កែវភ្នែកជាសរីរាង្គម្យ៉ាងដែលសំខាន់បំផុត សម្រាប់ការមើលឃើញពិភពលោក និងអ្វីៗនៅជុំវិញខ្លួនប្រកបដោយភាពរីករាយ ហើយវាក៏ជាអំណោយពីធម្មជាតិដែលមានតម្លៃបំផុតផងដែរ សម្រាប់ជីវិតមនុស្សម្នាក់ៗ។ ប៉ុន្តែ គួរឱ្យស្តាយ មនុស្សជាច្រើនបានធ្វើរឿងមួយចំនួនដោយមិនដឹងខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់កែវភ្នែកដ៏មានតម្លៃនេះទៅវិញ។ វាមិនត្រឹមតែធ្វើឱ្យកែវភ្នែករបស់អ្នកចុះខ្សោយ អន់ភ្នែកនោះទេ តែវាបែរជាអាចបង្កមេរោគ និងជំងឺភ្នែកមួយចំនួនទៀតផង។

ដូច្នេះមកតាមដានទាំងអស់គ្នាថាតើ ទម្លាប់អាក្រក់ដែលអាចធ្វើឱ្យប៉ះពាល់ដល់កែវភ្នែក ដែលអ្នកឧស្សាហ៍អនុវត្តនោះមានអ្វីខ្លះ ៖

១. ការជក់បារី

ការជក់បារី អាចធ្វើឱ្យខូចខាត Retina របស់កែវភ្នែក ហើយធ្វើឱ្យការមើលឃើញរបស់អ្នកចុះខ្សោយ ភ្នែកឡើងបាយ ខូចខាតសរសៃឈាមកែវភ្នែក ជាពិសេសថែមទាំងអាចបង្កើនឱកាសនៃការងងឹតភ្នែកក្រោយពីមានអាយុ ៥០ឆ្នាំទៀតផង។

ក្រៅពីនេះ យើងដឹងហើយថាផ្សែងបារីអាចធ្វើឱ្យខូចសួត និងបេះដូង តែវាក៏អាចធ្វើឱ្យប៉ះពាល់ដល់កែវភ្នែកផងដែរ។ នៅពេលផ្សែងចូលទៅក្នុងភ្នែក វានឹងបង្កើនការខូចខាតដល់សរីរាង្គ និងកែវភ្នែកពីខាងក្នុងបន្ថែមទៀត។

ការជក់បារី អាចធ្វើឱ្យខូចខាត Retina របស់កែវភ្នែក ហើយធ្វើឱ្យការមើលឃើញរបស់អ្នកចុះខ្សោយ ភ្នែកឡើងបាយ

២.ញីភ្នែក

ពេលអ្នកមានអារម្មណ៍ថាទើសៗភ្នែក រោយភ្នែក ឬរមាស់ភ្នែក ការញីភ្នែកអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាប្រសើរជាងមុនមែន តែការធ្វើបែបនេះ បែរជាធ្វើឱ្យមានផលប៉ះពាល់ដល់កែវភ្នែកទៅវិញ ដោយវាអាចធ្វើឱ្យបែកសរសៃឈាមគ្រាប់ភ្នែក និងធ្វើឱ្យភ្នែកមានបញ្ហាផ្សេងៗទៀតបាន។ ដូច្នេះដើម្បីការពារភ្នែក អ្នកមិនគួរញីភ្នែកច្រើនដងពេកទេ ឬអ្នកអាចប្រើទឹកបន្តក់ភ្នែក ប្រសិនជាអ្នកមានអារម្មណ៍ថាមិនសូវស្រួលក្នុងភ្នែកក៏បានដែរ។

ដើម្បីការពារភ្នែក អ្នកមិនគួរញីភ្នែកច្រើនដងពេកទេ ឬអ្នកអាចប្រើទឹកបន្តក់ភ្នែក ប្រសិនជាអ្នកមានអារម្មណ៍ថាមិនសូវស្រួលក្នុងភ្នែកក៏បានដែរ

៣.សម្លឹងមើលកញ្ចក់កុំព្យូទ័រយូរពេក

ការប្រើ និងសម្លឹងកុំព្យូទ័រយូរពេកនឹងធ្វើឱ្យបង្កើនហានិភ័យនៃជំងឺភ្នែកម្យ៉ាងមានឈ្មោះថា Computer Vision Syndrome (CVs) ដែលធ្វើឱ្យភ្នែករបស់អ្នកស្ងួត ស្រវាំង ឈឺភ្នែក ក្រហាយភ្នែក ព្រិលភ្នែក និងពេលខ្លះអាចធ្វើឱ្យអ្នកឈឺក្បាលទៀតផង។ ដូច្នេះដើម្បីចៀសវាងបញ្ហានេះ  ទោះជាការងារតម្រូវឱ្យនៅមុខកញ្ចក់កុំព្យូទ័រ អ្នកក៏ត្រូវសម្រាកសាច់ដុំភ្នែកខ្លះ ដោយងាកមើលរបស់ជុំវិញ ឬប្រឹងព្រិចភ្នែកបន្តិចដើម្បីបន្ធូរបន្ថយកែវភ្នែកក៏បានដែរ។

ការប្រើ និងសម្លឹងកុំព្យូរទ័រច្រើន ឬយូរពេកនឹងធ្វើឱ្យបង្កើនហានិភ័យនៃជំងឺភ្នែកម្យ៉ាងមានឈ្មោះថា Computer Vision Syndrome (CVs) ដែលធ្វើឱ្យភ្នែករបស់អ្នកស្ងួត ស្រវាំង ឈឺភ្នែក ក្រហាយភ្នែក ព្រិលភ្នែក

៤.ផឹកគ្រឿងស្រវឹងហួតកម្រិត

ការទទួលទានគ្រឿងស្រវឹងក្នុងបរិមាណច្រើនហួសហេតុពេក នឹងធ្វើឱ្យប៉ះពាល់ដល់កែវភ្នែករបស់អ្នក ជាពិសេសគឺធ្វើឱ្យកើតជំងឺម្យ៉ាងដែលធ្វើឱ្យកែវភ្នែក និងកម្រិតការមើលឃើញចុះខ្សោយ (Macular degeneration)។ ក្រៅពីនេះ វាក៏អាចធ្វើឱ្យកម្រិតការបែងចែកពណ៌ (ស្រមោល) របស់កែវភ្នែករបស់អ្នកមានភាពច្របូកច្របល់ និងភាន់ច្រលំបានទៀតផង។

រាល់គ្រឿងស្រវឹង មិនថាតែស្រា ឬបៀរទេ ការទទួលទានក្នុងបរិមាណច្រើនហួសហេតុពេក នឹងធ្វើឱ្យប៉ះពាល់ដល់កែវភ្នែករបស់អ្នកបាន

៥.របបអាហារដែលប៉ះពាល់

កែវភ្នែកមានសុខភាពល្អក៏អាស្រ័យទៅលើរបបអាហារដែលអ្នកទទួលទានផងដែរ។ ដើម្បីសុខភាពភ្នែក អ្នកគួរតែទទួលទានទឹកឱ្យបានច្រើនដូចជាទឹកស្អាត ទឹកបន្លែផ្លែឈើស្រស់ៗ ទទួលទានរបបអាហារដែលសម្បូរទៅដោយ វីតាមីន E និងអាស៊ីតខ្លាញ់អូមេហ្គា៣ (Omega-3) ជាដើម។ អ្វីដែលសំខាន់គឺត្រូវតែកាត់បន្ថយការទទួលទានអាហារដែលមានជាតិសូដ្យូម (ប្រៃ) ព្រោះវាអាចធ្វើឱ្យភ្នែករបស់ស្ងួត ឬរមាស់បាន។

អ្វីដែលសំខាន់គឺត្រូវតែកាត់បន្ថយការទទួលទានអាហារដែលមានជាតិសូដ្យូម (ប្រៃ) ព្រោះវាអាចធ្វើឱ្យភ្នែករបស់ស្ងួត ឬរមាស់បាន

៦.មិនបានជួប និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ

ការថែរក្សាកែវភ្នែកឱ្យមានសុខភាពល្អក៏ទាក់ទងនឹងការពិនិត្យសុខភាពកែវភ្នែកជាប្រចាំផងដែរ។ វេជ្ជបណ្ឌិតអាចធ្វើការតាមដានរាល់សុខភាពកែវភ្នែក និងសុខភាពរាងកាយតាមរយៈកែវភ្នែកនេះ ហើយប្រសិនជាមានបញ្ហាប្រាកដជាអាចធ្វើការព្យាបាលទាន់ពេលវេលា។

ការថែរក្សាកែវភ្នែកឱ្យមានសុខភាពល្អក៏ទាក់ទងនឹងការពិនិត្យសុខភាពកែវភ្នែកជាប្រចាំផងដែរ

៧.ប្រើគ្រឿងសម្អាងច្រើនពេក

ជាតិគីមី និងប្រេងដែលមាននៅក្នុងគ្រឿងសម្អាត ដែលអ្នកតែងតែប្រើសម្រាប់ការតុបតែងមុខ និងស្ថិតនៅក្នុងបរិវេណកែវភ្នែកជាប្រចាំ ងាយធ្វើឱ្យមានផលប៉ះពាល់ដល់ក្រពេញកែវភ្នែកណាស់។ វានឹងធ្វើឱ្យងាយនឹងឆ្លងមេរោគ និងបាក់តេរី ដែលបណ្តាលឱ្យភ្នែកកើតមានជំងឺជាច្រើនមុខទៀត។

ក្រៅពីនេះអ្នកគួរតែផ្លាស់ប្តូរគ្រឿងសម្អាងថ្មីរាល់៣ខែម្តង ជាពិសេសម៉ាស្ការ៉ា (ទឹកសម្រាប់លាបរោមភ្នែក) និងប្រដាប់គូសត្រេភ្នែក ដើម្បីចៀសវាងមេរោគ និងបាក់តេរីដែលធ្វើឱ្យខូចដល់ភ្នែក។

ជាតិគីមី និងប្រេងដែលមាននៅក្នុងគ្រឿងសម្អាត ដែលអ្នកតែងតែប្រើសម្រាប់ការតុបតែងមុខ និងស្ថិតនៅក្នុងបរិវេណកែវភ្នែកជាប្រចាំ ងាយធ្វើឱ្យមានផលប៉ះពាល់ដល់ក្រពេញកែវភ្នែកណាស់

៨.មិនពាក់វ៉ែនតាការពារភ្នែក

វ៉ែនតា អាចការពារកែវភ្នែកពីផលប៉ះពាល់ពីកាំរស្មីUV រាល់ពេលដែលអ្នកចេញដើរក្រោមកម្តៅថ្ងៃ។ ដោយកាំរស្មីនេះ អាចធ្វើឱ្យភ្នែករបស់អ្នកមានបញ្ហា ក្រហម ក្រហាយ រលាក និងបង្កគ្រោះថ្នាក់ដល់កែវភ្នែកជាច្រើនដល់អ្នកបាន ប្រសិនជាអ្នកមិនប្រើវ៉ែនតាសម្រាប់ការពារបញ្ហាទាំងអស់នេះទេ។

វ៉ែនតា អាចការពារកែវភ្នែកពីផលប៉ះពាល់ពីកាំរស្មីUV រាល់ពេលដែលអ្នកចេញដើរក្រោមកម្តៅថ្ងៃ

៩.ប្រើថ្នាំបន្តក់ភ្នែកច្រើនពេក

ការប្រើទឹកថ្នាំបន្តក់ភ្នែក អាចជួយសម្រាលការឈឺចាប់ ភ្នែកក្រហម និងបញ្ហាភ្នែកស្ងួតបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ហើយអ្នកក៏មិនគួរប្រើវាញឹកញាប់ច្រើនពេកដែរ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពកែវភ្នែករបស់អ្នកបាន។ ដូច្នេះប្រសិនជាអ្នកមានបញ្ហាភ្នែក ឬប្រើថ្នាំបន្តក់ភ្នែកច្រើនពេក អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតប្រសើរជាង។ ម្យ៉ាងទៀតប្រសិនជាប្រើថ្នាំបន្តក់ភ្នែកធ្វើឱ្យភ្នែករបស់អ្នកឡើងក្រហម អ្នកគួរតែបញ្ឈប់ប្រើវាភ្លាមៗជាដាច់ខាត។

ការប្រើទឹកថ្នាំបន្តក់ភ្នែក អាចជួយសម្រាលការឈឺចាប់ ភ្នែកក្រហម និងបញ្ហាភ្នែកស្ងួតបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ហើយអ្នកក៏មិនគួរប្រើវាញឹកញាប់ច្រើនពេកដែរ

១០.មើលទូរទស្សន៍មុនពេលចូលគេង

ការមើលទូរទស្សន៍មុនពេលចូលគេង ក៏ត្រូវបានគេដឹងថា អាចប៉ះពាល់ដល់កែវភ្នែករបស់អ្នកបានផងដែរ។ ដោយសារតែកែវភ្នែករបស់អ្នកមានការលំបាកចាប់យករូបភាព និងធ្វើឱ្យភ្នែកធ្វើការធ្ងន់ផងដែរ ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់ក្រសែភ្នែកដូចជា អន់ថយក្នុងការមើលឃើញ ភ្នែកស្ងួត ខ្វះជាតិទឹក ធ្វើឱ្យឈឺក្បាល ថែមទាំងធ្វើឱ្យអ្នកឆាប់ខូចភ្នែកទៀតផង។

ក្រៅពីនេះ មិនត្រឹមតែទូរទស្សន៍ទេ ពពួកអេក្រង់ឧបករណ៍អេឡិចត្រូនិកដទៃទៀត ក៏ត្រូវបានគេហាមប្រាមក្នុងការប្រើប្រាស់នៅពេលយប់ មុនពេលចូលគេងផងដែរ។

ការមើលទូរទស្សន៍មុនពេលចូលគេង ក៏ត្រូវបានគេដឹងថា អាចប៉ះពាល់ដល់កែវភ្នែករបស់អ្នកបានផងដែរ

បន្ទាប់ពីបានតាមដានទម្លាប់មិនល្អទាំង១០នេះរួចហើយ អ្នកត្រូវធ្វើការកែប្រែ និងផ្លាស់ប្តូរទម្លាប់ទាំងនេះជាបន្ទាន់ ដើម្បីជំនួយដល់សុខភាពភ្នែក និងចៀសឆ្ងាយពីផលប៉ះពាល់ផ្សេងៗ។ ជាពិសេសនោះ កុំភ្លេចតាមដានសុខភាពកែវភ្នែករបស់អ្នកជាមួយនឹងវេជ្ជបណ្ឌិតជំនាញខាងចក្ខុវិស័យឱ្យបានទៀងទាត់ផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]