កំណាត់ផ្លូវដែលបែកចេញពីផ្លូវជាតិលេខ៧ ត្រង់អូរពងមាន់ ឆ្ពោះទៅក្រុងបានលុង ខេត្តរតនៈគីរី រហូតដល់ព្រំដែនកម្ពុជា-វៀតណាម នៅច្រកអូរយ៉ាដាវ គឺជាផ្លូវជាតិលេខ៧៨ ដែលបច្ចុប្បន្នកែប្រែស្ថានភាពថ្មី គួរជាទីមោទនក្រៃលែង។

ពីផ្លូវបំបែកអូរពងមាន់ ទៅដល់បង្គោលគីឡូម៉ែត្រលេខ៤៧២ ផ្លូវជាតិលេខ៧៨ នេះ បានស្ថាបនារបៀងផ្លូវ បែកចេញពីផ្លូវចាស់ កាត់តម្រង់ទៅរកទីប្រជុំជនស្រុកកូនមុំ។ ផ្លូវបំបែកថ្មីនេះ បានទៅជួបនឹងផ្លូវចាស់វិញ នៅត្រង់បង្គោលគីឡូម៉ែត្រលេខ ៥២៦ ឯណោះ។ ផ្លូវកាត់ថ្មីនេះ មិនទាន់មានភូមិឋានរបស់អ្នកស្រុក រស់នៅអ៊ូអរហូរហែតាមដងផ្លូវនៅឡើយទេ។ ប្រសិនបើវាស់តាម GPS ផ្លូវថ្មីនេះ បានកាត់ត្រង់ជិតជាងផ្លូវចាស់ប្រមាណជា ១០គ.ម។ ហេតុនេះ ផ្លូវជាតិលេខ៧៨ ពីអូរពងមាន់ ទៅខេត្តរតនៈគីរី បច្ចុប្បន្ន មានចម្ងាយប្រមាណជា ១២២គ.ម ប៉ុណ្ណោះ ដែលខុសកាលពីមុន មានចម្ងាយប្រមាណជា ១៣២គ.ម ផងដែរ។

នៅសងខាងផ្លូវ ចាប់ពីអូរពងមាន់ រហូតដល់ជិតផ្លូវបំបែកថ្មីនេះ គឺជាតំបន់ចំការកៅស៊ូ ដ៏ធំល្វឹងល្វើយ ហើយចាប់ពីស្រុកកូនមុំ រហូតដល់ក្រុងបានលុង ក៍ជាតំបន់ដំណាំកៅស៊ូដ៏ត្រជាក់ភ្នែក គួរជាទីគយគន់។ កាលពីមុន គេស្មានតែនៅសងខាងតាមបណ្តោយផ្លូវនេះ ជាព្រៃស្តុក ព្រោះក្នុងពេលធ្វើដំណើរ ត្រូវបានគ្របជិតដោយព្រៃឈើខ្ពស់ៗ ដែលតាមការពិត ព្រៃឈើខ្ពស់ៗទាំងនោះ មានចម្ងាយប្រហែលបួនដប់ម៉ែត្រតែប៉ុណ្ណោះ ដែលស្ថិតនៅតាមបណ្តោយសងខាងផ្លូវ។ លុះដល់កាប់ព្រៃបួនដប់ម៉ែត្រនោះ ចេញពីសងខាងផ្លូវឱ្យវាលស្ញេញទៅ ស្រាប់តែលេចចេញជាចំការកៅស៊ូដ៏ល្វឹងល្វើយ គួរឱ្យភ្ញាក់ផ្អើល។

ដោយចំណាយពេលធ្វើដំណើរប្រហែលជិត ២ម៉ោង យើងនឹងបានប្រទះឃើញរង្វង់មូលរូបសំណាក ស្រីស្រស់ទូលផ្លែឈើ” នៃក្រុងបានលុង ខេត្តរតនៈគីរីជាថ្មីម្តងទៀត គួរឱ្យចាប់ចិត្ត។ គួរបញ្ចាក់ថា ប្រសិនបើលោកអ្នកចូលទៅដល់ទន្ទឹមនឹងវាលយន្តហោះក្រុងបានលុង ភ្លាម លោកអ្នកនឹងគាប់ចិត្តជាមួយផ្ទាំងទស្សនីយភាពមួយបែបទៀត ហាក់កំពុងរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យរសាយបាត់អស់ នូវក្តីនឿយហត់ទាំងពួង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]