អាមេរិក៖ បុរសជាឪពុកចិត្តព្រៃផ្សៃម្នាក់ បានធ្វើទារុណកម្មលើកូនស្រីវ័យជំទង់របស់ខ្លួនយ៉ាងដំណំ ដោយប្រើខ្សែក្រវ៉ាត់វ័ធលើខ្លួនប្រាណ និងចាប់កោរសក់នាងចេញ ដោយសារតែ ខឹងនាងដោនឡូតកម្មវិធីជជែកកម្សាន្តមួយយកមកលេង។

បុរសជាឪពុកត្រូវបានគេស្គាល់ឈ្មោះថា Alex J. Harrison មានអាយុ៣៣ឆ្នាំ រស់នៅក្នុងរដ្ឋ Louisiana សហដ្ឋអាមេរិក។ លោក Alex ខឹងនឹងកូនស្រីយ៉ាងខ្លាំង បន្ទាប់ពីនាងបានដោនឡូតកម្មវិធីឆាតមួយ ឈ្មោះថា «Snapchat» យកមកលេង ដោយមិនគិតគូររៀនសូត្រ។ ទើបទីបំផុត ឪពុកចិត្តខ្លាំងខាងលើនេះ សម្រេចដាក់ពិន័យកូនស្រីខ្លួនឯង ដោយវ័ធនឹងខ្សែក្រវ៉ាត់ជាច្រើនលើក យ៉ាងពេញទំហឹងដៃ និងបន្ទាប់មកចាប់នាងកោរសក់ក្បាលចេញ ដើម្បីទុកជាមេរៀនតែម្តង។

ចំណែកឯ ក្មេងស្រីរងគ្រោះគេឃើញថា បានស្រែកយំយ៉ាងខ្លាំងៗ ទាំងក្តីឈឺចាប់ និងថែមទាំងបានយកដៃទប់មុខយំ ពោរពេញដោយក្តីអាម៉ាស់ ខណៈដែលឪពុកចិត្តខ្មៅរូបនេះ ថែមទាំងបានថតជាវីដេអូឃ្លីប នៃសកម្មភាពធ្វើទារុណកម្មលើកូនស្រី បង្ហោះចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក និង Snapchat ឲ្យគ្រប់គ្នាបានឃើញ ទាំងមិនញញើតថែមទៀត។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កូនស្រីរបស់លោក Alex មិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ ត្រូវបានគេរាយការណ៍ថា ជាសិស្សរៀនថ្នាក់ទី៩ មានអាយុប្រហែលជា ១៤ ទៅ ១៥ឆ្នាំប៉ុណ្ណោះ។ តាមរយៈវីដេអូឃ្លីប នៅក្នុងថ្ងៃកើតហេតុ ឪពុករូបនេះបាននិយាយថា «ឯងធំហើយ សាលាគឺជាការងាររបស់ឯងដែលត្រូវធ្វើ មិនមែនដេកលេង Snapchat នោះទេ។

អ្នកលេងបណ្តាញសង្គមជាច្រើន រិះគន់និងខឹងសម្បាយ៉ាងខ្លាំង ចំពោះសកម្មភាពដ៏ព្រៃផ្សៃរបស់ឪពុកចិត្តខ្មៅខាងលើនេះ ដែលជ្រើសរើសការដាក់ពិន័យ ឬធ្វើទារុណកម្មលើកូនស្រីខ្លួនឯង ក្នុងរូបភាពដ៏ឃោរឃៅបែបនេះ។

ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីវីដេអូឃ្លីបមួយនេះ ត្រូវបានសាយភាយច្រើននៅលើបណ្តាញសង្គម ទីបំផុតលោក Alex ក៏ត្រូវបានប៉ូលិសក្នុងតំបន់ (នៃនាយកដ្ឋានប៉ូលិស Ferriday Police Department) ចុះធ្វើការឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ ចំពោះទង្វើដែលគាត់បានធ្វើនេះផងដែរ។ ប៉ុន្តែយ៉ាងណាមិញ ខាងអ្នកនាំពាក្យនៃនាយកដ្ឋានប៉ូលិស សុំមិនទាន់ធ្វើការបកស្រាយអ្វីទាំងអស់ ដោយរង់ចាំធ្វើការស៊ើបអង្កេតបន្ថែម លើករណីមួយនេះផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
ក្មេងស្រីរងគ្រោះ
រូបភាពបុរសជាឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]