ចិន៖ បុរសអាយុ៥១ឆ្នាំមួយរូប ដែលជាគ្រូបង្រៀននៅក្នុងសាលា ដាច់ស្រយាលតូចមួយក្នុងខេត្ត Shanxi ភាគខាងជើងនៃប្រទេសចិន ត្រូវបានក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំ ជ្រើសរើសធ្វើជាជនគំរូ ដោយសារតែ ការលះបង់សេចក្តីសុខខ្លួនឯង ដើម្បីបង្រៀនក្មេងៗ បើទោះបីជាគាត់ គ្មានម្រាមដៃ និងម្រាមជើងក៏ដោយ។

យោងទៅតាមសារព័ត៌មាន China Daily បានឲ្យដឹងថា រឿងរ៉ាវរបស់លោក Chen Haiping បានចាប់ផ្តើមឡើង នៅពេលដែលលោក បានជួបជាមួយនាយកសាលា Liujiashan នៅក្នុងឆ្នាំ ១៩៩០។ 

នៅពេលនោះ សាលានៅក្នុងតំបន់ដាច់ស្រយាលនេះ កំពុងត្រូវការគ្រូបង្រៀនជាបន្ទាន់ ដូច្នេះលោក Chen ក៏ត្រូវបានគេជ្រើសរើស ជាគ្រូបង្រៀនជំនួសនៅក្នុងសាលាមួយនេះតែម្តង។

លោក Chen Haiping ដែលជាគ្រូបង្រៀន គ្មានម្រាមដៃ ម្រាមជើង

លោកបាននិយាយថា៖

“ពេលនោះខ្ញុំមានអាយុ ២៣ឆ្នាំ។ បន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សាត្រឹមមធ្យមសិក្សា គ្មាននរណាយកខ្ញុំធ្វើការទេ ។ ការងារជាគ្រូបង្រៀននេះ អាចផ្តល់ចំនូលឲ្យខ្ញុំត្រឹម ៥០យ័ន (ប្រហែល ៧,៨១ដុល្លារអាមេរិក) ក្នុងមួយខែ។ ពេលនោះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់” ។

ទោះជាយ៉ាងណា ការងារមួយនេះ ពិតជាលំបាកខ្លាំងណាស់ ដោយសារតែលោកកើតមកគ្មានម្រាមដៃ និងម្រាមជើង ដូច្នេះការសរសេរនៅលើក្តារខៀនពិតជាលំបាកសម្រាប់លោក។ 

គ្រូបង្រៀនចិត្តធម៌រូបនេះបាននិយាយថា៖

“វាគឺជាដំណើរការ ដ៏ឈឺចាប់មួយ។ បាទដៃរបស់ខ្ញុំឡើងពងបែកជាប្រចាំ ហើយដី.ស តែងតែជ្រុះទៅលើឥដ្ឋជានិច្ច។”
លោក Chen Haiping ដែលជាគ្រូបង្រៀន គ្មានម្រាមដៃ ម្រាមជើង

ទោះជាយ៉ាងណា វាមិនបានធ្វើឲ្យលោក Chen អាក់អន់ចិត្ត ចង់បញ្ឈប់ការផ្តល់ចំណេះដឹងទៅដល់ក្មេងៗ ដ៏គួរឲ្យអាណិតទាំងអស់នោះទេ។ ផ្ទុយទៅវិញ លោកនៅតែព្យាយាមបង្រៀនពួកគេឲ្យបានល្អ ដូចជាគ្រូៗនៅសាលាផ្សេងៗទៀតអីុចឹង។

ជារៀងរាល់ព្រឹក លោកតែងតែក្រោកពីព្រលឹម ដើម្បីធ្វើដំណើរជាង១០គីឡូម៉ែត្រពីតំបន់របស់លោក ដើម្បីទៅសង្កេតមើលការបង្រៀន របស់គ្រូដទៃនៅសាលាផ្សេងទៀត ហើយទើបត្រលប់មកបង្រៀនកូនសិស្សរបស់ខ្លួនវិញ។

សាលាដែលស្ថិតនៅជើងភ្នំនាខេត្ត Liulin នេះ គឺពិតជាមានការប្រែប្រួលខ្លាំង បើប្រៀបធៀបជាមួយសភាពកាល ពី២០ឆ្នាំមុន។ កាលពីមុន សាលានេះមានសិស្សប្រហែល១០០នាក់ ប៉ុន្តែឥឡូវនេះ មានសិស្សតែ ៧នាក់ប៉ុណ្ណោះ ដែលមកសិក្សាជាប្រចាំ ដោយសារតែ សិស្សភាគច្រើនបានធ្វើចំណាកស្រុក ទៅទីក្រុងជាមួយឪពុកម្តាយរបស់គេ ដែលធ្វើការនៅទីនោះ។

អ្វីដែលកាន់តែគួរឲ្យស្រណោះនោះគឺ លោក Chen មិនត្រឹមតែជាគ្រូបង្រៀនទេ លោកក៏ជាចុងភៅ និងអ្នកបោសសម្អាតក្នុងសាលានេះផងដែរ។

លោក Chen បាននិយាយថា៖

“គុណភាពនៃការអប់រំនៅក្នុងសាលាដាច់ស្រយាលនេះ មិនល្អដូចជាសាលាធំៗទេ ប៉ុន្តែវាពិតជាសំខាន់ខ្លាំងណាស់។ បើគ្មានសាលានេះទេ សិស្សមួយចំនួននឹងឈប់រៀនតែម្តង”។
លោក Chen Haiping ដែលជាគ្រូបង្រៀន គ្មានម្រាមដៃ ម្រាមជើង

គួរឲ្យស្ញប់ស្ញែងខ្លាំងណាស់ ការខិតខំប្រឹងប្រែងរបស់លោក បានទទួលលទ្ធផលគួរជាទីគាប់ចិត្ត ជាមួយប្រាក់រង្វាន់ ៥០០០យ័ន (ប្រហែល៧៨០ដុល្លារអាមេរិក) ក្នុងនាមជាជនគំរូ សម្រាប់មនុស្សជំនាន់ក្រោយ។

ជាចុងក្រោយ លោក Chen បាននិយាយថា៖

“ខ្ញុំនឹងនៅតែបង្រៀន បើទោះបីជាសាលានេះ នៅមានសិស្សតែម្នាក់ក៏ដោយ” ។

តើអ្នកគិតយ៉ាងណាដែរ ចំពោះទឹកចិត្តរបស់លោកគ្រូម្នាក់នេះ? សូមបញ្ចេញមតិរបស់អ្នកនៅខាងក្រោមនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]