ្នំពេញ ដើម្បីពង្រឹងតួនាទី និងភារកិច្ច ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។

លោកអភិបាល បានថ្លែងបញ្ជាក់ថា «ក្នុងមួយខែៗរដ្ឋបាលរាជធានីភ្នំពេញ បានចំណាយថវិកាប្រមាណ១៥ម៉ឺនដុល្លារ ដើម្បីទូទាត់ថ្លៃខាតបង់សម្រាប់រថយន្តក្រុង ដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ។ ប៉ុន្តែបើទោះបីជាខាតបង់យ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញ មិនរុញរានោះទេ សំខាន់ឲ្យ សេវាដឹកជញ្ជូនសាធារណៈនេះ ប្រើប្រាស់ឲ្យចំគោលដៅ ដែលប្រជាពលរដ្ឋចង់បាន»។

លោកបានបញ្ជាក់ផងដែរថា រថយន្តដឹកជញ្ជូនអ្នកដំណើរសាធារណៈ បច្ចុប្បន្ននេះឃើញថា មានភាពយឺតយ៉ាវ ខណៈដែលលោកអង្គុយចាំជិះ នៅចំណតរថយន្តមុខវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃច័ន្ទកន្លងមកនេះ។

ជុំវិញបញ្ហានេះ លោកបានស្នើឲ្យអភិបាលរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈ រាជធានីភ្នំពេញ ពិនិត្យឡើងវិញកុំឲ្យមានការថ្នាំងថ្នាក់ ពីសំណាក់ប្រជាពលរដ្ឋដែលទទួលលើសេវានេះ។

លោកថា​ «ក្នុងនាមយើងជាមន្ត្រី កុំនៅក្នុងប៊ុយរ៉ូធ្វើការ ជាមន្ត្រីជើង១០ ត្រូវដើរមើលការងាររបស់ខ្លួនគ្រប់គ្រង នៅតាមមូលដ្ឋានផង»។

ចំពោះសេវារថយន្តដឹកអ្នកដំណើរសាធារណៈនេះលោក ឃួង ស្រេង ក៏បានជម្រុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ជួយចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញផងដែរ ពោលគឺបើឃើញថា មានភាពអសកម្មសូមជួយរាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាឲ្យសេវានេះដំណើរការ ទៅបានរលូននិងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ចំនួនអ្នកធ្វើដំណើរជិះរថយន្តក្រុងសាធារណៈ បាននិងកំពុងកើនពីចំនួន ៦.០០០នាក់ ឡើងដល់ចំនួន ២០.០០០នាក់ក្នុង១ថ្ងៃ គឺកើនជាង ៣ដង ជាមួយខ្សែរត់ចំនួន៨ខ្សែ។ នេះបើយោងតាមទិន្និន័យរបស់មន្ទីរសាធារណការ និងដឹងជញ្ជូនរាជធានីភ្នំពេញ បង្ហាញលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសរសេរយ៉ាងដូច្នេះថា៖ ‌‍«សូមចូលរួមជិះរថយន្តក្រុងអោយបានច្រើនកុះករ ដើម្បីកាត់បន្ថយយានយន្តលើដងផ្លូវ និងសុវត្ថិភាព! ចំនួនអ្នកធ្វើដំណើរជិះរថយន្តក្រុង បាននិងកំពុងកើនពីចំនួន ៦.០០០នាក់ក្នុង១ថ្ងៃ ឡើងដល់ចំនួន ២០.០០០នាក់ក្នុង១ថ្ងៃ គឺកើនជាង ៣ដង ជាមួយខ្សែរត់ចំនួន ៨ខ្សែ»។

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានចាប់ផ្តើមដាក់ឲ្យដំណើរការនូវសេវាកម្មរថយន្តក្រុង កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយដំបូងធ្វើការរត់តែ ៣ខ្សែប៉ុណ្ណោះ។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ចិនបានផ្តល់រថយន្តក្រុង ១០០គ្រឿង ឲ្យសាលារាជធានីភ្នំពេញ ដើម្បីពង្រីកខ្សែរត់ដឹកអ្នកដំណើរការ ក្នុងរាជធានីភ្នំពេញ ជាមួយគ្នានេះដែរប្រទេសជប៉ុនក៏បានសន្យា នឹងបញ្ជូនរថយន្តក្រុងទាំង ១៤០គ្រឿងមកកម្ពុជា នៅត្រឹមឆ្នាំ២០២០ ក្នុងនោះ ជំហ៊ានទី១ រថយន្តក្រុងចំនួន ៨០គ្រឿង នឹងមកដល់រាជធានីភ្នំពេញនៅក្នុងអំឡុងខែមេសា ឆ្នាំ២០១៨ខាងមុខ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]