អាមេរិក៖ កិច្ចព្រមព្រៀងមុនអាពាហ៍ពិពាហ៍ មានលក្ខណៈស្របច្បាប់ ដែលជាទូទៅតែងត្រូវបានយកមកប្រើប្រាស់និងអនុវត្តន៍ដោយគូស្នេហ៍ នៅមុនពេលពួកគេរៀបការក្លាយជាប្តីប្រពន្ធពេញច្បាប់។

ជាក់ស្តែងនៅសហរដ្ឋអាមេរិក គេឃើញមានគូស្នេហ៍ដែលជាមនុស្សល្បីៗដ៏មានឥទ្ធិពល និងទ្រព្យសម្បត្តិកប់ពពកមួយចំនួនបានចុះកិច្ចព្រមព្រៀងមុនអាពាហ៍ពិពាហ៍ និងក្រោយអាពាហ៍ពិពាហ៍ផងដែរ។ ដើម្បីដឹងថាកិច្ចព្រមព្រៀងរបស់ពួកគេគួរឲ្យចាប់អារម្មណ៍យ៉ាងណាខ្លះ សូមតាមដានទាំងអស់គ្នាដូចខាងក្រោម៖

លោក Mark Zuckerberg និងប្រពន្ធ Priscilla Chan មានកិច្ចព្រមព្រៀងថា ត្រូវចំណាយពេលវេលានៅជាមួយគ្នាឲ្យបានច្រើន។ មុនពេលរៀបការនៅឆ្នាំ២០១២ លោក Mark បានយល់ព្រមថានឹងណាត់ជួបគ្នានៅក្រៅ (Date) ឲ្យបានម្តងក្នុងមួយសប្តាហ៍ និងត្រូវចំណាយពេលវេលាឲ្យបាន ១០០នាទី សម្រាប់ផ្តល់ឲ្យគ្នាមិនថានៅខាងក្រៅការិយាល័យ ឬនៅផ្ទះនោះទេ។

គួរឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះមានទ្រព្យសម្បត្តិសរុបប្រមាណ ៧៤.៥ ពាន់លានដុល្លារអាមេរិក។

លោក Mark Zuckerberg និងប្រពន្ធ Priscilla Chan

តារាសម្តែងស្រី នាង Jessica Biel និងតារាចម្រៀងលោក Justin Timberlake មានលក្ខខណ្ឌអំពីការក្បត់ចិត្តគ្នា។ ពួកគេទាំងពីរត្រូវបានប្រភពមួយរាយការណ៍ថា ពួកគេមានកិច្ចព្រមព្រៀងមុនអាពាហ៍ពិពាហ៍ថា បើសិនជា Timberlake ប្រព្រឹត្តអំពើក្បត់ចិត្ត នោះរូបនាងនឹងទទួលបានសំណង ៥សែនដុល្លារអាមេរិក។

គួរឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះមានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៨លានដុល្លារអាមេរិក។

តារាសម្តែងស្រី នាង Jessica Biel និងតារាចម្រៀងលោក Justin Timberlake

តារាសម្តែង Nicole Kidman និងតារាចម្រៀង Keith Urban មានកិច្ចព្រមព្រៀងជាមួយគ្នាថា បើសិនជាភាគីខាងណាមួយប្រើប្រាស់ថ្នាំញៀន និងក្លាយជាមនុស្សប្រមឹក នោះភាគីម្ខាងទៀតនឹងទទួលបានសំណងចំនួន ៦សែនដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេលដែលពួកគេនឹងរស់នៅជាមួយគ្នា។

គួរឲ្យដឹងថាពួកគេមានទ្រព្យសម្បត្តិសរុបប្រមាណ ២០៥លានដុល្លារអាមេរិក។

តារាសម្តែង Nicole Kidman និងតារាចម្រៀង Keith Urban

តារាចម្រៀង Jay-Z និង Beyonce ត្រូវបានប្រភពរាយការណ៍ឲ្យដឹងថា ពួកគេមានកិច្ចព្រមព្រៀងមុនអាពាហ៍ពិពាហ៍ដូច្នេះថា  រាល់ពេលពួកគេមានកូនជាមួយគ្នា នោះរូបនាងជាប្រពន្ធត្រូវតែទទួលបាន ៥លានដុល្លារអាមេរិកសម្រាប់កូនម្នាក់។ បន្ថែមពីនេះទៀត នាងនឹងទទួលបាន ១០លានដុល្លារអាមេរិក បើសិនជាចំណងអាពាហ៍ពិពាហ៍ត្រូវបញ្ចប់មុនរយៈពេល២ឆ្នាំ។ លើសពីនេះ នាងនឹងទទួលបាន១លានដុល្លារអាមេរិករៀងរាល់ឆ្នាំ បើសិនជាអាចរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យនៅស្ថិតស្ថេរ ក្នុងរយៈពេលកំណត់ ១៥ឆ្នាំ។ ពួកគេក៏មានកិច្ចព្រមព្រៀងក្រោយអាពាហ៍ពិពាហ៍ផងដែរថា ទ្រព្យសម្បត្តិទាំងអស់ត្រូវចែកជាពីរចំណែក បូកជាមួយមូលនិធិមួយទៀតសម្រាប់ផ្គត់ផ្គង់កូនៗរបស់ពួកគេ។

គួរឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះមានទ្រព្យសម្បត្តិសរុបប្រមាណ ១.១៦ពាន់លានដុល្លារអាមេរិក៕ 

តារាចម្រៀង Jay-Z និង Beyonce

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]