បាត់ដំបង៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានចុះបង្រ្កាប វង់ល្បែង ស៊ីសង មួយកន្លែងនៅ នៅស្រុកកំរៀង កាលពីវេលាម៉ោង១២ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយធ្វើការឃាត់ខ្លួន មនុស្សចំនួន១០នាក់ និងរឹបអូសបាន វត្ថុតាងមួយ ចំនួន និងបញ្ជូនទៅតុលាការខេត្ត នៅ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ដើម្បីចាត់ការ បន្តតាមច្បាប់។

លោក មៀន ឡាយ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា យោងតាមបទ បញ្ជាផ្ទាល់ របស់ស្នងការ ស ថេត និងមានការ អនុញ្ញាត ពីលោកព្រះរាជអាជ្ញា នួន សាន មកកម្លាំង ការិយាល័យ ជំនាញ១ក្រុម ដឹកនាំដោយ លោកវរសេនីយ៍ឯក ជេត វណ្ណនី ស្នងការរងទទួល បន្ទុកកណ្តាល យុត្តិធម៌បានចុះ ធ្វើការបង្រ្កាប ទីតាំងល្បែង ស៊ីសងមួយ កន្លែង (អាប៉ោង ខ្លាឃ្លោក បាល់)នៅចំណុច តារាងបាល់ស្ថិត ក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ដោយ ឃាត់ខ្លួនម្ចាស់ផ្ទះ និងអ្នកញៀនល្បែង ទាំងអស់ចំនួន ១០នាក់ ក្នុងនោះមានស្រីម្នាក់ និងរឹបអូសបាន វត្ថុតាង មេអាប៉ោង៣គ្រាប់ ចាននិងគម្រប១ សម្រាប់ គ្រាប់ខ្លាឃ្លោក ៣គ្រាប់ កម្រាល២ និងម៉ូតូចំនួន៦គ្រឿង នាំយកមកស្នងការខេត្ត ធ្វើកំណត់ ហេតុសួរនាំ។

បន្ទាប់ពីសួរនាំហើយ ម្ចាស់ផ្ទះឈ្មោះ ម៉ាង ប៉ូច ហៅវែង បានឆ្លើយសារភាពថា ទីតាំងខ្លួន បានបើកលេងល្បែង ស៊ីសងនេះ បានរយៈពេលជាង៧ខែ មកហើយ មិនដែលមាន សមត្ថកិច្ចណា មកចាប់ទេ ទើបតែចុងក្រោយនេះ ក៏ត្រូវសមតក្ថកិច្ចចាប់ បានតែម្តង។

ប្រភពពី ប្រជាពលរដ្ឋ នៅស្រុកកំរៀង បាននិយាយថា ទីតាំងល្បែងស៊ីសងមានដល់ទៅ៣ កន្លែងឯនោះ តែថ្ងៃបង្រ្កាបនេះ គឺចាប់បានតែ មួយកន្លែងទេ ដោយ២កន្លែងទៀតប្រហែលជាគេបាន ដឹងមុនក៏បានឈប់លេងទាន់។ ប្រភពផ្សេងទៀត បានិយាយថា ទីតាំងល្បែងស៊ីសង នៅស្រុកកំរៀងនេះ រយៈកាលកន្លង មកសមត្ថកិច្ច មូលដ្ឋានមិនដែល ធ្វើការបង្រ្កាបទេ ទាល់តែកម្លាំង សមត្ថកិច្ច ពីស្នងការ ចុះទៅបង្រ្កាប ដោយផ្ទាល់ ទើបសម្រេចបាន ព្រោះអ្នកមូលដ្ឋាន ប្រហែលជាមានការទើស ទាល់ហើយ មើលទៅ។

ក្រោយពីសួរ នាំហើយការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនអ្នកញៀនល្បែងទាំង១០នាក់ នោះទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ តាមបញ្ជា របស់លោក ព្រះរាជអាជ្ញា នួន សាន ដើម្បីចាត់ការបន្តតាមច្បាប់។ យោងតាម មន្រ្តីនគរបាល មួយរូប បានលួចបង្ហើបថា ការដែល កម្លាំងនគរបាលថ្នាក់ ស្នងការខេត្ត ដឹងរឿង និងចុះបង្រ្កាបវង់ល្បែងខាងលើនេះ ដោយសារតែមានជម្លោះ រវាងលោកអធិការនគរបាល ស្រុកនិងអធិការរងមួយរូប៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]