ខេត្តបន្ទាយមានជ័យ ៖ជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួកបីនាក់ ដែលជាមុខសញ្ញាសង្ស័យ ចោរប្លន់សម្លាប់ យោធា កងពល៥១ម្នាក់ យកប្រាក់១៥០០០បាត កាលពីមួយសបា្តហ៏កន្លងទៅ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ ។

លោក ម៉ែន ភិរម្យ មេបញ្ជាការរង អ ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិការនេះថា ជនសង្ស័យ ដែលកម្លាំង របស់លោកចាប់ខ្លួនមានឈ្មោះ ហួត  ស្រស់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានមុខរបរមិនពិតប្រាកដ។ ដោយឡែកបក្ខពួក ជនសង្ស័យ ០២នាក់ ទៀត ដែលកំពុងរត់គេខ្លួន ១/ឈ្មោះ លួត សុផល ភេទប្រុស អាយុ១៩ឆ្នាំ និង២/ឈ្មោះ អាក្តាម ភេទប្រុស អាយុ១៩ឆ្នាំ ពួកគេរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

លោកបានបន្តថា មុនពេលចាប់ខ្លួនកាលពីថ្ងៃទី០៧ ខែវិច្ឆិកា កន្លងទៅជនសង្ស័យ ហួត ស្រស់និងបក្ខពួក០២នាក់ ផ្សេងទៀត បានធ្វើសកម្មភាពវាយប្លន់ ជនរងគ្រោះ ម្នាក់ខណះដេកអង្រឹងក្បែអេស្កាវ៉ូទ័រ ឈ្មោះ ស៊ុន ទី ភេទប្រុស អាយុ៥០ឆ្នាំ ជាទាហាន នៅអង្គភាពវរៈសេនាតូច លេខ៥១៣ ចំណុះឲ្យកងពលតូចលេខ៥១ រស់នៅ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយមកស៊ីឈ្នួល យាមចំការដូងប្រេងដែលមានថៅកែជាជនជាតិថៃ ក្រោយកើតហេតុពួកជនសង្ស័យ បានយកប្រាក់ជន រងគ្រោះចំនួន១៥០០០បាត រត់គេចខ្លួន បាត់ស្រមោលអស់។

លោក ម៉ែន ភិរម្យ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ រត្ន័ ស្រ៊ាង មេបញ្ជាការរង អ ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ ហខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យលោកដឹកនាំកម្លាំងចុះសហការជាមួយកម្លាំង អ ហ ស្រុកម៉ាឡៃចុះស្រាវជ្រាវ លុះដល់ថ្ងៃទី១០ ខែវិច្ឆិកា ទៅឈានដល់ការចាប់ខ្លួនជនសង្ស័យបានម្នាក់តែម្តង។

ក្រោយសួរនាំជនសង្ស័យ ត្រូវបានបញ្ជូន ទៅតុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]