នៅមិនយូរទៀតទេ ពិធីបុណ្យចូលឆ្នាំចិន «ឆ្នាំច» ដែលនឹងខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះហើយ។ ជាទូទៅ គេតែងសង្កេតឃើញថា មុនប៉ុន្មានថ្ងៃនៃ បុណ្យចូលឆ្នាំចិននេះ បងប្អូនប្រជាជន ខ្មែរកាត់ខ្សែស្រឡាយចិនជាច្រើន បានរៀបចំ បោសជូតសម្អាតផ្ទះរៀងៗខ្លួន ។

ជាពិសេស អ្វីដែលមិនបំភ្លេចនោះគឺរឿង «ឆ្នាំឆុង» ព្រោះបើតាមទំនៀមទម្លាប់ ប្រជាជនចិន ជាច្រើនតែងតែមានអបិយជំនឿ ទាក់ទង នឹងរឿងឆុងឆ្នាំយ៉ាងខ្លាំង ដោយក្នុងនោះ ពួកគេតែងគិតថា វាជាហេតុផល ដែលបណ្ដាលឲ្យយីអ៊ុនធ្លាក់ចុះ រកស៊ី មិនរីកចម្រើន ឬមានជំងឺឈឺជាដើម។

ជាក់ស្ដែង ចំពោះប្រិយមិត្តមួយចំនួន ច្បាស់ជាធ្លាប់ជ្រាបហើយថា សត្វខ្លាស នៅឯរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ក្នុងរាជធានីភ្នំពេញយើងនេះ អាចជួយចម្លងគ្រោះ ឆ្នាំឆុងដល់ប្រជាប្រុសស្រី យើងបានយ៉ាងដ៏ពូកែស័ក្តិសិទ្ធិ ។

ព្រោះទីនោះ ជាកន្លែងសក្ការៈ បូជាដែល គេតែងល្បីតៗគ្នាថាបារមីសត្វខ្លាសនេះ នឹងអាចជួយរំដោះគ្រោះទាំងឡាយ ដល់អ្នកដែលមានឆ្នាំឆុង ។

ចុះសម្រាប់ឆ្នាំថ្មី «ឆ្នាំច» នេះវិញ តើមានឆ្នាំអ្វីខ្លះដែលឆុង ហើយគួរធ្វើបែបណា ដើម្បីកាត់គ្រោះ ស៊យទាំងនោះ?

ឃើញដូច្នេះ ខ្មែរឡូត ក៏បានធ្វើកិច្ចសម្ភាសន៍ផ្ទាល់ ជាមួយលោកតា ឡា ដែលជាអាចារ្យជួយកាត់គ្រោះ សម្រាប់អ្នកដែលមានឆ្នាំឆុង ប្រចាំការ នៅរមណីយដ្ឋានវត្តភ្នំនោះតែម្ដង។

លោកតាបានឲ្យដឹងថា តាមក្បួនចិនចូលឆ្នាំចិន ឆ្នាំចរ ឆ្នាំ២០១៨នេះ មានឆ្នាំឆុងចំនួន៤ នោះគឺឆ្នាំ ច ឆ្នាំរោង ឆ្នាំមមែ និងចុងក្រោយគឺឆ្នាំឆ្លូវ ប៉ុន្តែឆ្នាំដែលឆុងខ្លាំងជាងគេ ដល់ទៅ១០០ភាគរយ នោះគឺឆ្នាំរោង នេះតែម្ដង បន្ទាប់មកមានឆ្នាំមមែ ឆ្នាំច និងឆ្នាំឆ្លូវ គឺឆុង៥០ភាគរយ តែប៉ុណ្ណោះ ។ 

លោកតា វ័យជាងហាសិបឆ្នាំ រូបនេះនេះ ក៏បានបន្ថែមទៀតថា ជាទូទៅ រាល់ពេលចប់ថ្ងៃសែននំអ៉ី(បុណ្យចិន) តែងតែមាន ប្រជាប្រុសស្រី ដែលជាប់ខ្សែស្រឡាយចិន មកជាបណ្ដើរៗ ដើម្បីកាត់គ្រោះចង្រៃទាំងនោះ ។

បើតាមទំនៀមទំលាប់ បុគ្គលអ្នកឆុងឆ្នាំ ឬអ្នកដែលចង់ឲ្យសត្វខ្លាស រំដោះគ្រោះឲ្យទាំងអស់ ត្រូវមានដង្វាយសំខាន់៣មុខ យកពីណាក៏បាន ដែលមានដូចជា សាច់ជ្រូកមួយដុំ ស៊ុត និងយីហ៊ឺក្រៀម ព្រមទាំងក្រដាសសែន ផ្លែឈើ ទៀនធូប។

ក្នុងនោះដែរ លោកតា ក៏បានប្រាប់អំពីវិធីរំដោះគ្រោះខ្លះៗ សម្រាប់អ្នកដែលមានឆ្នាំឆុងទាំងអស់ អាចអនុវត្តន៍វាបានដោយខ្លួនឯង ដោយត្រូវយកស៊ុត (ពងមាន់ឬពងទា) ចំនួន២គ្រាប់ សាច់ជ្រូកបីជាន់ (ឆៅ) ទៅសែននៅទីណាក៏បាន ឲ្យតែមានរូបសំណាកខ្លាស ប៉ុន្តែបើរូបសំណាកខ្លាស នៅក្នុងវត្តទើបស័ក្តិសិទ្ធិជាង រួចអុជធូបចំនួន៣សរសៃ និយាយបែរបន់។ 

បន្ទាប់មក យកសាច់ជ្រូកបីជាន់ញាត់ចូលមាត់ រូបសំណាកខ្លាស រួចយកពងទៅគោះជាមួយនឹងក្បាល រូបសំណាកខ្លាស ឲ្យបែក ទើបយកពងនោះ ទៅគប់ចោល ដើម្បីឲ្យគ្រោះស៊យចេញឆ្ងាយ ទៅតាមនោះ។ 

ការធ្វើបែបនេះ អាចជួយរំដោះគ្រោះទាំងពួង ដែលអាចកើតឡើងជា យថាហេតុ ដូច្នេះជនប្រុសស្រីដែល មានឆ្នាំឆុង សូមប្រញាប់មកកាត់គ្រោះ ដើម្បីសេចក្ដីសុខ អ្នកទាំងអស់គ្នា។

ជាមួយគ្នានេះដែរ លោកតាឡា ក៏បានបន្តថា យ៉ាងណាមិញសម្រាប់អ្នកដែលរវល់ គ្មានពេលទំនេរទេ អាចធ្វើកិច្ចជំនួស ដោយឲ្យអ្នកផ្ទះ យកសម្លៀកបំពាក់ បុគ្គលដែលមានឆ្នាំឆុងដូចបានរៀបរាប់ខាងលើ មករៀបចំពិធីរំដោយគ្រោះជំនួស ក៏បានដែរ។ 

ដោយឡែក ក្នុងករណីអ្នកដែលខកខាន មិនបានមកកាត់គ្រោះនោះទេ គ្រោះចង្រៃទាំងនោះ អាចធ្វើឲ្យយើងជួបរឿងមិនល្អ ដូចជា អាចនឹងជួបគ្រោះថ្នាក់ តាមផ្លូវក៏ថាបាន ឬរឿងល្អប្ដូរទៅជាអាក្រក់ ពេលខ្លះអាចនឹងមាន ការទាស់ទែង ពាក្យសម្ដីគ្នា និងឈាន ដល់ការប្រើហិង្សាទៀតផង។

ជាក់ស្ដែង មានអ្នកខ្លះខំប្រុងប្រយ័ត្នណាស់ដែរ តែបើគ្រោះមកដល់ទោះខំគេច ក៏មិនផុត ដូច្នេះវិធីដ៏ល្អបំផុត គឺត្រូវរៀបចំពិធីនេះឲ្យបានរស់រាន់ ទាន់ពេល ហើយក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពេល ខ្លូនកំពុងមានឆ្នាំឆុងបែបនេះ។

បន្តឆ្លើយមកកាន់ក្រុមការងាររបស់ ខ្មែរឡូត លោកតា បាននិយាយទៀតថាចំពោះចំអាប ក្លិន កាកសំណល់ ដែលបន្សល់ពីការរៀបពិធីកាត់គ្រោះនេះ តែងត្រូវបានលោកតា ក៏ដូចជាអ្នកសម្អាតនៅទីនោះ តែងបោស ជូត លាង ជារៀងរាល់ថ្ងៃ មិនឲ្យមានក្លិនមិនល្អ កើតឡើងនេះឡើយ។

ពាក់ព័ន្ធ នឹងផ្លូវងងឹតលោកតា ក៏បានបន្តដែរថា សម្រាប់អ្នកតាមថែរក្សា នៅទីនេះ មិនដែលប្រកាន់ទោសទាន់ អ្វីនោះទេ ព្រោះយើងក៏មិនបានទៅរំខាន សុខទុក្ខអ្វីគេដែល គ្រាន់តែរៀបពិធីរំដោយគ្រោះ សន្សំសុខ ដូច្នេះនេះមិនមែនជាបញ្ហាចោទនោះទេ។

លោកតាក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ចំពោះបច្ច័យដែល បងប្អូន បានជូនលោកតា មិនត្រូវបានកំណត់នោះទេ នេះជាទឹកចិត្ត របស់បងប្អូនកូនក្មួយ ដែលមក កាត់គ្រោះ តែប៉ុណ្ណោះ  ៕

ចង់ជ្រាបកាន់តែច្បាស់ទស្សនា វីដេអូជាមួយ ខ្មែរឡូត ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]