ម៉ាឡេស៊ី៖ លោក Carlos Phang គឺជាពលរដ្ឋម៉ាឡេស៊ីម្នាក់ដែលមានចិត្តសម្បុរស និងមានមុខមាត់ស្រស់សង្ហារគួរឲ្យចង់រាប់អាន។ តែលោកត្រូវបានគេចាត់ទុកថាគឺជាបុរសម្នាក់ដែលតែងតែចូលចិត្តជក់បារីដោយមិនខ្វាយខ្វល់អំពីប្រាក់ចំណាយទៅលើថ្លៃបារី ហើយនិងសុខភាពឡើយ។ 

ស្របពេលនៃការលើកឡើងពីមនុស្សម្នាមួយចំនួន Carlos Phang ក៏បានទទួលស្គាល់ខ្លួនឯងផងដែរថា លោកបានញៀននឹងការជក់បារីអស់រយៈពេលប្រហែលជា ១០ឆ្នាំ មកហើយ ដោយក្នុងមួយថ្ងៃលោកជក់រហូតដល់ ៣០ដើមឯណោះ។ លោកក៏បានបន្ថែមទៀតថា ប្រសិនបើខ្ញុំសន្សំលុយដែលចំណាយលើថ្លៃបារីទាំងអស់នោះ ខ្ញុំប្រហែលជាអាចទិញឡានថ្មី ឬក៏ផ្ទះមួយយ៉ាងស្រស់ស្អាត។

រូបភាពរបស់លោក Carlos Phang

ថ្ងៃមួយលោកស្រាប់តែមានគំនិតមួយថា លោកចង់ឈប់ជក់បារី ព្រោះតែលោកស្តាយលុយដែលចំណាយទៅលើថ្លៃបារីណាស់។ ម្យ៉ាងវិញទៀត លោកក៏មានចិត្តប្រតិព័ទ្ធលើទូរស័ព្ទ iPhone 8 plus ផងដែរ។

បន្ទាប់ពី Carlos Phang មានគំនិតនេះហើយ លោកក៏បានសម្រេចចិត្តបញ្ឈប់ការជក់បារី។ នៅក្នុងការចាប់ផ្តើមរយៈពេល ៣ថ្ងៃដំបូង វាពិតជាលំបាកណាស់សម្រាប់លោក ដូចជា ទឹកសំបោរថ្លាៗហៀរចេញពីច្រមុះ, គេងមិនលក់, រមាស់ក, ហើយនិងមានអារម្មណ៍រសាប់រសល់ជាខ្លាំង ដែលជាហេតុធ្វើឲ្យលោកមិនអាចធ្វើការបានពេញលេញនោះទេ។ ក៏ប៉ុន្តែ Carlos Phang ជឿជាក់ថា អាការទាំងអស់នេះគឺវាកើតឡើងព្រោះតែសមាសធាតុនៅក្នុងរាងកាយរបស់លោកបណ្ដេញចេញនូវជាតិពុលដែលកើតឡើងពីការជក់បារីតែប៉ុណ្ណោះ វានឹងបានប្រសើរឡើងក្នុងពេលឆាប់ៗនេះជាមិនខាន។

ចំនួនលុយដែលលោកសន្សំបាន ហើយយកទៅទិញទូរស័ព្ទ iPhone 8 Plus

បន្ទាប់ពីលោកបានព្យាយាមជំនះនូវភាពលំបាកនៅក្នុងខ្លួនទាំងអស់នេះបានហើយ ទីបំផុត Carlos Phang ក៏អាចផ្តាច់ការជក់បារីបានយ៉ាងមានប្រសិទ្ធភាពមែន។ ហើយលោកក៏សន្សំលុយដែលលោកធ្លាប់ចំណាយទៅលើការទិញបារីនោះរយៈពេលត្រឹមតែ ៦ខែ លោកសល់លុយរហូតដល់ជាង ១ ១៥១ដុល្លារអាមេរិក ដែលសមល្មមជាមួយនឹងតម្លៃនៃទូរស័ព្ទ iPhone 8 plus ដែលទើបតែដាក់ចេញ។

ចំនួនលុយដែលលោកសន្សំបានពីការឈប់ជក់បារី

ក្រោយពីទទួលបានភាពជោគជ័យមួយនេះភ្លាម លោកក៏បានពន្លយនូវពាក្យអប់រំមួយចំនួនដល់អ្នកជក់បារីថា៖

តើអ្នកច្បាស់ក្នុងចិត្តទេថា ការជក់បារីអាចធ្វើឲ្យអ្នកកាត់បន្ថយជំងឺស្ត្រេស? ឈប់កុហកខ្លួនឯងទៀតទៅ ទាំងអស់នេះវាសុទ្ធតែជាទម្លាប់អាក្រក់ដែលអ្នកមិនអាចគ្រប់គ្រងខ្លួនឯងទេ។ ប្រសិនជាអ្នកចង់ឈប់ អ្នកគ្រាន់តែមានការតាំងចិត្តឲ្យមុតមាំ នោះអ្នកនឹងអាចបញ្ឈប់វាបានហើយ។

លោកក៏បានបន្ថែមនូវពាក្យប៉ុន្មានម៉ាត់ទៀតថា៖

មនុស្សមួយចំនួនចង់ឈប់ជក់បារី តែពួកគេមិនដែលធ្វើសកម្មភាពអ្វីដើម្បីបញ្ឈប់វាសោះ តើពួកគេអាចឈប់បានទេ? អ្វីដែលខ្ញុំនិយាយនេះវាមិនមែនជាការតិះដៀលដល់ពួកគេនោះទេ ក៏ប៉ុន្តែ ប្រសិនបើពួកគេមិនបញ្ឈប់ដោយខ្លួនឯង តើគេរងចាំរហូតដល់គ្រូពេទ្យប្រាប់គេថា បើអ្នកមិនឈប់ជក់បារីទេ អ្នកនឹងស្លាប់។
ឈ្មោះបារីដែលលោកប្រើប្រាស់

ជាចុងក្រោយ លោកក៏បាននិយាយទាំងភាពជឿជាក់ថា វាមិនហួសពេលទេ ប្រសិនបើអ្នកចង់ឈប់ជក់បារី។ អ្វីដែលសំខាន់នោះ គឺអ្នកត្រូវមានការប្តេជ្ញាចិត្តឲ្យមុតមាំថា អ្នកនឹងឈប់!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]