អង់គ្លេស៖ ការប្រកួតរវាងក្រុម Manchester United និងក្រុម Manchester City ត្រូវបានរងរិះគន់យ៉ាងខ្លាំងៗ ពីសំណាក់មហាជន ដោយសារតែ ការប្រកួតមួយនេះមិនសូវជាមានភាពជក់ចិត្តដិតអារម្មណ៍។

ក្នុងនោះ អតីតគ្រូបង្វឹកក្រុម Manchester United លោក Louis Van Gaal ក៏បានធ្វើការរិះគន់ ស្តីបន្ទោសផងដែរ ពីទម្រង់លេងរបស់លោក Jose Mourinho ថាពិតជាគ្មានភាពទាក់ទាញទាល់តែសោះ និងគួរឲ្យធុញទ្រាន់ជាខ្លាំង។ លើសពីនេះ លោកថែមទាំងបានប្រៀបធៀបទម្រង់លេងរបស់ខ្លួន ទៅនឹងគ្រូបង្វឹករបស់ក្លិបបិសាចក្រហមក្នុងពេលបច្ចុប្បន្នទៀតផង។

Van Gaal បានបង្ហើបថា ទោះបីជាការដឹកនាំរបស់លោក កន្លងមកធ្លាប់បានរងការរិះគន់ជាច្រើនក៏ពិតមែន ប៉ុន្តែទម្រង់លេងសម្រាប់ក្រុមរបស់លោក ដូចជាមិនមានភាពធុញទ្រាន់ ដូចទម្រង់លេងរបស់គ្រូបង្វឹកលោក Jose Mourinho ឡើយ។

លោក Van Gaal បន្ថែមទៀតថា បច្ចុប្បន្ននេះ ទម្រង់លេងរបស់ក្លិប Manchester United គឺផ្តោតយ៉ាងខ្លាំងទៅលើតំបន់ការពារ។ ប៉ុន្តែនៅពេលដែលរូបលោក នៅដឹកនាំក្រុមបិសាចក្រហម លោកតែងតែផ្តោតទៅលើការវាយលុកវិញ។

លោក Van Gaal ក៏បានបញ្ជាក់ផងដែរថា ខ្លួនលោកផ្ទាល់មិនបានចងគំនុំជាមួយលោក Jose Mourinho ចំពោះការចូលខ្លួនមកដណ្តើមតំណែង ជាគ្រូបង្វឹករបស់លោកឡើយ៕  

លោក Louis Van Gaal ពេលនៅដឹកនាំក្រុម Manchester United
គ្រូបង្វឹកក្រុម Manchester United ក្នុងពេលបច្ចុប្បន្ន លោក Jose Mourinho
លោក Louis Van Gaal និងលោក Jose Mourinho ពេលនៅធ្វើការជាមួយគ្នានៅក្លិប Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]